Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ 3199
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី

ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសនេះ ឯកឧត្តម UENO Atsushi បានសម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាក្នុងអណត្តិកន្លងមក ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដែលបានសម្រេចនូវសុខសន្តិភាពជូនប្រជាជនកម្ពុជានិងការអភិវឌ្ឍគួរឱ្យកោតស្ញប់ស្ញែង។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូតក៏បានអបអរសាទរ និងបានសម្តែងនូវស្មារតីសុទិដ្ឋិនិយមថារាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខ នឹងបន្តធានាបាននូវសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍជូនប្រជាជនកម្ពុជា និងបានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរួមចំណែកគាំទ្រដល់កិច្ចខិត ខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ឯកឧត្តមឯកអគ្គរាជទូត បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា និង បានចាត់ទុកកម្ពុជាជាប្រទេសគំរូមួយពាក់ព័ន្ធនឹងការធ្វើបរិវត្តកម្មក្នុងប្រព័ន្ធទូទាត់ប្រាក់តាមប្រព័ន្ធធនាគារ។

ជាការឆ្លើយតប ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ឯកឧត្តមបានបន្តថា ជប៉ុនជាមិត្តដ៏ល្អ, ជិតស្និត និងស្មោះត្រង់របស់កម្ពុជា ក្នុងគ្រប់កាលៈទេសៈ​ និងបានធ្វើការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ ក្នុងវិស័យនយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គម បច្ចេកវិទ្យា និង ការអភិវឌ្ឍនានា នាពេលកន្លមកនេះ។ ឯកឧត្តមបានបន្តថា កម្ពុជា-ជប៉ុនមានចំណងទាក់ទងដ៏យូរលុង ហើយឆ្នាំ២០២៣ នេះ គឺជាខួបលើកទី៧០ ឆ្នាំ នៃចំណងការទូតរវាងប្រទេសយើងទាំងពីរ។ បច្ចុប្បន្ន, ទំនាក់ទំនង និងចំណងមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការនៃប្រទេស​ទាំងពីរ ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ហើយត្រូវបានដំឡើងកម្រិត ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ ឯកឧត្តម វង្សី វិស្សុត បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាលជប៉ុន​ និងប្រជាជនជប៉ុន ដែលបានចូលរួមចំណែកកសាង និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ចាប់តាំងពីដំណាក់កាលស្វែងរកសន្តិភាព រហូតដល់ដំណាក់កាលនៃការស្តារ និងអភិវឌ្ឍន៍កម្ពុជា។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកឡើងអំពីអាទិភាពសំខាន់ៗ នៃ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា ដែល ផ្តោតសំខាន់ទៅលើការអភិវឌ្ឍ​មូលធនមនុស្ស, ការបង្កើន​ប្រសិទ្ធភាពអភិបាលកិច្ច​ និងការលើកកម្ពស់សមត្ថភាពស្ថាប័នសាធារណៈឱ្យ​កាន់​​តែ​ប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជា និងធានាឱ្យ​បាននូវចីរ​ភាព​​នៃការ​​អភិវឌ្ឍ​​សង្គម​សេដ្ឋកិច្ច សំដៅឈានឆ្ពោះ​ទៅ​​សម្រេច​​មហិច្ឆតាក្លាយ​ជា​ប្រទេស​មានចំណូល​ខ្ពស់នៅ​​ឆ្នាំ២០៥០។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងអំពីលទ្ធភាពក្នុងការពង្រឹងសហការជាមួយរាជរដ្ឋាភិបាលជប៉ុនក្នុងការលើកកម្ពស់ប្រសិទ្ធភាពអភិបាលកិច្ច, ការកសាងស្ថាប័នសាធារណៈមួយដែលរឹងមាំនិងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងជាពិសេសការតាក់តែងច្បាប់ និងរៀបចំក្របខណ្ឌគតិយុត្តដែលមានសង្គតិភាព, ប្រសិទ្ធភាព, ងាយស្រួលក្នុងការអនុវត្ត និងព្រមទាំងគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ឯកឧត្តមឯកអគ្គរាជទូត ក៏បានកោតសរសើរចំពោះការរៀបចំ «យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១» ដែលជាឯកសារបង្ហាញផ្លូវយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា, ហើយបានបញ្ជាក់ថារាជរដ្ឋាភិបាលជប៉ុនមានឆន្ទៈមុតមាំក្នុងការគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រនេះឱ្យបានជោគជ័យ តាមរយៈការបន្សុំជាមួយនឹងធម្មនុញ្ញនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍ (Development Cooperation Charter) របស់ជប៉ុន។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូត ក៏មាននឹងពិនិត្យលទ្ធភាពក្នុងការផ្តល់ការគាំទ្រដល់ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងការតាមដាន និងវាយតម្លៃការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» និងមុខងារផ្សេងៗទៀតផងដែរ។
​ក្នុងជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និង ឯកឧត្តមឯកអគ្គរាជទូតជប៉ុន បានធ្វើការពិភាក្សា និងផ្លាស់ប្តូរមតិយោបល់ប្រកបដោយផ្លែផ្កា លើការពង្រឹង និង​ពង្រីកកិច្ច
សហ​​ប្រតិបត្តិការ ក្នុងវិស័យទូរគមនាគមន៍, ឌីជីថល, សុខភាពសាធារណៈ, ការអប់រំ, ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងឡូជីស្ទីក, ការអភិវឌ្ឍកំពង់ផែស្វ័យតក្រុងព្រះសីហនុ, ការធ្វើពាណិជ្ជកម្មតាមអេឡិចត្រូនិក ការអភិវឌ្ឍបច្ចេកវិទ្យា ៥G, និងបង្កើតមូលដ្ឋានគ្រប់គ្រងទិន្នន័យ និងកិច្ចដំណើរការនៃមជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (Cambodia-Japan Digital Manufacturing – CJDM) ព្រមទាំងការ ទាក់ទាញការវិនិយោគផ្ទាល់ពីជប៉ុនផងដែរ។

