Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម “វេទិកាធុរកិច្ចអាស៊ីបូព៌ាឆ្នាំ២០២៣” ធ្វើឡើងក្រោមប្រធានបទ “ការប្រមូលផ្ដុំ និងការជម្រុញការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់”

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ 3355
ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម “វេទិកាធុរកិច្ចអាស៊ីបូព៌ាឆ្នាំ២០២៣” ធ្វើឡើងក្រោមប្រធានបទ “ការប្រមូលផ្ដុំ និងការជម្រុញការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់” ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម “វេទិកាធុរកិច្ចអាស៊ីបូព៌ាឆ្នាំ២០២៣” ធ្វើឡើងក្រោមប្រធានបទ “ការប្រមូលផ្ដុំ និងការជម្រុញការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់”

វេទិកានេះ បានប្រព្រឹត្តទៅនៅទីក្រុងហៃគូ ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ដោយមានការអញ្ជើញចូលរួមរបស់ថ្នាក់ដឹកនាំពីបណ្ដាអង្គការអន្ដរជាតិ និងស្ថាប័នរាជរដ្ឋាភិបាលចំនួន ១៥ប្រទេស។

ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២០ ខែតុលានេះ បានលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុកថា វេទិកានេះបានផ្ដួចផ្ដើមឡើងដោយក្រុមប្រឹក្សាចិនសម្រាប់ការជម្រុញពាណិជ្ជកម្មអន្ដរជាតិ (China Council for the Promotion of International Trade ឬ CCPIT) និងគាំទ្រដោយក្រសួងការបរទេស និងក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន គឺជាវេទិកានៃយន្ដការកិច្ចសហប្រតិបត្តិការសម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងចំណោមសហគមន៍ធុរកិច្ចក្នុងប្រទេសអាស៊ីបូព៌ា។

វេទិកានេះ ផ្ដល់នូវការអនុវត្ដកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរទម្រង់នៃការអភិវឌ្ឍសេដ្ឋកិច្ច និង​បទពិសោធន៍ ការពិភាក្សាអំពីនិន្នាការនៃការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ ការសម្របសម្រួលកិច្ច​សហប្រតិបត្តិការពាណិជ្ជកម្ម​ ការវិនិយោគ​ ការជំរុញសមាហរណកម្មសេដ្ឋកិច្ចរវាងរដ្ឋាភិបាល និងសមាគមអាជីវកម្មរបស់ប្រទេសក្នុងតំបន់ ដែលរួមមានប្រទេសក្នុងតំបន់អាស៊ាន ប្រទេសចិន សាធារណរដ្ឋកូរ៉េ ប្រទេសជប៉ុន ប្រទេសឥណ្ឌា ប្រទេសអូស្ដ្រាលី និង ប្រទេសនូវែលហ្សែឡង់។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា វេទិការនេះ ក្រៅពីការចូលរួមពីថ្នាក់ដឹកនាំពីបណ្ដាអង្គការ​អន្ដរជាតិ ស្ថាប័នរាជរដ្ឋាភិបាលចំនួន ១៥ប្រទេស ក៏មានសមាគមអាជីវកម្ម ស្ថានទូត និង​អគ្គកុងស៊ុល​នៅប្រទេសចិន ប្រធានសហគ្រាសបរទេស ក៏ដូចជាថ្នាក់ដឹកនាំរបស់ក្រុមប្រឹក្សាចិន​សម្រាប់ការជម្រុញពាណិជ្ជកម្មអន្ដរជាតិ (CCPIT) អភិបាលខេត្ដហៃណាន អ្នកជំនាញក្នុងស្រុក អ្នកប្រាជ្ញក្នុងវិស័យពាក់ព័ន្ធ និងសហគ្រិនល្បីឈ្មោះដើម្បីបានចូលរួមផងដែរ ដោយបានពិភាក្សា​ទៅលើប្រធានបទចំនួន៣ខុសៗគ្នា មានដូចជា៖ ទី១. ស្ដីពី“ការកែទម្រង់ការបែងចែកខ្សែ​សង្វាក់ផ្គត់ផ្គង់​ឧស្សាហកម្មនៃប្រព័ន្ធការងារ កិច្ចសហប្រតិបត្តិការ និងការធ្វើសមាហរណកម្មតំបន់ និងសេដ្ឋកិច្ចអោយកាន់តែស៊ីជម្រៅ”។ ទី២.ស្ដីពី “ការរួមគ្នាពង្រឹងនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍​ក្រោយការរាតត្បាត និងការធ្វើឱ្យសេដ្ឋកិច្ចក្នុងតំបន់​មានភាពរស់រវើកឡើងវិញ” និងទី៣.ស្ដីពី “កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុរវាងកំពង់ផែពាណិជ្ជកម្មសេរីហៃណាន និង ប្រទេសក្នុងតំបន់អាស៊ាន”៕

អត្ថបទដោយ ឈិត បូរ៉ាវី