Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

លិខិតមិត្តអ្នកអាន៖ « បើចង់បានប្រជាធិបតេយ្យនៅកម្ពុជា ត្រូវចេះសម្អាតផ្ទះខ្លួនឯងសិន »

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ 3753
លិខិតមិត្តអ្នកអាន៖ « បើចង់បានប្រជាធិបតេយ្យនៅកម្ពុជា ត្រូវចេះសម្អាតផ្ទះខ្លួនឯងសិន » លិខិតមិត្តអ្នកអាន៖ « បើចង់បានប្រជាធិបតេយ្យនៅកម្ពុជា ត្រូវចេះសម្អាតផ្ទះខ្លួនឯងសិន »

ភាសាគ្រោតគ្រាតនេះ បង្កប់នូវសារសំខាន់២ ។ សារទី១ គឺចង់និយាយអំពីភាពចាំបាច់នៃ ចំណេះដឹងមូលដ្ឋានរបស់ពលរដ្ឋ ។ លទ្ធិប្រជាធិបតេយ្យ គឺផ្តោតលើការគ្រប់គ្រងនិងការសម្រេចចិត្តដែលផ្អែកលើសំឡេងភាគច្រើន ។ យ៉ាងណាក្តី សំឡេងភាគច្រើនមិនមែន សុទ្ធតែល្អ និងត្រឹមត្រូវទាំងស្រុងនោះទេ ។ ចុះបើប្រជាពលរដ្ឋចង់បបួលគ្នាទៅធ្វើ សង្គ្រាមដណ្តើមកម្ពុជាក្រោមមកវិញ ? ចុះបើសង្គមភាគច្រើនងាយឆេះនឹងមនោគមន៍ វិជ្ជារើសអើងវណ្ណៈ និងកម្ទេចអ្នកមានចោលដូចមនោគមន៍វិជ្ជា ប៉ុល ពត ? គំនិតទាំងនេះ គឺសុទ្ធតែអាចទទួលបានសំឡេងភាគច្រើនតាមរយៈនយោបាយប្រជាភិថុត និង នយោបាយជ្រុលនិយម ប៉ុន្តែ សំឡេងភាគច្រើនទាំងនេះ មិនមែនជាការសម្រេចដ៏ត្រឹមត្រូវសម្រាប់ឧត្តមប្រយោជន៍ជាតិទេ ។

ពេលខ្លះ យើងអាចគិតថា ឱ្យតែមានប្រជាធិបតេយ្យ សង្គមនឹងធ្វើការសម្រេចចិត្តត្រូវ។ ឱ្យតែមានប្រជាធិបតេយ្យ ប្រជាជន គឺសុទ្ធតែសម្រេចចិត្តត្រឹមត្រូវ និងប្រកបដោយសុភ វិនិច្ឆ័យ ហើយមនុស្សទាំងអស់សុទ្ធតែមានវិចារណញ្ញាណ ចេះវិភាគរកហេតុផល មុននឹង ធ្វើការសម្រេចចិត្ត ដែលនឹងផ្តល់ផលប្រយោជន៍ដល់ជាតិ ។ ប៉ុន្តែ សម្មតិកម្មបែបនេះ គឺមិនត្រូឹមត្រូវឡើយប្រសិនបើពលរដ្ឋពុំមានចំណេះដឹងមូលដ្ឋានក្នុងការវែកញែករវាងខុស និងត្រូវហើយមិនអាចបែងចែកបានថា អ្វីដែលជាការវិនិច្ឆ័យដែលប្រើអារម្មណ៍និងអ្វីដែលប្រើហេតុផល ។ សូមកុំភ្លេចថារបប ប៉ុល ពត ក៏មានសំឡេងគាំទ្រពីប្រជាជនភាគច្រើនដែរ ។ ប្រជាធិបតេយ្យដែលមានការគាំទ្រដោយប្រជាជនភាគច្រើនដែលពុំមាន ចំណេះដឹងមូលដ្ឋានមានតែកំហឹងវណ្ណៈដូចសម័យប៉ុលពត គឺមានគ្រោះថ្នាក់ខ្លាំងណាស់ ។
របប ហ៊ី ត្លែរ ក៏សុទ្ធតែមានការគាំទ្រលើសលប់ពីប្រជាជនអាល្លឺម៉ង់ដែរ ។ ប្រជាជន អាល្លឺម៉ងមានចំណេះដឹងមូលដ្ឋានខ្ពស់រួចហើយ ប៉ុន្តែ ពួកគាត់ពោរពេញទៅដោយកំហឹង និងមានមនោសញ្ចេតនាជាតិនិយមជ្រុល ។ ជាលទ្ធផលសម័យ ហ៊ីត្លែរ ក៏បង្កវិនាសកម្ម ដល់មនុស្សជាតិ និងពិភពលោកជាច្រើនរាប់មិនអស់ដែរ ។

