Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងបើកដំណើរការ ចាប់ពីថ្ងៃទី១៦ ខែតុលា តទៅ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣ បច្ចេកវិទ្យា 1629
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងបើកដំណើរការ ចាប់ពីថ្ងៃទី១៦ ខែតុលា តទៅ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងបើកដំណើរការ ចាប់ពីថ្ងៃទី១៦ ខែតុលា តទៅ

 

រដ្ឋលេខាធិការដា្ឋនអាកាសចរស៊ីវិលបានប្រកាសថា ការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងបើកដំណើរជាផ្លូវការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះហើយ ចំណែកប្រតិបត្តិករប្រកបរបរអាជីវកម្មដឹកជញ្ជូនតាមផ្លូវអាកាសជាតិ អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ ត្រូវចាប់ផ្តើមទំនាក់ទំនងចាប់ពីពេលនេះតទៅ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលទើបទទួលបាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣នេះ។

យោងតាមរដ្ឋលេខាធិការដា្ឋនអាកាសចរស៊ីវិល បានបញ្ជាក់ថា អាកាសយានដ្ឋានថ្មី ដែលមានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់ឈ្មោះជាផ្លូវការថា “អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(Siem Reap Angkor International Airport)”។ អាកាសចរស៊ីវិលថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នេះ បានទទួលលេខកូដជាផ្លូវការពីសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA Code) ដែលមានបីតួអក្សរឡាតាំង SAI និងពីអង្គការអាកាសចរស៊ីវិលអន្តរជាតិ (ICAO Code) ដែលមានបួនតួអក្សរឡាតាំង VDSA។

អាកាសចរស៊ីវិលបានបញ្ជាក់ថា គ្រប់ជើងហោះហើរអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស ដែលកំពុងប្រតិបត្តិការហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបបច្ចុប្បន្ន នឹងធ្វើការរៀបចំផ្ទេរទាំងស្រុង និងតែមួយលើកគត់ ទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចាប់ពីម៉ោង ០០៖០០ នាទី (ម៉ោងនៅកម្ពុជា) នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។ ដោយឡែក អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងរៀបចំជើងហោះហើរសាកល្បងមួយចំនួនតាមការចាំបាច់ ដែលមិនមានលក្ខណៈពាណិជ្ជកម្ម និងមិនរកប្រាក់ចំណេញ នៅចន្លោះពីថ្ងៃទី៥ ដល់ថ្ងៃទី១៥ តុលា ឆ្នាំ២០២៣។

សូមបញ្ជាក់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានចំណតសម្រាប់ចតអាកាសយានចំនួន៣៨ ចំណត និងអាចទទួលអ្នកដំណើរបាន៧លាននាក់ក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ២០២៣ និងឈានទៅទទួលអ្នកដំណើរបាន១២លាននាក់ក្នុងមួយឆ្នាំចាប់ពី២០៤០។ ព្រមទាំងអាចផ្ទុកទំនិញតាមផ្លូវអាកាសចំនួន១០ ០០០តោនក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២៣ និង២៦ ០០០ តោនក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០ ព្រមទាំងអាចទទួលជើងហោះហើរបានពី៦៥ ៨០០ជើងក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៣ ទៅ១១២ ៧០០ ជើងក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០៕