Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ឯកឧត្តម វង្សី វិស្សុត អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពីការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសប្បនិម្មិត (AI ) និងសន្តិសុខសាយប័រ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1165
ឯកឧត្តម វង្សី វិស្សុត អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពីការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសប្បនិម្មិត (AI ) និងសន្តិសុខសាយប័រ ឯកឧត្តម វង្សី វិស្សុត អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពីការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសប្បនិម្មិត (AI ) និងសន្តិសុខសាយប័រ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ចាត់ទុកព័ត៌មានក្លែងក្លាយមិនមែនជាបញ្ហាដាច់ដោយឡែកសម្រាប់កម្ពុជានោះទេ គឺជាបញ្ហាប្រឈមដ៏ធំរបស់ពិភពលោកទាំងមូល

 ព្រឹកថ្ងៃទី១៣ ខែមីនា​ ឆ្នាំ២០២៤នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យ AI និងសន្តិសុខសាយប័រ ដែលសហការរៀបចំដោយគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាអ្នកនាំពាក្យ ក្រុមការងារ និងមន្ត្រីទទួលបន្ទុកព័ត៌មាន និងសាធារណមតិមកពីគ្រប់បណ្តាក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត សរុបប្រមាណជាង ៣៥០ រូប។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានចាត់ទុកព័ត៌មានក្លែងក្លាយមិនមែនជាបញ្ហាដាច់ដោយឡែករបស់កម្ពុជានោះទេ តែវាគឺជាបញ្ហាប្រឈមមួយដ៏ធំ និងជាការគំរាមកំហែងដល់សន្តិសុខ ស្ថិរភាព, សណ្តាប់ធ្នាប់ និងការអភិវឌ្ឍន៍របស់ពិភពលោកទាំងមូល ក៏ដូចជានៅតាមប្រទេសនានា។ ក្នុង​ផ្នែក​​សន្តិសុខ ព័ត៌មានក្លែងក្លាយបាននិងកំពុងគំរាមកំហែងដល់គ្រប់ទិដ្ឋភាពទាំងអស់របស់សន្តិសុខសង្គម និងមនុស្ស មានជាអាទិ៍៖ សន្តិសុខនយោបាយ, សន្តិសុខសេដ្ឋកិច្ច, សន្តិសុខគតិយុត្តនិងយុត្តិធម៌ និងសន្តិសុខបុគ្គល។ ការណ៍នេះទាមទារឱ្យគ្រប់ក្រសួងស្ថាប័ន និងប្រជាពលរដ្ឋទូទៅត្រូវមានស្មារតីប្រកបដោយបុរេសកម្ម, មានការយល់ដឹងពីបច្ចេកវិទ្យា, យល់ដឹងពីផលប្រយោជន៍ គ្រោះថ្នាក់ និងហានិភ័យនៃបច្ចេកវិទ្យា ក៏ដូចជាបច្ច័យរបស់វាទៅលើសន្តិសុខ និងការអភិវឌ្ឍរបស់ប្រទេស ហើយត្រូវឆ្លើយតបឱ្យបានលឿនបំផុត ដើម្បីបន្សាបឥទ្ធិពលនៃបច្ចេកវិទ្យា ឬ ព័ត៌មានក្លែងក្លាយឱ្យបានទាន់ពេលវេលា។ ក្នុងន័យនេះ ការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសប្បនិម្មិត (AI) និងសន្តិសុខសាយប័រគឺជាកិច្ចការដ៏​សំខាន់មួយ ហើយរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់​លើ​កិច្ចការនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកទឹកចិត្តដល់ក្រុមការងារ និងមន្ត្រីទទួលបន្ទុកព័ត៌មាន និងសាធារណមតិមកពីគ្រប់បណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្ត ត្រូវពង្រឹងកិច្ចសហការគ្នាដោយប្រទាក់ក្រឡា ទាំងថ្នាក់ជាតិ និងក្រោមជាតិ ក្នុងការបំពេញភារកិច្ចដោយស្មារតីបុរេសកម្ម ហើយត្រូវតាមដាន គ្រប់គ្រងព័ត៌មានឱ្យបានលឿន និងចូលរួមទប់ស្កាត់ បង្កា និងបំផ្លាញចោលនូវព័ត៌មានក្លែងក្លាយទាំងនោះឱ្យបានទាន់ពេលវេលា និងត្រូវចាត់ទុកថា នេះគឺជាបេសកកម្មអាទិភាពឆ្លើយតបទៅនឹងការគំរាមកំហែង​ ដែលបង្កឡើងដោយព័ត៌មានក្លែងក្លាយ ជាពិសេស តាមរយៈការប្រើបច្ចេកវិទ្យា AI ក្នុងផ្លូវអាក្រក់។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ​បានបន្តថា សម័យនេះជាសម័យបច្ចេកវិទ្យាព័ត៌មាន និង ទិន្នន័យ(Data) ប៉ុន្តែព័ត៌មាន និងទិន្នន័យទាំងនោះ មានទាំងពិត និងមិនពិត មានទាំងល្អ មានទាំងមិនល្អ ហើយប្រសិនបើអ្នកណាអាចគ្រប់គ្រងបញ្ហានេះបាន អ្នកនោះនឹងអាចក្លាយជាអ្នកឈ្នះ ទាំងកម្រិតប្រទេស ស្ថាប័ន ក្រុមហ៊ុន ឬ បុគ្គល។ ក្នុងន័យនេះ ការទទួលបានព័ត៌មាន និងទិន្នន័យជារឿងសំខាន់មួយ ហើយតែអ្វីរឹតតែសំខាន់ជាងនេះទៅទៀតនោះ គឺការគ្រប់គ្រង និងប្រើប្រាស់ព័ត៌មាន និងទិន្នន័យទាំងនោះឱ្យក្លាយជាប្រយោជន៍​ដល់ការអភិវឌ្ឍរីកចម្រើននៃសង្គមជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការក៏មានប្រសាសន៍លើកឡើងផងដែរថា ប្រព័ន្ធបច្ចេកវិទ្យាគ្មានបេះដូងទេ តែមានប្រយោជន៍ និងជាកាតាលីករជួយបង្កើនប្រសិទ្ធភាព និងតម្លៃបន្ថែមក្នុងសេដ្ឋកិច្ច, បង្កើនផលិតភាពការងារ និងជួយជំរុញកំណើនសេដ្ឋកិច្ច​ ដែលជាអ្វីដែលប្រទេសនីមួយៗចង់បាន ព្រោះកំណើនសេដ្ឋកិច្ចជាដង្ហើម ដែលប្រទេសនីមួយៗមិនអាចខ្វះបាន សម្រាប់បម្រើឱ្យការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ តែប្រព័ន្ធបច្ចេកវិទ្យានេះ ក៏អាចជះឥទ្ធិពលអវិជ្ជមានមកលើទិដ្ឋភាពសង្គម, សេដ្ឋកិច្ច នយោបាយ និងសន្តិសុខផងដែរ ប្រសិនបើប្រើប្រាស់មិនបានត្រឹមត្រូវ និងគ្រប់គ្រងវាឱ្យបានល្អ។ ក្នុង​ន័យនេះ យើងត្រូវបន្តកសាងសមត្ថភាពជំនាញ និងអភិវឌ្ឍការយល់ដឹងពីបច្ចេកវិទ្យាឱ្យបានស៊ីជំរៅ និងត្រូវប្រកាន់យកនូវទស្សនាទាន «គ្រប់គ្រងបច្ចេកវិទ្យាដើម្បីបម្រើឱ្យមនុស្ស កុំឱ្យប្រឆាំងមនុស្ស» និងប្រើប្រាស់បច្ចេកវិទ្យា ដើម្បីការជួយលើកស្ទួយជីវភាពមនុស្ស, ជួយបង្កើនផលិតភាពការងារ និងកំណើនសេដ្ឋកិច្ចជាតិ។ ដូចនេះ ការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាឌីជីថលឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព គឺជារឿងចាំបាច់បំផុតក្នុងយុគសម័យឌីជីថល និងបរិវត្តឧស្សាហកម្មបច្ចេកវិទ្យា ៤.០ ព្រោះថា​ បច្ចេកវិទ្យាឌីជីថល​ ពិសេសបញ្ញាសិប្បនិម្មិត AI បានវិវត្តយ៉ាងលឿនរហ័ស ហើយប្រទេសនីមួយៗមិនអាចវាយតម្លៃបានទេថា នៅក្នុងរយៈពេល៥ឆ្នាំខាងមុខ នឹងមានអ្វីកើតឡើងនោះ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាព ៥យ៉ាង គឺមនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យា។ ក្នុងចំណោមបញ្ចកោណទាំងនេះ គឺមានបញ្ចកោណទី៥ ដែលនិយាយផ្តោតលើបច្ចេកវិទ្យាទាំងមូលតែម្តង​ ដែលឆ្លុះបញ្ចាំងទៅក្នុងយុទ្ធសាស្ត្របញ្ចកោណផង និងក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ ផង ដែលផ្តោតទៅលើការគ្រប់គ្រងនិងប្រើប្រាស់បច្ចេកវិទ្យាសម្រាប់បម្រើឱ្យការអភិវឌ្ឍ និងរុញកម្ពុជាឱ្យឈានទៅដល់ចក្ខុវិស័យ ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។

