Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

រដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្តម ប៉ែន បូណា៖ប្រធានបទ«អ្នកមាននិងអ្នកក្រ»កក្រើកឡើង ជាថ្មី។ ដូច្នេះ ខ្ញុំសូមបញ្ចេញមតិភាគទី២

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1489
រដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្តម ប៉ែន បូណា៖ប្រធានបទ«អ្នកមាននិងអ្នកក្រ»កក្រើកឡើង ជាថ្មី។ ដូច្នេះ ខ្ញុំសូមបញ្ចេញមតិភាគទី២ រដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្តម ប៉ែន បូណា៖ប្រធានបទ«អ្នកមាននិងអ្នកក្រ»កក្រើកឡើង ជាថ្មី។ ដូច្នេះ ខ្ញុំសូមបញ្ចេញមតិភាគទី២

ទស្សនៈរបស់ខ្ញុំចំពោះប្រធានបទនេះមានដូចតទៅ៖

ទី១៖ បច្ចុប្បន្នមានវាគ្មិនសង្គមកាន់តែច្រើនដែលលើកយកបញ្ហានេះ ឬបញ្ហានោះមកបកស្រាយ ហើយចែករំលែកការយល់ឃើញនិងបង្កើតបានជាការជជែកវែកញែកតាមរយៈការបញ្ចេញមតិ។ នេះគឺជានិន្នាការល្អមួយសម្រាប់សង្គមខ្មែរដែលមិនសូវមានទម្លាប់ជជែកវែកញែកគ្នាប៉ុន្មានទេ។ យ៉ាងណាសូមចៀសវាងការជេរប្រមាថគ្នា។

ទី២៖ វាគ្មិនដែលបញ្ចេញមតិរិះគន់អំពីឥរិយាបថឬទម្លាប់មិនសូវល្អរបស់អ្នកក្រមួយចំនួន គឺពួកគាត់មានចេតនាល្អទេក្នុងការដាស់តឿនអ្នកក្រឲ្យកែប្រែឥរិយាបថមិនល្អនោះចោលដើម្បីកសាងជីវភាពរបស់ខ្លួនឲ្យបានប្រសើរជាងមុន។ ប៉ុន្តែ ជួនកាល ចេតនាល្អនោះមិនត្រូវបានក្រុមមនុស្សដែលយើងចង់សំដៅនោះទទួលយកឡើយនៅពេលដែលពួកគេយល់ឃើញថា ពាក្យសម្តីដាស់តឿននោះជាការរើសអើងឬមាក់ងាយដល់ពួកគេ។ ម្យ៉ាងទៀត អ្នកក្រក៏ដោយ អ្នកមានក៏ដោយ មិនមែនសុទ្ធតែមានលក្ខណៈដូចគ្នាទាំងអស់ទេ។

ទី៣៖ នៅក្នុងសង្គមខ្មែរយើង ការប្រៀបធៀបរវាងអ្នកមាននិងអ្នកក្រ ឬអ្នកស្រែនិងអ្នកក្រុង គឺជារឿងរសើបដែលងាយនឹងធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍មនុស្សភាគច្រើនពីព្រោះការប្រៀបធៀបហាក់បានបង្កប់ការរើសអើងដែលបង្ហាញថា អ្នកក្រនិងអ្នកស្រែតែងតែអន់ជាងអ្នកមាននិងអ្នកក្រុង ដែលតាមការពិតវាមិនប្រាកដជាដូច្នោះទេ។ «អ្នកមានមិនមែនសុទ្ធតែល្អ អ្នកក្រមិនមែនសុទ្ធតែខ្ជិល»ឬ «អ្នកស្រែមិនមែនសុទ្ធតែល្ងង់ អ្នកក្រុងមិនមែនសុទ្ធតែឆ្លាត»។ ដូច្នេះ គេគួរចៀសវាងការប្រៀបធៀបបែបនេះដោយប្រើរបៀបពន្យល់ផ្សេងពីនេះវិញ។

ទី៤៖ សង្គមណាក៏ដោយក៏តែងតែមានអ្នកមាននិងអ្នកក្រ អ្នកមានចំណេះដឹងខ្ពស់និងអ្នកមានចំណេះដឹងទាប អ្នកឆ្លាតនិងអ្នកមិនសូវឆ្លាត អ្នកទីក្រុងនិងអ្នកជនបទ រស់នៅលាយឡំគ្នា និងពឹងអាស្រ័យគ្នាទៅវិញទៅមក ។ ប្រសិនបើយើងសំដៅតែទៅលើទ្រព្យសម្បត្តិ ឬទីតាំងដែលមនុស្សរស់នៅ ឬសញ្ញាបត្រដែលពួកគេមាន ដើម្បីធ្វើជាខ្នាតវាស់ក្នុងការវាយតម្លៃមនុស្ស គេប្រាដកជាមើលឃើញថា អ្នកមាន អ្នកទីក្រុងនិងអ្នកចេះ ដឹងសុទ្ធតែល្អ។

ប៉ុន្តែ ក្នុងសង្គមមនុស្ស គេក៏ត្រូវគិតគូរពីសីលធម៌ គុណធម៌ និងភាពស្មោះត្រង់របស់មនុស្សផងដែរ។ ក្នុងន័យនេះ គ្រប់ជំពូកមនុស្សសុទ្ធតែមានបុគ្គលល្អនិងបុគ្គលអាក្រក់ ដោយគ្មានមនុស្សក្រុមណាមួយអាចតាំងខ្លួនជាគំរូគេគ្រប់យ៉ាងបានឡើយ។

សរុបមកវិញ កត្តាទ្រព្យសម្បត្តិ ចំណេះវិជ្ជា មជ្ឈដ្ឋានដែលមនុស្សរស់នៅ ឬឋានៈសង្គម នៅមិនទាន់អាចបញ្ជាក់ពីតម្លៃពិតប្រាកដរបស់មនុស្សបាននៅឡើយទេ៕

សូមរីករាយចុងសប្តាហ៍ និងរៀបចំផ្ទះសម្បែងដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី❤️❤️

#បែនបូណា #ទសសនៈមតិ #អនកមាននិងអ្នកក្រ

អត្ថបទទាក់ទង