Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាផ្លែផ្កាកើតចេញពីសុខសន្តិភាព និងចំណងមិត្តភាពកម្ពុជា-ចិន

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 478
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាផ្លែផ្កាកើតចេញពីសុខសន្តិភាព និងចំណងមិត្តភាពកម្ពុជា-ចិន សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាផ្លែផ្កាកើតចេញពីសុខសន្តិភាព និងចំណងមិត្តភាពកម្ពុជា-ចិន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដែលត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវនៅថ្ងៃទី ១៦ វិច្ឆិកា ២០២៣ នេះ គឺកើតចេញពីផ្លែផ្កានៃសុខសន្តិភាព និងជាសមិទ្ធផលថ្មីលេចធ្លោបន្ថែមទៀតនៃចំណងមិត្តភាពដែកថែបកម្ពុជា-ចិន បន្ទាប់ពីគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា និងដែលត្រូវបានដាក់ឲ្យប្រើប្រាស់កាលពីចុងឆ្នាំ២០២២ កន្លងទៅ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ខេត្តសៀមរាប។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ឲ្យដឹងថា ទំនាក់ទំនងជាប្រពៃណីកម្ពុជា-ចិន បានចាប់បដិសន្ធិតាមរយៈចំណងមិត្តភាព ជាពិសេសរវាងសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងឯកឧត្តម ជូ អេនឡាយ អតីតនាយករដ្ឋមន្ត្រីចិន ហើយត្រូវបានពូនជ្រុំយ៉ាងសកម្មដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងថ្នាក់ដឹកនាំចិនជាច្រើនជំនាន់ រហូតក្លាយជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០១០។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ឆ្នាំ២០២៣ នេះ គឺជាខួប ៦៥ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន និងជាឆ្នាំមិត្តភាពកម្ពុជា-ចិន។ ប្រទេសកម្ពុជា-ចិន បានរៀបចំកម្មវិធីសំខាន់ៗជាច្រើន ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ហើយថ្ងៃនេះយើងមានការសម្ពោធហេដ្ឋារចនាសម្ព័ន្ធដ៏វិសេសវិសាលមួយទៀត ដែលជាសក្ខីភាពចំណងការទូតដ៏រឹងមាំនិងកិច្ចសហប្រតិបត្តិការដ័ស៊ីជម្រៅរវាងប្រទេសទាំងពីរ៕

អត្ថបទទាក់ទង