កញ្ញា ស៊ីន យូប៊ីន បង្ហើបគម្រោងអន្តរជាតិ ២ ត្រៀមចេញទៅ ក្នុងឆ្នាំ ២០២៤ នេះ!
ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា តារាសម្តែងឆ្នើម ស៊ីន យូប៊ីន បានលេចមុខក្នុងកម្មវិធីអន្តរជាតិធំៗជាច្រើន កាលពីឆ្នាំ ២០២៣ កន្លងទៅ។ ដោយឡែក សម្រាប់ឆ្នាំថ្មី ២០២៤ វិញ យូប៊ីន ក៏ទើបមកពីកម្មវិធីចូលរួមទស្សនាការបង្ហាញម៉ូដសម្លៀកបំពាក់និទាឃរដូវ/រដូវក្តៅ សម្រាប់ឆ្នាំ ២០២៤-២០២៥ របស់ Dior នៅទីក្រុងប៉ារីស ប្រទេសបារាំង។
ថ្មីៗនេះសង្សាររបស់ វ៉ៃហាំង រឹតតែរវល់ខ្លាំងលើសដើម និងមានគម្រោងអន្តរជាតិធំៗជាបន្តបន្ទាប់ ដែលត្រៀមចេញទៅនាពេលឆាប់ៗ។ តួឯកស្រីរឿង «ដឹកបេះដូងរកស្នេហ៍» បង្ហើបថា ខែក្រោយ (មីនា) នាងនឹងមានកម្មវិធីអន្តរជាតិធំមួយនៅប្រទេសកូរ៉េ លុះដល់ខែឧសភា ឆ្នាំ ២០២៤ នាងក៏មានកម្មវិធីអន្តរជាតិធំមួយទៀតនៅប្រទេសបារាំងផងដែរ។ ប៉ុន្តែកញ្ញាពុំទាន់អាចទម្លាយឱ្យដឹងឈ្មោះកម្មវិធីបានឡើយ ចង់ឱ្យទស្សនិកជនរង់ចាំតាមដានទាំងអស់គ្នា ថាលើកនេះនាងនឹងពាំនាំអ្វីទៅបង្ហាញលើឆាកអន្តរជាតិ។
កញ្ញារៀបរាប់បន្តថា ដោយសារនាងធ្លាប់បានបង្ហាញខ្លួនក្នុងកម្មវិធីអន្តរជាតិច្រើនមកហើយ ទើបអន្តរជាតិគេចាប់ផ្តើមងាកមកមើលកម្ពុជា និងសម្លឹងឃើញពីសក្តានុពលរបស់យើង ទើបគេអញ្ញើញនាងឱ្យទៅចូលរួមកម្មវិធីអន្តរជាតិជាបន្តបន្ទាប់បែបនេះ។
ស៊ីន យូប៊ីន ពិតជាសប្បាយចិត្ត និងមានមោទនភាពខ្លាំងណាស់ ក្នុងនាមជាសិល្បករខ្មែរ ដែលបង្ហាញវត្តមានក្នុងកម្មវិធីអន្តរជាតិ។ វត្តមានរបស់នាងមិនមែនសម្រាប់តែខ្លួនឯងម្នាក់ប៉ុណ្ណោះទេ តែនាងឈរនៅទីនោះជាតំណាងឱ្យកម្ពុជាទាំងមូល ដូចនេះទើបនាងព្យាយាមបង្ហាញពីសិល្បៈ វប្បធម៌ខ្មែរឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន គ្រប់ពេលនាងចេញទៅចូលរួមកម្មវិធីអន្តរជាតិម្តងៗ។ ម៉្យាងការបានទៅដល់ទីនោះក៏ជាឱកាសមួយធ្វើឱ្យអន្តរជាតិស្គាល់ និងងាកមកចាប់អារម្មណ៍ពីសិល្បៈខ្មែរយើងច្រើនជាងមុន ហើយនាងសង្ឃឹមថា នឹងទទួលបានឱកាសចេញទៅអន្តរជាតិបន្តបន្ទាប់ទៀត ដែលមិនមែននាងតែម្នាក់ តែក៏សម្រាប់សិល្បករខ្មែរផ្សេងៗទៀតផងដែរ។
ទោះពីជាកាលវិភាគរវល់ជាប់ខ្លាំងប៉ុណ្ណាក៏ដោយ ក៏ យូប៊ីន ប្តេជ្ញាមិនបោះបង់ចោលភាពយន្ត ដោយនាងឆ្លៀតលៃលកពេលថតខ្សែភាពយន្តខ្នាតធំ ឬរឿងភាគឱ្យបានយ៉ាងតិច ១ រឿង ដើម្បីជាចំណងដៃដល់ទស្សនិកជន ឬប្រសិនមានពេលនាងនឹងថតឱ្យបានច្រើនជាងនេះ។ និយាយដល់វិស័យភាពយន្ត យូប៊ីន ក៏សូមផ្តាំផ្ញើស្នាដៃខ្សែភាពយន្តខ្នាតធំថ្មី «បណ្តាសានាងរាត្រី» ដែលត្រៀមចាក់បញ្ចាំងគ្រប់រោងភាពយន្តនៅពាក់កណ្តាលខែមីនា ឆ្នាំ ២០២៤ នេះ៕
ប្រភពអត្ថបទ ៖ AMS Infotainment