Khmer First Close

ទស្សនៈមិត្តអ្នកអាន៖ ក្រុមប្រឆាំង និងអ្នកប្រើប្រាស់បណ្តាញសង្គមជ្រុលនិយមគួរបញ្ឈប់ការបំភ្លៃ បំផ្លើស ញុះញង់ និងពង្រីករឿងព្រំដែន

ដោយ៖ សម្បត្តិ កិត្យា ​​ | ម្សិលមិញ ម៉ោង 14:54 pm ទស្សនៈ - នយោបាយ 211
ទស្សនៈមិត្តអ្នកអាន៖ ក្រុមប្រឆាំង និងអ្នកប្រើប្រាស់បណ្តាញសង្គមជ្រុលនិយមគួរបញ្ឈប់ការបំភ្លៃ បំផ្លើស ញុះញង់ និងពង្រីករឿងព្រំដែន ទស្សនៈមិត្តអ្នកអាន៖ ក្រុមប្រឆាំង និងអ្នកប្រើប្រាស់បណ្តាញសង្គមជ្រុលនិយមគួរបញ្ឈប់ការបំភ្លៃ បំផ្លើស ញុះញង់ និងពង្រីករឿងព្រំដែន

នៅទីបំផុតទៅកម្ពុជា-ថៃ បានស្រុះស្រួលគ្នាឈានទៅរកការបោះបង្គោលព្រំដែនរួមគ្នា ដើម្បីបែងចែកខណ្ឌសីមាឲ្យមានច្បាស់លាស់រវាងប្រទេសទាំងពីរ តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ(JBC)។ ភាគីកម្ពុជា និងភាគីថៃ បានឯកភាពគ្នាបញ្ជូនក្រុមវាស់វែងចម្រុះចុះអនុវត្តការងារវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ នៅខេត្តបន្ទាយមានជ័យ និងលេខ៥២-៥៩ នៅខេត្តបាត់ដំបង។ ក្រុមការងារបច្ចេកទេសនៃភាគីទាំងពីរ បានធ្វើកិច្ចការវាស់វែងបង្គោលព្រំដែនដោយយោងតាមឯកសាររបស់បារាំងឆ្នាំ១៩០៨-១៩០៩ និង១៩១៩-១៩២០ ជាមូលដ្ឋានក្នុងការស្វែងរកទីតាំងដ៏ត្រឹមត្រូវ។

ការឈានទៅរកចំណុចរួមគ្នារវាងប្រទេសទាំងពីរកម្ពុជា-ថៃ គឺជាសេចក្តីប្រាថ្នាចង់បានរបស់ប្រជាជននៃប្រទេសទាំងពីរ និងជាដំណើរឆ្ពោះទៅរកការកសាងព្រំដែនមួយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ បើទោះជាក្រុមការងារបច្ចេកទេសកំពុងដំណើរការយ៉ាងប្រុងប្រយ័ត្ន ធ្វើកិច្ចការវាស់វែងព្រំដែនយ៉ាងយកចិត្តទុកដាក់ក្តី ក្រុមប្រឆាំង និងអ្នកប្រើប្រាស់បណ្តាញសង្គមជ្រុលនិយមមួយតំបស្វាឯណោះវិញ ហាក់មិនចង់ឲ្យប្រទេសទាំងពីរកម្ពុជា-ថៃ មានព្រំដែនមួយត្រូវបានកំណត់ច្បាស់លាស់ឡើយ ដោយពួកគេបានបំភ្លៃ បំផ្លើស ញុះញង់ ក្នុងគោលបំណងបំភាន់មតិសាធារណជាតិ និងអន្តរជាតិ ជាពិសេសញុះញង់ឲ្យប្រជាពលរដ្ឋ មានការយល់ច្រឡំមកលើរាជរដ្ឋាភិបាលថា កាត់ដីដូរយកសន្តិភាព, រាជរដ្ឋាភិបាលមិនយកចិត្តទុកដាក់ចំពោះប្រជាជន និងថា រដ្ឋាភិបាលប្រើប្រាស់ផែនទីមិនត្រឹមត្រូវជាដើម។

