Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអន្តរាគមន៍របស់រាជរដ្ឋាភិបាលកម្ពុជាទៅដល់ប្រជាជន គឺមិនអចិន្ត្រៃយ៍ តែសំដៅទៅលើគ្រាមានអាសន្នប៉ុណ្ណោះ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃអង្គារ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានជាតិ 317
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអន្តរាគមន៍របស់រាជរដ្ឋាភិបាលកម្ពុជាទៅដល់ប្រជាជន គឺមិនអចិន្ត្រៃយ៍ តែសំដៅទៅលើគ្រាមានអាសន្នប៉ុណ្ណោះ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអន្តរាគមន៍របស់រាជរដ្ឋាភិបាលកម្ពុជាទៅដល់ប្រជាជន គឺមិនអចិន្ត្រៃយ៍ តែសំដៅទៅលើគ្រាមានអាសន្នប៉ុណ្ណោះ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងបញ្ជាក់ថា ការជួយអន្តរាគមន៍របស់រាជរដ្ឋាភិបាលទៅដល់ប្រជាពលរដ្ឋ គឺធ្វើឡើងដោយផ្អែកលើគ្រាមានអាសន្ននិងការលំបាកប៉ុណ្ណោះ ពោលគឺមិនមែនជាការជួយជាអចិន្ត្រៃយ៍ឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលើកទិសដៅឆ្នាំ២០២៤ នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងបញ្ជាក់ថា ការអន្តរាគមរបស់រាជរដ្ឋាភិបាលក្នុងការជួយទៅដល់ប្រជាពលរដ្ឋដែលជួបការលំបាក ឬស្ថិតក្នុងគ្រាមានអាសន្ន មិនមែនធ្វើឡើងជារៀងរហូតនោះទេ។ សម្តេចបានលើកឧទាហរណ៍ ពាក់ព័ន្ធនឹងករណីជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារវិបត្តិជំងឺកូវីដ-១៩ និងរងគ្រោះដោយសារបញ្ហាផ្សេងៗ គឺនឹងត្រូវបិទបញ្ចប់នៅពេលដែលស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល និងស្ថានភាពសេដ្ឋកិច្ចមានភាពល្អប្រសើរឡើង។ រីឯករណីជួយឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ នឹងត្រូវបិទបញ្ចប់នៅពេលកូនផុតអាយុ២ឆ្នាំ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា ជាក់ស្តែងរាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញកម្មវិធីនយោបាយអាទិភាពចំនួន៦ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលរដ្ឋគ្រោងចំណាយថវិកាប្រមាណជិត ៤៥០លានដុល្លារ ដើម្បីជួយទៅដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងហានិភ័យផ្សេងៗ ដែលរួមមាន៖
កម្មវិធីទី(១) ការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល
កម្មវិធីទី(២) ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស
កម្មវិធីទី(៣) ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ចនិងគ្រាមានគ្រោះអាសន្ន
កម្មវិធីទី(៤) ការដាក់ចេញនិងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ
កម្មវិធីទី(៥) ការដាក់ចេញនូវយន្តការសម្របសម្រួលនិងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ
និងកម្មវិធីទី(៦) ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ ក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន និងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ៕




អត្ថបទទាក់ទង