Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

គ.ជ.ប នឹងរៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី១៤-១៥ ខែសីហា

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃពុធ ទី៩ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ 3222
គ.ជ.ប នឹងរៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី១៤-១៥ ខែសីហា គ.ជ.ប នឹងរៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី១៤-១៥ ខែសីហា

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ រយៈពេល ២ថ្ងៃ នៅថ្ងៃទី១៤-១៥ ខែសីហា ឆ្នាំ២០២៣ នៅសាលមហាស្របស្ទឹងសង្កែ ដែលស្ថិតនៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ពិធីអង្គសន្និបាតប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប។

ឯកឧត្តម សោម សូរីដា (រូបឯកសារ)
ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានមានប្រសាសន៍ប្រាប់ AMS នៅព្រឹកថ្ងៃទី៩ ខែសីហានេះថា សន្និបាតបូកសរុបការងារបបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ រយៈពេល២ថ្ងៃ មានរបៀបវារៈសំខាន់ៗមួយចំនួនដូចជា ៖ ១.របាយការណ៍សង្ខេបស្តីពីលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ ២.ការពិភាក្សាជាក្រុម ដើម្បីពិភាក្សាទៅលើប្រធានបទចំនួន៥ ៖ ១.ការរៀបចំបញ្ជីបោះឆ្នោត ២.ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ៣.ដំណើរការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ៤.ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត និងទី៥.ការបណ្តុះបណ្តាល និងអប់រំសាធារណៈជន។

ឯកឧត្តមបានបន្តថា នៅក្នុងសន្និបាតនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នឹងថ្លែងសន្ទរកថាបិទសន្និបាត ហើយក៏អាចនឹងមានបទអន្តរាគមន៍របស់គណបក្សនយោបាយ និងអ្នកសង្កេតការណ៍បោះឆ្នោតផងដែរ។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺបានដំណើរដោយរលូន សន្តិសុខ សណ្តាប់សាធារណៈល្អ មិនមានការគំរាមកំហែង និងគ្មានអំពើហិង្សាកើតឡើងនោះទេ និងបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធមម៌៕