ក្រុមប្រឆាំងបានពង្រីកប្រធានបទ បាត់បង់ទឹកដី និងរំកិលព្រំដែន ដោយបានធ្វើអត្ថាធិប្បាយតាមការស្រមើស្រមៃរបស់ខ្លួន មិនមានប្រភពច្បាស់លាស់ និងពុំបានរំលេចនូវសន្ធិសញ្ញា អនុសញ្ញា និងច្បាបអន្តរជាតិដើម្បីធ្វើជាមូលដ្ឋានបន្តិចសោះឡើយ។ សម្តីចោទប្រកាន់របស់ក្រុមប្រឆាំងរស់នៅក្រៅប្រទេស កំពុងបង្ហាញពីភាពគ្មានចំណេះដឹងលើការងារបច្ចេកទេសតាមព្រំដែន និងជាការបង្ហាញថា ពួកគេជាក្រុមមិនដែលធ្លាប់ចូលរួមក្នុងការវាស់វែងជាក់ស្តែងសូម្បីតែមួយមីលីម៉ែត្រនៅលើដីព្រំដែនដោយផ្ទាល់ឡើយ។ ទង្វើទាំងអស់នេះរបស់ក្រុមប្រឆាំង មិនបានជួយអ្វីបន្តិចទាល់តែសោះដល់រាជរដ្ឋាភិបាល តែវាជាការជាន់ពន្លិច បំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះបញ្ហាព្រំដែនជាមួយប្រទេសជិតខាងទៅវិញ។
នាពេលកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា ក៏បានធ្វើការផ្ទៀងផ្ទាត់រួចហើយនូវផែនទីផ្លូវការដែលបានតម្កល់ទុកនៅអង្គការសហប្រជាជាតិ និងបានរកឃើញថា ខ្សែបន្ទាត់ព្រំដែនកម្ពុជានៅលើផែនទីខ្មែរដែលផ្តល់ជូនដោយបារាំង និងផែនទីរបស់រាជរដ្ឋាភិបាល គឺដូចគ្នាបេះបិត។ ការផ្ទៀងផ្ទាត់ផែនទីក្រោមក្រសែភ្នែកមន្រ្តីកម្ពុជាមកពីគ្រប់ភាគីពាក់ព័ន្ធ បូករួមទាំងគណបក្សនយោបាយគ្រប់និន្នការ ក៏ដូចជាអ្នកព័ត៌មានជាសាក្សីជាច្រើននាពេលនោះ បានបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់ផែនទីត្រឹមត្រូវដែលបន្សល់ទុកពីសម័យអានាព្យាបាលបារាំង ពោលគឺមិនដែលលាក់លៀមរឿងព្រំដែននោះឡើយ ផ្ទុយទៅវិញរាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តក្នុងការការពារដែនអធិបតេយ្យភាព បូរណភាពទឹកដី មិនឲ្យបាត់បង់សូម្បីមួយមីល្លីម៉ែត្រឡើយ។

ក្នុងនាមជាប្រជាពលរដ្ឋ គួរតែចូលរួមត្រេកអរជាមួយរាជរដ្ឋាភិបាល ជាពិសេសរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលបានខិតខំប្រឹងប្រែងដោះស្រាយបញ្ហា សម្រេចបានលទ្ធផល្អក្នុងការវាស់វែងកំណត់ព្រំដែនជាមួយនិងប្រទេសថៃ ហើយឈានទៅរកការដោះស្រាយលើបញ្ហានៅភូមិជោគជ័យ និងភូមិព្រៃចាន់ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ រឿងវាស់វែងព្រំដែន ហើយសម្រេចបានព្រំដែនមួយច្បាស់លាស់ គឺជាជោគជ័យដ៏ធំមួយរបស់កម្ពុជា។ កម្ពុជាតូចតែសម្រេចបានសមិទ្ធផលធំ។ ជាការពិតណាស់ បើមានពន្លឺក្នុងការដោះស្រាយបញ្ហាហើយ គួរតែខិតខំដោះស្រាយជម្លោះ ខិតខំបញ្ចៀសសង្គ្រាម ទើបជាដំណោះស្រាយដ៏ល្អ ការពារអាយុជីវិតប្រជាជននៃប្រទេសទាំងពីរ ដើម្បីឲ្យស្ថានភាពព្រំដែនកម្ពុជា-ថៃ វិលទៅរកប្រក្រតីភាពដូចដើមវិញ។

សរុបមកវិញ ក្រុមប្រឆាំង និងអ្នកប្រើប្រាស់បញ្តាញសង្គមជ្រុលនិយមរស់នៅក្រៅស្រុក ល្មមបញ្ចប់ហើយវប្បធម៌លាបពណ៌មកលើរាជរដ្ឋាភិបាល ការញុះញង់ឲ្យមានទំនាស់រវាងប្រទេសទាំងពីរកម្ពុជា-ថៃ។ ការរិះគន់ដើម្បីស្ថាបនា ជារឿងត្រឹមត្រូវ តែបើការរិះគន់ដើម្បីបន្ទោសបង្អាប់ ជាន់ពន្លិច ឲ្យប្រទេសទាំងពីរកម្ពុជា-ថៃមើលមុខគ្នាមិនត្រូវ មិនមែនជារឿងត្រឹមត្រូវឡើយ។សូមបងប្អូនប្រជាពលរដ្ឋ ជឿជាក់លើប្រមុខដឹកនាំរាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដីរបស់កម្ពុជា និងជឿជាក់លើគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក ដែលបានលះបង់សព្វគ្រប់បែបយ៉ាងធ្វើកិច្ចការងារវាស់វែងព្រំដែន ដោយតម្កល់ឧត្តមប្រយោជន៏ជាតិជាធំ និងប្រកាន់នូវគោលការណ៍ច្បាប់អន្តរជាតិ ដោយគោរពគោលការណ៍ព្រំដែនមិនកែប្រែដែលបានបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម។ ពលរដ្ឋកម្ពុជា នឹងបានទទួលផលដែលជាការការពារបានឧត្តមប្រយោជន៍ជាតិយ៉ាងពិតប្រាកដ គឺខ្សែព្រំដែនច្បាស់លាស់ ព្រំដែនបញ្ចប់នូវអារិភាព និងជាព្រំដែនបញ្ចប់ការបង្ហូរឈាម ដែលនឹងជាមរតកសម្រាប់កូនចៅជំនាន់ក្រោយយូរអង្វែងទៅមុខទៀត៕
ដោយៈ សុខ សុវណ្ណ

អត្ថបទទាក់ទង