Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ហេតុផលសំខាន់ជំរុញចិត្ត កញ្ញា ស៊ីន យូប៊ីន នាំព្យញ្ជនៈ និងលេខខ្មែរ ទៅបង្ហាញក្នុងកម្មវិធីអន្តរជាតិ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤ សិល្បៈ 437
ហេតុផលសំខាន់ជំរុញចិត្ត  កញ្ញា ស៊ីន យូប៊ីន នាំព្យញ្ជនៈ និងលេខខ្មែរ ទៅបង្ហាញក្នុងកម្មវិធីអន្តរជាតិ ហេតុផលសំខាន់ជំរុញចិត្ត កញ្ញា ស៊ីន យូប៊ីន នាំព្យញ្ជនៈ និងលេខខ្មែរ ទៅបង្ហាញក្នុងកម្មវិធីអន្តរជាតិ

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា ជារឿយៗតារាសម្តែងស្រីឆ្នើមលំដាប់ប្រទេស កញ្ញា ស៊ីន យូប៊ីន តែងតែពាំនាំយកសិល្បៈវប្បធម៌ និងអរិយធម៌ដ៏ផូរផង់របស់ខ្មែរយើងទៅបង្ហាញលើឆាកអន្តរជាតិផ្សេងៗមិនថាកម្មវិធីនោះតូចឬធំ ឱ្យតែនាងមានឱកាសបានចូលរួម។ សូម្បី កម្មវិធីជាតិក្នុងស្រុកក៏ យូប៊ីន មិនឱ្យរំលងក្នុងការចូលរួមចែករំលែកពីអត្ថសញ្ញាណជាតិខ្មែរ ព្រោះនាងមានសុទិដ្ឋិនិយមថា គ្រប់កន្លែងសុទ្ធជាកន្លែងដែលអាចជួយផ្សព្វផ្សាយពីសិល្បៈវប្បធម៌ខ្មែរយើង ដូច្នេះទើបនាងព្យាយាមឱ្យអស់ពីលទ្ធភាពតាមដែលអាចធ្វើទៅបាន។

តួយ៉ាង ក្នុងឆ្នាំ២០២៣ កូនស្រីច្បងត្រកូល ស៊ីន រូបនេះ​បានបង្ហាញខ្លួនក្នុងកម្មវិធីអន្តរជាតិជាច្រើន ហើយនាងតែងតែធ្វើតាមសន្យា ដោយបានលើកយកអត្ថសញ្ញាណជាតិខ្មែរផ្សេងៗទៅបង្ហាញឱ្យអន្តរជាតិបានឃើញ តាមរយៈឈុតសម្លៀកបំពាក់ ដែលពាក់ចូលរួមកម្មវិធីទាំងនោះ។ គួរឱ្យចាប់អារម្មណ៍ខ្លាំងនោះ​គឺ យូប៊ីន បានលើកយកពីព្យញ្ជនៈ និងលេខខ្មែរ ទៅបំផុសលើឈុតសម្លៀក និងច្នៃជាគ្រឿងអលង្ការរំលេចលើខ្លួនប្រាណរបស់នាង ដើម្បីចូលរួមក្នុងកម្មវិធីអន្តរជាតិទៀតផង ធ្វើឱ្យតារាស្រីរូបនេះទទួលការកោតស្ញប់ស្ញែងយ៉ាងខ្លាំងក្លាពីមហាជនកម្ពុជា។

ក្នុងកិច្ចសម្ភាសន៍មួយកាលពីពេលថ្មីៗ យូប៊ីន ទទួលស្គាល់ថា វត្ថុដែលជាអត្តសញ្ញាណជាតិខ្មែរយើងពិតជាមានច្រើន ហើយវាមិនមែនជារឿងចៃដន្យដែលនាងជ្រើសរើសយកព្យញ្ជនៈ និងលេខខ្មែរ ទៅបង្ហាញឱ្យអន្តរជាតិបានឃើញ ព្រោះនាងមានគោលដៅច្បាស់លាស់ក្នុងផ្សព្វផ្សាយពីសិល្បៈវប្បធម៌ដ៏រស់រវើករបស់ខ្មែរយើង។

ដោយឡែក ការរៀបចំតុបតែង និងការច្នៃឈុតសម្លៀកបំពាក់ គឺនាងមើលទៅតាមស្ថានភាពកម្មវិធីរបស់គេ មិនឱ្យចេញមកខុសគេតែឯង នាំខូចឈ្មោះ និងកិត្តិយសរបស់សិល្បករកម្ពុជានោះទេ។ ហើយហេតុផលសំខាន់ជំរុញចិត្តនាងឱ្យនាំយកព្យញ្ជនៈ និងលេខខ្មែរ ទៅបង្ហាញក្នុងកម្មវិធីអន្តរជាតិ គឺដើម្បីឱ្យឆាកអន្តរជាតិ និងពិភពលោកស្គាល់ពីព្យញ្ជនៈ និងលេខរបស់ខ្មែរឱ្យបានច្បាស់លាស់ ជៀសវាងការភ័ន្តច្រឡំថា ព្យញ្ជនៈ និងលេខខ្មែរយើងជារបស់ជាតិសាសន៍ដទៃ។



តួឯកស្រីល្បីឈ្មោះនេះបន្តថា កន្លងមកធ្លាប់មានគេសួរនាងអំពីឈុតដែលច្នៃរំលេចព្យញ្ជនៈ និងលេខខ្មែរទាំងនោះ ហើយនាងបានឆ្លើយតបដោយក្តីមោទនភាពទៅកាន់ពួកគេថាទាំងនេះជាព្យញ្ជនៈ និងលេខខ្មែរ។ ពាក្យពេចន៍សរសើររបស់ភ្ញៀវអន្តរជាតិទាំងនោះ ធ្វើឱ្យ យូប៊ីន សប្បាយចិត្តជាខ្លាំង និងមានកម្លាំងចិត្តក្នុងការរិះរកគំនិតថ្មីៗ ទៅច្នៃជាឈុតសម្លៀកបំពាក់សម្រាប់ចូលរួមកម្មវីធីអន្តរជាតិបន្ទាប់។

តាមការបង្ហើបឱ្យដឹង យូប៊ីន នឹងត្រូវចេញទៅចូលរួមកម្មវិធីអន្តរជាតិធំៗបន្តបន្ទាប់ទៀតក្នុងឆ្នាំ ២០២៤ នេះ ដែលក្នុងនោះ​មាន ២កម្មវិធីបានព្រមព្រៀងរួចរាល់ ចំណែកកម្មវិធីផ្សេងៗទៀតកំពុងស្ថិតក្នុងការពិចារណា ដោយសារនាងខ្លួនឯងមមាញឹកខ្លាំងរកពេលដកឃ្លាសឹងមិនរួច៕

JEDDAH, SAUDI ARABIA – DECEMBER 05: Yubin Shin attends the “Dammi And Origin” red carpet during the Red Sea International Film Festival 2023 on December 05, 2023 in Jeddah, Saudi Arabia. (Photo by Daniele Venturelli/Getty Images for The Red Sea International Film Festival)
JEDDAH, SAUDI ARABIA – DECEMBER 05: Yubin Shin attends the “Dammi And Origin” red carpet during the Red Sea International Film Festival 2023 on December 05, 2023 in Jeddah, Saudi Arabia. (Photo by Daniele Venturelli/Getty Images for The Red Sea International Film Festival)

ប្រភពអត្ថបទ៖ AMS Infotainment