Khmer First Close

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅស្រុកអង្គស្នួល ខេត្តកណ្តាល

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1162
ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅស្រុកអង្គស្នួល ខេត្តកណ្តាល ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅស្រុកអង្គស្នួល ខេត្តកណ្តាល

(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ១៨,២៥៥នាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានអញ្ជើញជួបសំណេះសំណាលជាមួយ​កម្មករ កម្មការិនីនៅស្រុកអង្គស្នួលចំនួន៣លើករួចមកហើយកាល​ពីឆ្នាំ​២០១៨ និង២០១៩។

លោក អ៉ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យ​ដឹងថា រោងចក្រ សហគ្រាសទាំង១១ ដែលអនុញ្ញាត​ឱ្យ​កម្មករ កម្មការិនីជួបសំណេះសំណាលនឹងសម្តេចតេជោនេះ ជាប្រភេទរោង​ចក្រកាត់​ដេរ​សម្លៀកបំពាក់​ចំនួន៤, ផលិតផលធ្វើដំណើរ និងកាបូបចំនួន៣, បោះពុម្ពលើសម្លៀកបំពាក់ចំនួន២ និងដេរស្បែកជើងចំនួន២។ ផលិត​ផលរបស់​រោងចក្រ​ទាំង​នេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសសហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក ប្រទេសចិន និងប្រទេសអូស្ត្រាលី។ល។

ការប្រឹងប្រែងស្វែងរកការងារជូនប្រជាពលរដ្ឋ ជាគោលនយោបាយដ៏ចាំបាច់មួយ​របស់​រាជរដ្ឋាភិបាលកម្ពុជា។ ក្រៅតែពីរកការងារជូនប្រជាពលរដ្ឋហើយនោះ រាជរដ្ឋាភិបាល ក៏នៅគិតថែមទៀតថា តើត្រូវធ្វើបែបណា ដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ ដែលទៅធ្វើការងារឆ្ងាយផ្ទះ?

ផ្តើមចេញពីហេតុផលនេះហើយ ទើបនៅឆ្នាំ១៩៩៩ សម្តេចតេជោ ហ៊ុន សែន បាន​ដាក់​ចេញ​គោលនយោបាយពង្រាយរោងចក្រចុះទៅតាមខេត្ត ដើម្បីផ្តល់ការងារនៅ​ជិត​ផ្ទះរបស់ប្រជាពលរដ្ឋ។

ខេត្តកណ្តាល គឺជាខេត្តមួយ ដែលកំពុងទទួលនូវមនុញ្ញផលពីគោលនយោបាយ ពង្រាយរោងចក្រ សហគ្រាសតាមបណ្តាខេត្តពីរាជរដ្ឋាភិបាល។ នៅឆ្នាំ២០២៣នេះ ខេត្តកណ្តាល មានរោងចក្រ សហគ្រាសចំនួន៤៨៣ មានកម្មករ​និយោ​ជិត ជាង ១៥ម៉ឺន ៣ពាន់​នាក់ ទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រមាណ ៤៧៣លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់​ដេរ​ចំនួន១៧១ មានកម្មករនិយោជិត​សរុបជាង ១៣ម៉ឺន ២ពាន់នាក់ ទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រមាណជិត ៤១២លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ខេត្តកណ្តាល ជាខេត្តទី៣ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន

សូមរំលឹកថា កាលពីឆ្នាំ២០១៧ សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់កម្មវិធីចុះ​ជួប​សំណេះសំណាលជាមួយកម្មករ កម្មការិនីតាមរោងចក្រ សហគ្រាសនានានៅទូទាំង​ប្រទេស។ ការចុះជួបដោយផ្ទាល់ជាមួយកម្មករ កម្មការិនីតាមរោងចក្រ សហគ្រាស​នេះ សម្តេចតេជោ មានគោលដៅស្វែងយល់ពីសុខទុក្ខរបស់កម្មករ កម្មការិនី ហើយ​ឆ្លើយតបនូវតម្រូវការរបស់ពួកគេ។ គោលដៅពិសេសនោះ សម្តេចតេជោ ចង់បង្កើតឱ្យ​មានភាពសុខដុមនៅតាមរោងចក្រ សហគ្រាសតែម្តង ដើម្បីធានាភាពប្រសើរនៃច្រវាក់​ផ​​លិតកម្មកាត់ដេរ និងវេយណភណ្ឌនៅកម្ពុជា។

