Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ «វចនានុក្រមខ្មែរ» បោះពុម្ពជាសៀវភៅនិងជាទម្រង់ឌីជីថល

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ 3477
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ «វចនានុក្រមខ្មែរ» បោះពុម្ពជាសៀវភៅនិងជាទម្រង់ឌីជីថល ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ «វចនានុក្រមខ្មែរ» បោះពុម្ពជាសៀវភៅនិងជាទម្រង់ឌីជីថល

នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ «វចនានុក្រមខ្មែរ» ឆ្នាំ២០២២ បោះពុម្ពជាសៀវភៅ និងជាទម្រង់ឌីជីថល រៀបចំដោយក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា។ ពិធីនេះ ប្រារព្ធធ្វើនៅអគារខេមរវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា ដោយមានការចូលរួមពីព្រះសង្ឃ បណ្ឌិត សាស្ត្រាចារ្យ ក្រុមការងារក្នុងវិស័យស្រាវជ្រាវវិទ្យាសាស្ត្រ ថ្នាក់ដឹកនាំ មកពីក្រសួង ស្ថាប័ន សិស្ស និស្សិត បញ្ញវន្ត លោកគ្រូ អ្នកគ្រូ និងមហាជនជាច្រើននាក់។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសម្ដែងនូវការកោតសរសើរ ជាមួយនឹងមូលវិចារខ្ពស់បំផុត ចំពោះរាជបណ្ឌិត្យសភាកម្ពុជា និយាយជារួម និងនិយាយដោយឡែក ចំពោះក្រុមប្រឹក្សាជាតិភាសាខ្មែរ ជាពិសេស ចំពោះគណៈកម្មការរៀបចំវចនានុក្រម ទាំង ៦៥ អង្គ-នាក់ និងតួអង្គពាក់ព័ន្ធដទៃទៀត ដែលបានចូលរួមចំណែកដោយផ្ទាល់ និងប្រយោល ញុំាងធ្វើឱ្យស្នាដៃវណ្ណកម្មភាសានិងអក្សរសាស្ត្រខ្មែរ ដែលមានតម្លៃជាប្រវត្តិសាស្ត្រនេះអាចលេចចេញជារូបរាងឡើងជាស្ថាពរ ក្នុងរយៈពេល ៥ ឆ្នាំ ទោះបីជាត្រូវប្រឈមនឹងបញ្ហាមួយចំនួនក្តី។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វចនានុក្រុមខ្មែរ ឆ្នាំ២០២២ នេះ ដែលមានពាក្យសរុបចំនួន ៤៤ ៦៩៧ និងមេពាក្យ ៣១ ០៧៣ គឺជាសមិទ្ធផលលេចធ្លោ និងជាបង្គោលចរ (milestone) មួយដ៏សំខាន់ក្នុងប្រវត្តិអក្សរសាស្ត្រខ្មែរ ដែលជាការធ្វើបច្ចុប្បន្នកម្មលើវចនានុក្រមចាស់របស់សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ ក្នុងអំឡុងឆ្នាំ១៩៦៧-១៩៦៨។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានមានប្រសាសន៍បន្ថែមថា ភាសាក្នុងលោកតែងតែមានការវិវត្តទៅតាមតម្រូវការ និងការរីកចម្រើននៃសង្គម, សេដ្ឋកិច្ច, នយោបាយនិងវិទ្យាសាស្ត្រផ្សេងៗទៀត។ ដូច្នេះ ការធ្វើបច្ចុប្បន្នកម្ម និងទំនើបកម្ម វចនានុក្រមខ្មែរ គឺជាការចាំបាច់និងបន្ទាន់ ដើម្បីឱ្យអ្នកប្រើប្រាស់ភាសា និងអក្សរសាស្ត្រ ខ្មែរមានវាក្យសព្ទ, សំណេរ, អំណាន និងនិយមន័យគ្រប់គ្រាន់សម្រាប់ប្រើប្រាស់។ ដូចបានបញ្ជាក់នៅក្នុងរបាយការណ៍របស់ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ថា វចនានុក្រមខ្មែរត្រូវបានខកខានធ្វើបច្ចុប្បន្នកម្ម អស់រយៈពេលជាងកន្លះសតវត្សមកហើយ។ ទន្ទឹមនេះ ចំពោះមុខចរន្តសកលភាវូបនីយកម្ម និងក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.0នេះ ក៏ទាមទារឱ្យភាសាជាតិយើងមានការវិវត្ត និងការរីកចម្រើនដែរ តាមរយៈការបង្កើតពាក្យពេចន៍ និងបច្ចេកសព្ទឱ្យបានគ្រប់គ្រាន់និងសម្បូរបែប ដើម្បីឆ្លើយតបឱ្យបានទាន់ពេល និងមានប្រសិទ្ធភាពទៅនឹងតម្រូវការនេះ។