ចំណែក លទ្ធិប្រជាធិបតេយ្យរបស់ក្រិកសម័យបុរាណ ដែលពួកអឺរ៉ុបតែងតែអួតថា ជា ប្រភពដើមនៃលទ្ធិប្រជាធិបតេយ្យនោះ តាមពិតគឺជាសង្គមដែលដឹកនាំដោយជនជាតិ ក្រិ ក ១ក្តាប់តូច ប៉ុន្តែ នៅពីក្រោមសង្គមរបស់ពួកគេវិញ គឺជាសង្គមដែលមានប្រព័ន្ធទាសករ ដែលត្រូវគេជិះជាន់កេងប្រវ័ញ្ច ។ សង្គមប្រជាធិបតេយ្យ បែបនេះ ក៏មិនមែនជាសង្គម ស្អាតស្អំដែរ ។ នៅប្រទេស អ៊ីរ៉ាក់ ប្រជាពលរដ្ឋរាប់លាននាក់បានស្លាប់ បន្ទាប់ពីជោគជ័យ នៃការផ្លាស់ប្តូរដើម្បីលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែប្រទេសអ៊ីរ៉ាក់នៅពុំទាន់មានប្រជាធិបតេយ្យនៅឡើយទេ ។ រឹតតែអាក្រក់ជាងហ្នឹងទៅទៀតនោះ គឺប្រទេសនេះ ក៏ប្រហែលជាកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់បរទេសដោយពួកគេគ្មានសិទ្ធិអធិបតេយ្យ ក្នុងការគ្រប់គ្រងធនធានរ៉ែប្រេងរបស់ប្រទេសខ្លួនឯងឡើយ ។

នៅប្រទេសប្រជាធិបតេយ្យខ្លះសិទ្ធិកាន់កាំភ្លើងត្រូវបានគេលើកស្ទួយថា ជានិមិត្តរូប នៃ ការការពារ សិទ្ធិសេរីភាពរបស់ប្រជាជន ។ ប៉ុន្តែ ប្រសិនបើកាំភ្លើងត្រូវបានគ្រប់គ្រង ដោយពលរដ្ឋដែលមិនមានការអប់រំពីកាតព្វកិច្ចក្នុងការគោរពសិទ្ធិរបស់អ្នកដទៃ មិនយល់ ពីកាតព្វកិច្ចក្នុងការចូលរួមការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ហើយផ្គើននិង មិនស្តាប់បង្គាប់អាជ្ញាធរសាធារណៈ វាអាចបង្កើតគ្រោះមហន្តរាយដល់សង្គមទៅវិញ ។

ប្រសិនបើកាំភ្លើងត្រូវបានគ្រប់គ្រងដោយមនុស្សឆ្កួត ហើយពួកគេដើរបាញ់កុមារនៅតាមដងផ្លូវ តាមសាលារៀន ប៉ុន្តែសង្គមប្រជាធិបតេយ្យបែរជាមិនអាចដកហូតសិទ្ធិកាន់កាប់កាំភ្លើងបាន ព្រោះថាសិទ្ធិកាន់កាំភ្លើងបានក្លាយជានិមិត្តរូបដ៏ពិសិដ្ឋនៃសេរីភាព និង លទ្ធិប្រជាធិបតេយ្យ ដូច្នេះ យើងមិនគួរត្រូវការប្រជាធិបតេយ្យបែបនេះទេ ។ នេះ ជា ឧទាហរណ៍ ជាក់ស្តែងបំផុតមួយដែលបង្ហាញថា លទ្ធិប្រជាធិបតេយ្យមិនមែនជាថ្នាំទិព្វ ដែលអាចព្យាបាលជំងឺសង្គមបានដោយស្វ័យប្រវត្តិទេ ។ លទ្ធិប្រជាធិបតេយ្យ គឺ អាស្រ័យយ៉ាងខ្លាំងទៅលើកម្រិតរបស់ប្រជាជន ប្រព័ន្ធសង្គម និងតម្លៃសង្គមរបស់ ប្រទេសនីមួយៗ ហើយក៏មិនមានលទ្ធិប្រជាធិបតេយ្យស្តង់ដាតែមួយដែលតម្រូវឱ្យត្រូវ គ្រប់ប្រទេសនោះដែរ ។ ប្រសិនបើសង្គមអាមេរិកឱ្យតម្លៃលើសិទ្ធិកាន់កាំភ្លើង ជាជាង សិទ្ធិរស់រានមានជីវិតរបស់កុមារ នោះ វាគឺជាសិទ្ធិស្វ័យសម្រេចរបស់អាមេរិកក្នុងមាគ៌ាប្រជាធិបតេយ្យរបស់ខ្លួន ប៉ុន្តែច្បាស់ណាស់ ថា កម្ពុជានឹងមិនជ្រើសយកលទ្ធិប្រជាធិបតេយ្យបែបនេះទេ ។

