សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្ត
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ បានបង្ហោះសារ និងរូបភាព បង្ហាញពីការធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីចូលរួមបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាប។
ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងកូនចៅៗរបស់សម្តេចក៏អញ្ជើញអមដំណើរជាមួយសម្តេចផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារអមដោយរូបភាពមានខ្លឹមសារដូច្នេះថា «នាំប្រពន្ធកូន និងចៅទៅចូលរួមពិធីបើកអង្គរសង្រ្កាន្តនៅខេត្តសៀមរាប»។
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០១៣ មក ២០១៨ និងឆ្នាំ២០២៣នេះ គឺដើម្បីលើកស្ទួយវប្បធម៌ប្រពៃណី និងរចនាបទខ្មែរ។
ព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ក្រោមប្រធានបទ «ក្តីស្រមៃ និងក្តីសង្ឃឹម» នឹងផ្តល់ឱកាសដល់ប្រជាជនកម្ពុជាទាំងអស់ ក៏ដូចជាមិត្តភ័ក្តិអន្តរជាតិទាំងអស់បានជួបជុំគ្នារីករាយ និងទទួលបានបទពិសោធន៍មិនអាចបំភ្លេចបាន ក្នុងឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៣នេះ កម្មវិធីមាន៤៤នៅ៦ទីតាំង នៅខាងមុខអង្គរ ទីលានជល់ដំរី អង្គរឃ្យូងយូ នៅតំបន់ដងស្ទឹង សួនច្បារព្រះរាជដំណាក់ និងនៅតំបន់មួយចំនួនទៀត ព្រមទាំងមានការបង្ហាញពីផលិតផលរបស់ខ្មែរ ដែលមានរយៈពេល៤ថ្ងៃ ចាប់ពីព្រឹកថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ហើយពិធីបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ៕