Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ក្រោយមានកម្មកររងគ្រោះដោយសារអគ្គិភ័យឆាបឆេះរោងចក្រ ក្រសួងការងារប្រកាសជួយកម្មករបន្ថែម ពីលើកិច្ចអន្តរាគមន៍ជួយសង្គ្រោះបន្ទាន់របស់អាជ្ញាធរមានសមត្ថកិច្ច

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 416
ក្រោយមានកម្មកររងគ្រោះដោយសារអគ្គិភ័យឆាបឆេះរោងចក្រ ក្រសួងការងារប្រកាសជួយកម្មករបន្ថែម ពីលើកិច្ចអន្តរាគមន៍ជួយសង្គ្រោះបន្ទាន់របស់អាជ្ញាធរមានសមត្ថកិច្ច ក្រោយមានកម្មកររងគ្រោះដោយសារអគ្គិភ័យឆាបឆេះរោងចក្រ ក្រសួងការងារប្រកាសជួយកម្មករបន្ថែម ពីលើកិច្ចអន្តរាគមន៍ជួយសង្គ្រោះបន្ទាន់របស់អាជ្ញាធរមានសមត្ថកិច្ច

ក្រសួងការងារ និងបណ្ដុះបណ្តាលវិជា្ជជីវៈ បានអះអាងថា នឹងបន្តជួយដោះស្រាយទុក្ខលំបាក របស់កម្មករនិយោជិត ជាជនរងគ្រោះ ដោយសារឧបទ្ទវហេតុអគ្គិភ័យឆាបឆេះ រោងចក្រ យីដា ហ្គាមេន ដែលកំពុងសម្រាកព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល និងក្រុមគ្រួសារ ស្របតាមច្បាប់ស្ដីពី របបសន្តិសុខសង្គម។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការងារ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ឧបទ្ទវហេតុអគ្គិភ័យឆាបឆេះឃ្លាំងស្តុកទុក និងចែកចាយសារធាតុគីមី សម្រាប់បោកគក់ នៃរោងចក្រ យីដា ហ្គាមេន ដែលមានអាសយដ្ឋាន ស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល បានបង្ករ ឱ្យមានកម្មករនិយោជិតរងគ្រោះ សរុបចំនួន ២១នាក់ (ស្រី ៤នាក់) ក្នុងនោះរងរបួសស្រាលចំនួន ២០នាក់ និងស្លាប់ចំនួន ១នាក់ បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យ។ គិតត្រឹមវេលាម៉ោង ៦:៣០នាទីល្ងាច ជនរងគ្រោះចំនួន១៧នាក់ បានកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកជ័យជំនះ និងចំនួន២នាក់ នៅមន្ទីរពេទ្យបង្អែកកៀនស្វាយ រីឯជនរងគ្រោះចំនួន១នាក់ទៀត ដែលសម្រាកនៅមណ្ឌលសុខភាពឈើទាល មានអាការៈធូរស្រាល និងបានវិលត្រឡប់ទៅគេហដ្ឋានវិញ។ ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារនៃសព ដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី។

ក្រសួងការងារ តាមរយៈបេឡាជាតិសន្តិសុខសង្គម សាខាខេត្តកណ្តាល បាន រៀបចំវិភាជន៍បូជាសព ផ្នែកហានិភ័យការងារចំនួន១០លានរៀល ប្រគល់ជូនគ្រួសារសព និងបន្តជួយដោះស្រាយ ទុក្ខលំបាករបស់កម្មករនិយោជិត ជាជនរងគ្រោះដែលកំពុងសម្រាកព្យាបាល នៅតាមមូលដ្ឋានសុខាភិបាល និងក្រុមគ្រួសារស្របតាមច្បាប់ស្ដីពី របបសន្តិសុខសង្គម។

ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំដឹកនាំកិច្ចប្រជុំអន្តរក្រសួងជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីដាក់ចេញនូវវិធានការ និងយុទ្ធនាការរួមគ្នាក្នុងការបង្ការ ទប់ស្កាត់ និងដោះស្រាយ បញ្ហាគ្រោះអគ្គិភ័យដែលអាចកើតមាននៅតាមសហគ្រាស គ្រឹះស្ថានជាយថាហេតុ៕






អត្ថបទទាក់ទង