នៅពេលដែលប្រជាធិបតេយ្យកញ្ជ្រោកនៅក្នុងប្រទេសដែលពលរដ្ឋមិនមានការអប់រំ មូលដ្ឋានពលរដ្ឋអាចនឹងត្រូវគេពង្វក់ទៅទិសណាក៏បាន ៖ ទៅកម្ទេចវៀតណាមដើម្បី ដណ្តើមកម្ពុជាក្រោមមកវិញ , ទៅកម្ទេចជនជាតិចាម ចិន វៀតណាម , ឬទៅកម្ទេចពួក អ្នកមាន អ្នកទីក្រុង និងកម្ទេចបញ្ញវន្ត កម្ទេចមន្ត្រីរាជការ , កម្ទេចសាសនាចោលទាំងអស់ ក៏បាន ។ នេះ មិនមែនជាសង្គមប្រជាធិបតេយ្យដែលយើងចង់បានទេ ។

ដូច្នេះហើយកត្តាអប់រំសមត្ថភាពវិនិច្ឆ័យការចេះ អាន ចេះសរសេរ ចំណេះដឹងមូលដ្ឋាន បូករួមទាំងសីលធម៌ ការចេះគោរពអ្នកដទៃ និងស្គាល់ភាពថ្លៃថ្នូរ គឺមានភាពចាំបាច់ សម្រាប់ពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ ដើម្បីធានាថា ប្រជាធិបតេយ្យដែលយើងចង់បាននោះ វាបម្រើឱ្យសន្តិភាព និងភាពសុខដុមក្នុងសង្គម ។សារសំខាន់ ទី២ គឺចង់និយាយថា ដើម្បីទ្រទ្រង់ប្រជាធិបតេយ្យស្អាតស្អំបានទាល់តែ ពលរដ្ឋចេះស្គាល់សិទ្ធិនិងកាតព្វកិច្ចព្រមគ្នា ។ ទាល់តែពលរដ្ឋចេះទទួលខុសត្រូវចំពោះ ខ្លួនឯង និងចំពោះប្រទេសជាតិដែរ ។ ប្រជាជនភាគច្រើនស្គាល់តែសិទ្ធិទេ ចេះតែ ទាមទារសិទ្ធិទេ ប៉ុន្តែ មិនដែលគិតពីកាតព្វកិច្ចរបស់ពលរដ្ឋនោះទេ ។