ទោះជាយ៉ាងនេះក្ដី, ការវិវត្តនិងការរីកចម្រើននេះត្រូវតែធ្វើឡើងដោយគោរពទៅតាមក្បួនខ្នាត និង គោលការណ៍វិទ្យាសាស្ត្រត្រឹមត្រូវនិងត្រូវមានការប្រើប្រាស់ឱ្យឯកភាពគ្នា។ កង្វះឯកភាព និងស្តង់ដាក្នុងការប្រើប្រាស់ ភាសានិងអក្សរសាស្ត្រជាតិ ទាំងក្នុងសំណេរ, អំណាន និងនិយមន័យ ក៏ជាប្រភពនៃការបែកបាក់ក្នុងសង្គមជាតិផងដែរ ត្បិតភាសា និងអក្សរសាស្ត្រជាតិជាផ្នែកមួយនៃវប្បធម៌, អត្តសញ្ញាណ និងព្រលឹងជាតិ។ ដូច្នេះ ការរៀបចំវចនានុក្រមខ្មែរ ឆ្នាំ២០២២ នេះពិតជាឆ្លើយតបទៅនឹងតម្រូវការចំពោះមុខចាំបាច់និងបន្ទាន់ ក្នុងការអភិរក្សនិងការអភិវឌ្ឍភាសានិងអក្សរសាស្រ្តជាតិ និងជាផ្នែកមួយនៃការធ្វើឯកភាវូបនីយកម្ម និងស្ដង់ដានីយកម្មភាសាជាតិ ដែលនឹងធ្វើឱ្យសង្គមជាតិយើងកាន់តែមានភាពរឹងមាំ។
វចនានុក្រមខ្មែរ ឆ្នាំ២០២២នេះ ជាសមិទ្ធផលដែលកើតឡើងក្នុង អាណត្តិរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងត្រូវបានប្រកាសឱ្យប្រើនៅពេលេនេះ ក្នុងអាណត្តិរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីបន្ដការពារ ថែរក្សា និងអភិវឌ្ឍភាសាខ្មែរ។ វចនានុក្រមខ្មែរនេះ គឺជាឃ្លាំងស្តុកមេពាក្យ វាក្យសព្ទ និងក្បួនខ្នាតវេយ្យាករណ៍សម្រាប់ប្រើប្រាស់ ដើម្បីធានាបាននូវសង្គតិភាព និងស្ដង់ដារលើការប្រើប្រាស់អក្ខរាវិរុទ្ធឱ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះ វចនានុក្រមខ្មែរ ក៏មានតួនាទីសំខាន់ក្នុងការរក្សានូវវប្បធម៌ អត្ដសញ្ញាណ និងព្រលឹងជាតិ ដូចខ្ញុំបានលើកឡើងមុននេះ។ ក្នុងន័យនេះ ការចងក្រងនិងការធ្វើទំនើបកម្ម វចនានុក្រមខ្មែរពិតជាមានសារៈសំខាន់ក្នុងការលើកកម្ពស់ វប្បធម៌ និងអក្សរសាស្ត្រខ្មែរ ដែលជាឧត្ដមប្រយោជន៍ជាតិយើងស្របតាម ពាក្យស្លោករបស់ខ្មែរ ដែលថា «វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើនថ្កាន»។
បន្ទាប់ពីចុចប៊ូតុងប្រកាសឱ្យប្រើប្រាស់វចនានុក្រមខ្មែរ បោះពុម្ពជាសៀវភៅ និងជាទម្រង់ឌីជីថលរួចមក ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានប្រគល់បណ្ណសរសើរជូនដល់ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ជាការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែង នៅក្នុងការដឹកនាំសម្របសម្រួលជាមួយក្រុមការងារសំខាន់ៗជាច្រើន ដើម្បីចងក្រងរៀបចំវចនានុក្រមខ្មែរ បោះពុម្ពជាសៀវភៅ និងជាទម្រង់ឌីជីថលនេះឡើង។ បន្ទាប់មក ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានទស្សនាវិទ្យាស្ថានខុងជឺ អគារវិចិត្រសាល និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាល និងស្រាវជ្រាវ ដែលស្ថិតនៅក្នុងទីតាំងរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងបានថតរូបអនុស្សាវរីយក្នុងបរិយាកាសរីករាយ និងប្រកបដោយមោទកភាពបំផុត៕

អត្ថបទទាក់ទង