Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌នៃរាជរដ្ឋាភិបាលអាណត្តិទី៧

ដោយ៖ ម៉ក់ ម៉ារឌី ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ 3390
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌នៃរាជរដ្ឋាភិបាលអាណត្តិទី៧

នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី បានរៀបចំកិច្ចប្រជុំរបស់ក្រុមប្រឹក្សា សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពីសំណាក់ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធាន ក.ស.វ. ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកាអចិន្ត្រៃយ៍-មិនអចិន្ត្រៃយ៍ និងទីប្រឹក្សាជាន់ខ្ពស់ ទីប្រឹក្សាបច្ចេកទេសនៃ ក.ស.វ. និងមន្ត្រីអគ្គលេខាធិការដ្ឋាន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ ក.ស.វ. ក្នុងការបំពេញភារកិច្ចជាសេនាធិការរបស់ទីស្ដីការគណៈរដ្ឋមន្រ្ដី លើការសិក្សាស្រាវជ្រាវ និងផ្ដល់យោបល់ ជូនទីស្តីការគណៈរដ្ឋមន្រ្ដី និងរាជរដ្ឋាភិបាលក្នុងគោលដៅពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគោលយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិទាំងនោះឱ្យមានសង្គតិភាព និងឆ្លើយតបនឹងសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នាពេលកន្លង
មក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានមានប្រសាសន៍បន្ថែមថា កិច្ចប្រជុំនេះ មានគោលបំណងពិភាក្សា និងផ្លាស់ប្ដូរយោបល់ ដើម្បីពង្រឹងភាពជាអ្នកដឹកនាំ, បង្កើនប្រសិទ្ធភាពនៃប្រព័ន្ធការងារ និងការប្រើប្រាស់ធនធានមនុស្ស និងហិរញ្ញវត្ថុ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មការងាររបស់ ក.ស.វ. បន្ថែមទៀត ដើម្បីឱ្យស្របទៅតាមការវិវត្តនៃបរិកាណ៍នៃការអភិវឌ្ឍទាំងក្នុង និងក្រៅប្រទេស, ជាពិសេសលើកកម្ពស់កិត្តិនាម ក.ស.វ. ក្នុងនាមជាសេនាធិការររបស់ទីស្ដីការគណៈរដ្ឋមន្ត្រី។

ឯកឧត្តមឧបនាយករដ្ឋមន្រ្ដីប្រចាំការ បានគូសបញ្ជាក់ឡើងវិញជូនអង្គប្រជុំថា មុខងារនិងភារកិច្ចចម្បងរបស់ ក.ស.វ. រួមមាន ការងាររៀបចំរបាយការណ៍តាមដាន សិក្សាវិភាគស្ថានភាពសេដ្ឋកិច្ច សង្គម និងវប្បធម៌ និងការផ្តល់មតិយោបល់ជូនគណៈរដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលលើទិដ្ឋភាពបច្ចេកទេស នៃគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងទៀត និងការធ្វើការស្រាវជ្រាវសម្រាប់ផ្ដល់ជាធាតុចូលក្នុងការរៀបចំគោលនយោបាយ ឬអនុវត្តកិច្ចការនានា (Applied Research)។ល។

ក្នុងបរិការណ៍នៃការរីកចម្រើនរបស់កម្ពុជាឈានឆ្ពោះទៅសម្រេចបាននូវឋានៈជា ប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់២០៥០, ឯកឧត្តមឧបនាយករដ្ឋមន្រ្ដីប្រចាំការ បានសង្កត់ធ្ងន់លើអាទិភាពជាចម្បងលើការបន្ដពង្រឹងសមត្ថភាពស្ថាប័ន ទាំងកម្រិតថ្នាក់ដឹកនាំ និងបច្ចេកទេស និងក្នុងការបំពេញមុខងារ និងភារកិច្ចនានា ដែលរាជរដ្ឋាភិបាលប្រគល់ឱ្យ ប្រកបដោយគុណភាព ដើម្បីចូលរួមចំណែកក្នុងការអនុវត្ត យុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ឱ្យសម្រេចបានសមិទ្ធផលល្អប្រសើរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដីប្រចាំការ បានដាក់ចេញនូវការណែនាំ តម្រង់ទិសដៅ និងផែនការសម្រាប់ការអនុវត្ដចំពោះមុខ និងរយៈពេលមធ្យមសម្រាប់ ក.ស.វ. ដូចតទៅ៖
១. ការរៀបចំផែនការយុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍន៍ស្ថាប័ន ក.ស.វ. ដើម្បីពង្រឹងតួនាទីជា «សេនាធិការគោលនយោបាយមួយ» របស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តការងារប្រកបដោយបប្រសិទ្ធភាព, គុណភាព និងទាន់ពេល។
២. ការពង្រឹងការធ្វើការស្រាវជ្រាវសម្រាប់ផ្ដល់ជាធាតុចូលក្នុងការរៀបចំគោលនយោបាយ ឬអនុវត្តកិច្ចការនានា (Applied Research) ដោយត្រូវផ្តោតលើទិសដៅ និងការងារអាទិភាពដែលមានចែងក្នុង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដែល ក.ស.វ. មានឧត្ដមភាពប្រៀបធៀបខ្ពស់ (Comparative Advantage) ព្រមទាំងការពិនិត្យលទ្ធភាពសហការជាមួយស្ថាប័នស្រាវជ្រាវផ្សេងៗទៀត ដើម្បីបង្កើតជាសហគមន៍ស្រាវជ្រាវ (Research Community) ដើម្បីចែករំលែកនូវបទពិសោធន៍ និងលទ្ធភាពស្រាវជ្រាវនានា សំដៅលើកកម្ពស់គុណភាព និងបង្កើតសហថាមភាព (synergy) ការងារ។
៣.ការលើកកម្ពស់ការបន្ដតាមដាន ត្រួតពិនិត្យ និងផ្តល់យោបល់កម្រិតបច្ចេកទេសលើគោលនយោបាយ ច្បាប់ និងឯកសារបទដ្ឋានគតិយុត្តិដោយត្រូវមានកិច្ចសហការជិតស្និទរវាងក្រសួង ស្ថាប័ន ជាពិសេសជាមួយក្រុមប្រឹក្សាអ្នកច្បាប់ និងអគ្គនាយកដ្ឋានបច្ចេកទេសក្រោមឱវាទទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពង្រឹងប្រសិទ្ធភាព និងថាមភាពក្នុងការបំពេញការងារ។
៤. ការបន្ដអនុវត្តយន្តការវាយតម្លៃផលប៉ះពាល់លិខិតបទដ្ឋានគតិយុត្តិ (Regulatory Impact Assessment – RIA) ដើម្បីធ្វើឱ្យការរៀបចំតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ តាមក្រសួង-ស្ថាប័ន មានសង្គតិភាព និងស្របតាមនីតិវិធីនិងបទដ្ឋានជាធរមាន និងត្រៀមរៀបចំគម្រោងនេះឡើងវិញជាមួយ ADB។
៥. ការពង្រឹងកិច្ចសហប្រតិបត្តិការជាតិនិងអន្តរជាតិ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ អនុវត្ដបេសកកម្មនិងគោលដៅ និងពង្រឹងធនធានមនុស្សរបស់ ក.ស.វ.៕

អត្ថបទទាក់ទង