ប្រជាពលរដ្ឋ ខ្លះទាមទារសិទ្ធិខ្លាំងហួសហេតុ ប៉ុន្តែ មិនដែលយកភ្នែកមើលសម្អាត អនាម័យនៅផ្ទះខ្លួនឯង ។ នេះ បានន័យថា គាត់គ្មានចំណេះដឹងជាមូលដ្ឋានទាក់ទងនឹង អនាម័យ ហើយគាត់គ្មានការទទួលខុសត្រូវចំពោះសុខភាពផ្ទាល់ខ្លួនរបស់គាត់ និងក្រុមគ្រួសាររបស់គាត់ទេ ។ គាត់បំពេញកាតព្វកិច្ចសាមញ្ញក្នុងផ្ទះរបស់គាត់មិនបានផង ប៉ុន្តែ គាត់ស្រែកក្តែ ងៗ ថា ស្រឡាញ់ជាតិ ។ តាមពិតពលរដ្ឋម្នាក់ៗសុទ្ធតែមានភាពទទួលខុសត្រូវក្នុងការមើលថែខ្លួនឯង មិនមែន អ្វីៗត្រូវតែដាក់កំហុស តែលើសង្គមនោះទេ ។
សំរាមបោះចោលក្នុងលូ ក្នុងប្រឡាយ បោះចោលពាសវាល ពាសកាលក្នុងសួន សាធារណៈ ។ សំរាមមុខផ្ទះខ្លួនឯងមិនដែលបោសទេ ហើយអួតថា ស្រឡាញ់ទឹកដីកម្ពុជា ខ្លាំងណាស់ ។ ត្រឹមតែកាតព្វកិច្ចមូលដ្ឋានជាពលរដ្ឋបំពេញមិនបានផង ហើយបើផ្ទះ ខ្លួនឯងមិនចេះសម្អាតផង តើអាចអួតថា ខ្លួនស្រឡាញ់ទឹកដីខ្មែរដែរឬទេ ? ពលរដ្ឋក៏ត្រូវ ស្គាល់កាតព្វកិច្ចខ្លួន ទីពឹងខ្លួន ។ សូម្បីទ្រឹស្តីពុទ្ធសាសនាក៏អប់រំឱ្យខ្លួនទីពឹងខ្លួនដែរ ។
ការបង្រៀននេះ គឺដូចជាសម្ដីរបស់អតីតប្រធានាធិបតី ចន អេ ហ្វ ខេនេឌី របស់ អាមេរិក ដែលពោលថា « យើងមិនត្រូវសួរថា តើប្រទេសរបស់យើងអាចធ្វើអ្វីឱ្យយើងនោះទេ ។ យើងត្រូវសួរថា តើយើងអាចធ្វើអ្វីដើម្បីប្រទេសខ្លួនឯង » ។

យើងមិនមែនត្រូវតែផ្តេកផ្តួលលើរដ្ឋ ហើយឱ្យតែមានបញ្ហា គឺដាក់កំហុសតែលើរដ្ឋទាំងអស់នោះទេ ។ មិនដែលសួរថា ខ្លួនឯងបានធ្វើអ្វីខ្លះចំពោះសង្គម ។ រកឃើញតែកំហុស របស់សង្គម ប៉ុន្តែមិនដែលយកភ្នែកមើលកំហុសខ្លួនឯង ។

ដូច្នេះ និយាយសរុបមកវិញ លទ្ធិប្រជាធិបតេយ្យ មិនមែនជឿនលឿន រីកចម្រើន ដោយ ស្វ័យប្រវត្តិនោះទេ ។ ទាល់តែពលរដ្ឋនៃសង្គមប្រជាធិបតេយ្យនោះមានភាពជឿនលឿន និងចេះ អភិវឌ្ឍខ្លួនដែរ បាននាំឱ្យសង្គមនោះជឿនលឿន និងប្រកបដោយអរិយធម៌ខ្ពង់ខ្ពស់ ។
ភាពអវិជ្ជា អាចប្រែក្លាយលទ្ធិប្រជាធិបតេយ្យ ទៅជាបិសាចបំផ្លាញសង្គមបាន ។ លទ្ធិប្រជាធិបតេយ្យដែលត្រូវបានកសាងឡើងនៅក្នុងសង្គមដែលប្រជាពលរដ្ឋខ្វះការអប់រំត្រឹមត្រូវ រស់នៅក្នុងភាពក្រីក្រតោកយ៉ាក ជាមួយនឹងកំហឹងសងសឹកប្រឆាំងនឹងអ្នកមាន និង ការតាំងចិត្តតស៊ូប្រឆាំងវណ្ណៈ , សង្គម ដែលប្រជាជនមានមនោសញ្ចេតនាជាតិនិយម ជ្រុល , សង្គមដែលប្រជាជនខ្វះវិន័យ សីលធម៌ ខ្វះការគោរព អ្នកដទៃ និងសេចក្តីថ្លៃថ្នូរ , លទ្ធិប្រជាធិបតេយ្យបែបនេះ នឹងនាំឱ្យសង្គមនោះបរាជ័យ ហើយបំផ្លាញសង្គមនោះ ដោយឯកឯង ៕
ដោយ ស៊ឹម វីរៈ ទីប្រឹក្សាយុទ្ធសាស្ត្រនៃ វិទ្យាស្ថានចក្ខុវិស័យ អាស៊ី (AVI)

អត្ថបទទាក់ទង