Khmer First Close

គណបក្សកម្លាំងជាតិ ចេញសេចក្តីថ្លែងការណ៍ចាត់ទុក វិធានការគណបក្សភ្លើងទៀន ក្នុងការបណ្តេញអ្នកតស៊ូជាមួយគណបក្សជា «ទង្វើផ្តាច់ការ»

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 189
គណបក្សកម្លាំងជាតិ ចេញសេចក្តីថ្លែងការណ៍ចាត់ទុក វិធានការគណបក្សភ្លើងទៀន ក្នុងការបណ្តេញអ្នកតស៊ូជាមួយគណបក្សជា «ទង្វើផ្តាច់ការ» គណបក្សកម្លាំងជាតិ ចេញសេចក្តីថ្លែងការណ៍ចាត់ទុក វិធានការគណបក្សភ្លើងទៀន ក្នុងការបណ្តេញអ្នកតស៊ូជាមួយគណបក្សជា «ទង្វើផ្តាច់ការ»

(ភ្នំពេញ)៖ គណបក្សកម្លាំងជាតិ ជាគណបក្សប្រឆាំងថ្មី ដែលមានថ្នាក់ដឹកនាំជាអតីតសមាជិកជាន់ខ្ពស់គណបក្សភ្លើងទៀន នៅពេលនេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយចាត់ទុកវិធានការរបស់គណបក្សភ្លើងទៀន ក្នុងការបណ្តេញសកម្មជនតស៊ូចាស់ៗ នាថ្មីៗនេះ គឺជាទង្វើផ្តាច់ការ បង្កភាពអយុត្តិធម៌ និងការឈឺចាប់យ៉ាងធ្ងន់ធ្ងរបំផុតដល់សមាជិក។
គណបក្សនេះបានអំពាវនាវដល់ក្រសួងមហាផ្ទៃ កុំឱ្យទទួលចាត់ការនូវរាល់សំណុំឯកសារនៃការស្នើសុំផ្លាស់ប្តូរសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលស្នើឡើងដោយក្រុមមេដឹកនាំគណបក្សភ្លើងទៀន ដោយអះអាងថា ជាទង្វើរំលោភច្បាប់ រំលោភសិទ្ធិមនុស្ស រំលោភសិទ្ធិនយោបាយ និងរំលោភសិទ្ធិពលរដ្ឋម្ចាស់ឆ្នោត ដែលបានបោះឆ្នោតជ្រើសរើសតំណាងនៅ ថ្នាក់មូលដ្ឋានឃុំ សង្កាត់ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
តាមរយៈសេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤, គណបក្សកម្លាំងជាតិ បានចាត់ទុកគណបក្សភ្លើងទៀន ដែលជាគណបក្សដើមរបស់ថ្នាក់ដឹកនាំគណបក្ស កម្លាំងជាតិ គឺជាគណបក្សដែលមានគោលការណ៍ប្រជាធិបតេយ្យ សេរី រក្សាបាននូវជំហរដើម ស្មារតីដើម និងឧត្តមគតិដើម របស់អតីតស្ថាបនិកគណបក្សភ្លើងទៀន។
ប៉ុន្តែចុងក្រោយនេះគណបក្សកម្លាំងជាតិ មើលឃើញថា ក្រុមមេដឹកនាំគណបក្ស ភ្លើងទៀនសព្វថ្ងៃ បានប្តូរជំហរផ្ទុយពីស្មារតីដើមរបស់អតីតស្ថាបនិកគណបក្សភ្លើងទៀន ដោយបានបោះបង់គោលការណ៍ប្រជាធិបតេយ្យ សេរី ហើយចាប់យកជម្រើសផ្តាច់ការ បង្ខិតបង្ខំ គំរាមកំហែង ដែលទង្វើទាំងនេះបានលាតត្រដាងឱ្យមហាជនទូទៅឃើញជាក់ស្តែង ដូចជា ការមិនគោរពឱ្យតម្លៃ និងការបណ្ដេញចេញអ្នកតស៊ូ អ្នកលះបង់ អ្នកស្មោះត្រង់នៅតាមមូលដ្ឋាន ពិសេស ការប្រើអំណាចបង្ខំឱ្យសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោត (អង្គបោះឆ្នោត) ដើម្បីទៅបោះឆ្នោតឱ្យគណបក្សនយោបាយមួយ ដោយរំលោភលើសិទ្ធិសម្រេចចិត្តជាសម្ងាត់របស់អង្គបោះឆ្នោត និងបានបណ្តេញសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោតចេញពីតួនាទីជាច្រើននាក់ នៅទូទាំងប្រទេស ខណៈដែលគណបក្សភ្លើងទៀន គ្មានឈ្មោះចូលរួមប្រកួត បោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
គណបក្សប្រឆាំងថ្មីៗនេះ បានរៀបរាប់ទៀតថា ទង្វើផ្តាច់ការជាក់ស្ដែងមួយ ក្នុងចំណោមទង្វើផ្តាច់ការជាច្រើននៅទូទាំងប្រទេស ដែលអនុវត្តដោយក្រុមមេដឹកនាំគណបក្សភ្លើងទៀន ទៅលើសកម្មជនតស៊ូ លះបង់ ស្មោះត្រង់ នៅឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ គឺ ការបណ្ដេញចេញពីតួនាទីសមាជិកក្រុមប្រឹក្សាឃុំជាប់ឆ្នោត ចំនួន ៥រូប កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ ឃុំសំបូរ មានអាសនៈក្រុមប្រឹក្សាឃុំសរុបចំនួន១១ ហើយគណបក្សកាន់អំណាច ឈ្នះអាសនៈចំនួន៦ និងគណបក្សភ្លើងទៀន ឈ្នះអាសនៈចំនួន៥។
គណបក្សនេះបានបន្ថែមថា ទង្វើផ្តាច់ការរបស់ក្រុមមេដឹកនាំគណបក្សភ្លើងទៀននៅពេលនេះ គឺបានបង្កភាពអយុត្តិធម៌ និងការឈឺចាប់យ៉ាង ធ្ងន់ធ្ងរបំផុត ដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោត នៅទូទាំងប្រទេស ហើយគណបក្ស កម្លាំងជាតិ ត្រូវតែចេញមុខ ការពារយុត្តិធម៌ជូនអ្នកដែលកំពុងរងគ្រោះដោយទង្វើផ្តាច់ការនេះ និងជំរុញឱ្យក្រុមមេដឹកនាំគណបក្សភ្លើងទៀន ងាកមក អនុវត្តតាមគន្លងគោលការណ៍ប្រជាធិបតេយ្យ សេរីឡើងវិញ ស្របតាមស្មារតីដើមរបស់អតីតស្ថាបនិកគណបក្សភ្លើងទៀន។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ អនុប្រតិបត្តិគណបក្សភ្លើងទៀនខេត្តសៀមរាប និងសមាជិកក្រុមប្រឹក្សាជាប់ឆ្នោត និងក្រុមការងារតាមឃុំ-ស្រុក ប្រមាណ១៥០នាក់ ក៏បានលើកគ្នាតវ៉ានៅទីស្នាក់ការគណបក្សភ្លើងទៀនខេត្តសៀមរាប ដើម្បីទាមទារឲ្យ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន លុបសេចក្តីសម្រេចតែងតាំង គណៈកម្មាធិការប្រតិបត្តិខេត្តសៀមរាបថ្មី ព្រមទាំងសួររកខុសត្រូវនៃការលុបសមាជិកភាពក្រុមប្រឹក្សាជាប់ឆ្នោតចំនួន ៣រូប និងប្រធានក្រុមការងារស្រុកស្វាយលើផងដែរ៕