ជាទិសដៅទៅមុខ, ក្នុងបរិបទដែលសកលលោកកំពុងប្រឈមនឹងការប្រែប្រួលនៃនិម្មាបនកម្មសង្គម-សេដ្ឋកិច្ច និងភាពមិនច្បាស់លាស់នៃស្ថានភាពភូមិសាស្ត្រនយោបាយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ និង ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងនូវទំនុកចិត្តថាកម្ពុជា និងជប៉ុននឹងបន្តរឹតចំណងមិត្តភាពសម្រាប់ជាប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ ទោះបីជាក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ។ កម្ពុជា និង ​ជប៉ុន បន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គម និង ការអភិវឌ្ឍដើម្បីប្រយោជន៍ប្រទេសទាំងពីរ​។ ក្នុងស្មារតីនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានស្នើដល់ ឯកឧត្តមឯកអគ្គរាជទូត ពិនិត្យលទ្ធភាពរៀបចំកិច្ចសន្ទនាគោលនយោបាយ (Policy Dialogue) រវាងប្រទេសទាំងពីរ ដើម្បីកំណត់នូវគោលជំហររួមគ្នា (Common ground) ដើម្បីសម្រប និងបន្ស៊ីគ្នារវាងគោលនយោបាយកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ថ្មីរបស់ជប៉ុន ជាមួយនឹងគោលនយោបាយនិងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់កម្ពុជា ក្នុងគោលដៅធ្វើឱ្យកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងកម្ពុជា-ជប៉ុន កាន់តែរឹងមាំ, គ្រប់ជ្រុយជ្រោយ និងយូរអង្វែង សម្រាប់ជាប្រយោជន៍ដល់ប្រទេសទាំងពីរ។

ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងអំណរគុណជាថ្មីម្តងទៀតជូនចំពោះ ឯកឧត្តមឯកអគ្គរាជទូត និងរាជរដ្ឋាភិបាលជប៉ុន ជាពិសេសសម្រាប់ការផ្តល់ជំនួយដល់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) និងការគាំទ្រដល់ គម្រោងអាណត្តិកេរដំណែលរបស់មជ្ឈមណ្ឌល​តម្កល់ឯកសាច្បាប់ពាក់ព័ន្ធទៅនឹង អ.វ.ត.ក.។ ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងនូវស្មារតីរីករាយក្នុងការបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍប្រទេសកម្ពុជាឱ្យបានរីកចម្រើនថែមទៀត៕

អត្ថបទទាក់ទង