ដំណើរចុះជួបកម្មករ កម្មការិនីជុំទី១ ចាប់តាំងពីថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០​១៧ ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ សម្តេចតេជោ បានជួប​សំណេះសំណាល​ជាមួយកម្មករ និយោជិតចំនួន ៧៧លើក ដែលមានកម្មករនិយោជិត​ចំនួន​ប្រមាណ ១លាននាក់។

ជំនួបក្នុងជុំទី១ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍គន្លឹះ ១០ចំណុច ដែល​បានសម្រួលដល់បរិយាកាសវិនិយោគ, ផ្តល់នូវការលើកកម្ពស់សិទ្ធិ អត្ថប្រយោ​ជ​ន៍ និងកិច្ចគាំពារសង្គមយ៉ាងច្រើនដល់បងប្អូនកម្មករនិយោជិត ហើយដែលក្រសួង​ការ​ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងសហការជាមួយក្រសួង ស្ថាប័នអនុវត្ត​បានជោគជ័យ។

បន្ទាប់ពីបានខកខានជាច្រើនឆ្នាំដោយសារការរាតត្បាតនៃជំងឺកូវីដ១៩នោះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញកម្មវិធីចុះជួបកម្មករ កម្មការិនីជុំទី២ ដោយចាប់ផ្តើមនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣កន្លងទៅនេះ។

ជំនួបព្រឹកថ្ងៃនេះ គឺជាជំនួបលើកទី១៨ហើយ សម្រាប់ជុំទី២នេះ។ ជំនួប ១៨លើកនេះ មានកម្មករ និយោជិតសរុប​​ប្រមាណ ៣៣ម៉ឺន ៣ពាន់នាក់។ សម្តេចតេជោ គ្រោងជួបចំនួន ១លើកទៀត ដែល​នឹង​ជួបកម្មករ និយោជិតសរុបប្រមាណ ៧ពាន់នាក់ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។

ក្នុងជំនួបជាមួយកម្មករ កម្មការិនីជុំទី២ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ សម្ដេច​តេជោ បានប្រកាសអនុវត្តកម្មវិធីចាស់ សកម្មភាពថ្មី និងបន្ថែមវិសាល​ភាព​ដល់​កម្ម​ការិនី ដែលមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ។

ឧស្សាហកម្មកាត់ដេរ គឺជាចំណែកមួយដ៏សំខាន់ជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ និង​ផ្តល់​ការងារជូនប្រជាពលរដ្ឋ។ ក្រោមគោលនយោបាយប្រកបដោយសក្តានុពល​របស់​រាជ​រដ្ឋាភិបាល បានធ្វើឱ្យឧស្សាហកម្មកាត់ដេរមានកំណើនជាបន្តបន្ទាប់។

របាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅឆ្នាំ១៩៩៧ រោងចក្រ សហគ្រាសវិស័យកាត់ដេរនៅកម្ពុជា មានចំនួនត្រឹមតែ៦៤ មានកម្មករ និយោជិតប្រមាណ ៨ម៉ឺននាក់ ការនាំចេញមានចំនួនប្រមាណ ២២៧លានដុល្លារអាមេរិកប៉ុណ្ណោះ។

នៅឆ្នាំ២០២៣ រោងចក្រ សហគ្រាសក្នុងវិស័យកាត់ដេរ បានកើនដល់ចំនួន១,៣២៦ មានកម្មករ និយោជិតប្រមាណ ៨៤ម៉ឺននាក់ (ស្រី ៦៦ម៉ឺននាក់)។ ការនាំចេញមាន​រហូត​ដល់​ទៅ ១៣ពាន់លានដុល្លារអាមេរិក។ តាមរយៈការងារក្នុងវិស័យកាត់ដេរនេះ បានធ្វើឱ្យប្រជាពលរដ្ឋធានាបាននូវប្រាក់ចំណូលប្រចាំខែ និងមានជីវភាពកាន់តែល្អប្រសើរ៕

 

អត្ថបទទាក់ទង