នៅចុងបញ្ចប់ ឯកឧត្តម វង្សី វិស្សុត បានក្រើនរំលឹកដល់ដល់ក្រុមការងារ និងមន្រ្តីទទួលបន្ទុកព័ត៌មាន និងសាធារណមតិទាំងអស់ ត្រូវរួមសហការគ្នាអនុវត្តភារកិច្ច និងទទួលយកការសម្របសម្រួលពីក្បាលម៉ាស៊ីនថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិទទួលបន្ទុកព័ត៌មាន និងសាធារណមតិ បន្តទៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងលើកទឹកចិត្តឱ្យមានការជជែកពិភាក្សាគ្នាឱ្យបានច្រើនទាំងក្នុងកម្រិតនយោបាយ, បច្ចេកទេស និងជំនាញ ដោយបង្កើនការទទួលខុសត្រូវខ្ពស់ក្នុងការគ្រប់គ្រងព័ត៌មាន និងទិន្នន័យ ទាំងពិត និងក្លែងក្លាយ ហើយត្រូវបន្សាបព័ត៌មានក្លែងក្លាយឱ្យបានលឿន រហ័ស និងទាន់ពេលវេលា និងសាបព្រោះទៅវិញនូវព័ត៌មានពិត ព័ត៌មានវិជ្ជមាន ដែលមានប្រយោជន៍ដល់សង្គមជាតិ និងធានាឱ្យបានដាច់ខាតនូវសន្តិសុខនយោបាយ សន្តិសុខសេដ្ឋកិច្ច សន្តិសុខបុគ្គល និងគ្រួសារ ក៏ដូចជាសន្តិសុខសង្គមទាំងមូលរបស់ប្រទេសជាតិយើង។

ឯកឧត្តម វង្សី វិស្សុត មន្ត្រីទទួលបន្ទុកព័ត៌មាននិងអ្នកនាំពាក្យ ប្រមាណ៣៥០នាក់ចូលរួមសិក្ខាសាលាស្តីពី «ការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិតនិងសន្តិសុខសាយប័រ»

អត្ថបទទាក់ទង