ការវាស់វែងព្រំដែនកម្ពុជា-ថៃ៖ រវាងអារម្មណ៍ជាតិនិយមជ្រុល និងឆន្ទៈនយោបាយសន្តិភាពពិតប្រាកដ
បញ្ហាព្រំដែនកម្ពុជា-ថៃ គឺជាប្រធានបទនយោបាយ ប្រវត្តិសាស្ត្រដ៏ស្មុគស្មាញ និងពិបាកដោះស្រាយអស់រយៈពេលជាងមួយសតវត្សរ៍មកហើយ ព្រោះបញ្ហានេះតែងតែមានជាប់ពាក់ព័ន្ធទៅនឹងអារម្មណ៍ជាតិនិយម កត្តាសន្តិសុខ និងកិត្យានុភាពរបស់ប្រទេសជាតិនៃទាំងពីរ។ ការងារវាស់វែង និងបោះបង្គោលព្រំដែនជាការប្រតិបត្តិដែលមិនអាចចៀសវាងបាន ដើម្បីធានាបានដល់ខ្សែព្រំដែនមួយច្បាស់លាស់ រឹងមាំ និងកាត់បន្ថយការប្រឈមមុខដាក់គ្នារវាងយោធានៃប្រទេសទាំងពីរទាំងពេលនេះនិងនៅអនាគត។
គួរកត់សម្គាល់ផងដែរថា គ្រប់រាជរដ្ឋាភិបាលនៃអាណត្តិថ្មីនីមួយៗ តែងតែធ្វើការសច្ចាប្រណិធានចំពោះព្រះភក្រ្តព្រះមហាក្សត្រនៅពេលចូលកាន់តំណែងថ្មីម្តងៗដោយមានការលើកអំពីតម្លៃនៃភារៈកិច្ចការពារទឹកដីដែលជាគោលជំហរមានការតាំងចិត្តយ៉ាងមុតមាំ។ ដូច្នេះ ការចូលរួមរបស់រដ្ឋាភិបាលក្នុងការគាំទ្រដល់ប្រតិបត្តិការវាស់វែងព្រំដែនគឺជាការអនុវត្តឆន្ទៈដោយផ្ទាល់របស់រាជរដ្ឋាបាលកម្ពុជានិងក៏ស្របទៅតាមការប្រាថ្នាចង់បានពីសំណាក់ប្រជាជនពលរដ្ឋកម្ពុជាទូទាំងប្រទេសផងដែរ។
ក្រុមប្រឆាំង និងអ្នកប្រើបណ្តាញសង្គមមួយចំនួន អះអាងថាកម្ពុជាបានបាត់បង់ទឹកដីដោយសំអាងលើព័ត៌មានដែលមិនមានព្រភពច្បាស់លាស់និងដោយការប្រកាន់យកនូវអារម្មណ៏បែបជ្រុលនិយម ដែលជាការអះអាងដោយពឹងផ្អែកលើតែអារម្មណ៍ មិនមែនលើទិន្នន័យបច្ចេកទេសនិងឯកសារប្រវត្តិសាស្ត្រ។ បញ្ហានេះក៏កើតឡើងដូចគ្នាទៅនិងប្រជាជនថៃ ដែលក្រុមជ្រុលនិយមថៃក៏បានចោទរដ្ឋាភិបាលរបស់ខ្លួនថាបានធ្វើឲ្យបាត់បង់ទឹកដីទៅឲ្យប្រទេសកម្ពុជាផងដែរ។
បើនិយាយអំពីនីតិវិធីនៃការវាស់វែងខ្សែព្រំដែនវិញគឺត្រូវតែផ្អែកទៅលើផែនទី អនុសញ្ញា សន្ធិសញ្ញា កិច្ចព្រមព្រៀង និងច្បាប់អន្តរជាតិ ដែលជាឯកសារគតិយុត្តិដ៏សំខាន់បំផុតក្នុងការដោះស្រាយបញ្ហាដ៏រសើបមួយនេះ ពោលគឺមិនអាចត្រូវបានគេធ្វើឡើងតាមរយៈនៃការយកបញ្ហានេះដោយប្រើប្រាស់ឲ្យទៅជាឧបករណ៍នយោបាយក្នុងការបញ្ឆេះកំហឹង បង្កការបះបោរ ឬញុះញង់ឲ្យមានអារម្មណ៍បែបជ្រុលនិយមបាននោះទេ។
ការងារចម្រុះកិច្ចការព្រំដែនជាការងារចាំបាច់និងសំខាន់បំផុតសម្រាប់សន្តិសុខជាតិ ដែលត្រូវក្រុមការងារជំនាញកិច្ចការព្រំដែនរបស់ប្រទេសទាំងពីរកំពុងអនុវត្តការងារនេះត្រូវធ្វើឲ្យស្របតាមលក្ខណៈបច្ចេកទេស ដោយគោរពតាមសន្ធិសញ្ញា និងឯកសារប្រវត្តិសាស្ត្រដែលបានទទួលស្គាល់ជាអន្តរជាតិជាចាំបាច់។
ប្រសិនបើយន្តការនេះត្រូវបានរំខានដោយប្រការណាមួយ ដូចជាការបំផុសនូវព័ត៌មានក្លែងក្លាយ បំភ្លៃការពិតនោះ នឹងអាចនាំឲ្យកើតទៅជា ជម្លោះប្រដាប់អាវុធ ការបាត់បង់ជីវិត និងកំហុសគោលនយោបាយយ៉ាងធ្ងន់ធ្ងរណាស់សម្រាប់ប្រវត្តិសាស្ត្ររបស់ប្រទេសជាតិនីមួយៗ។
ប្រសិនបើការងារបោះបង្គោលព្រំដែនបណ្តោះអាសន្ននេះទទួលបានជោគជ័យនិងមានការគាំទ្រដោយទទួលស្គាល់ពីរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ នោះព្រំដែនកម្ពុជា-ថៃពិតជានឹងត្រូវឈានទៅការបោះបង្គោលព្រំដែនផ្លូវការបានចប់ជាមិនខាននឹងអាចនាំតំបន់ព្រំដែនកម្ពុជា-ថៃអាចក្លាយទៅជាព្រំដែនសន្តិភាពដោយមិនមានការតានតឹងដោយប្រឈមមុខដាក់គ្នារវាងយោធានៃប្រទេសទាំងពីរ ហើយសន្តិសុខ និងសេដ្ឋកិច្ចតំបន់ព្រំដែននឹងត្រូវលើកកម្ពស់និងប្រែមុខមាត់ថ្មីជាមិនខាន។សមិទ្ធិផលដ៏ធំមួយនេះនិងបានជាប្រយោជន៍រួម សម្រាប់ទាំងប្រជាជននៃប្រទេសទាំងពីរ ហើយក៏មិនមានប្រទេសណាដែលត្រូវគេចោទថាបាត់បង់ទឹកដី ឬទទួលបានទឹកដី ឬថាប្រទេសណាមួយជាអ្នកចាញ់ឬជាអ្នកឈ្នះនៅក្នុងដំណើរការដែលអនុវត្តដោយឈរលើគោលការណ៏និងយន្តការដែលមានស្រាប់ ជាពិសេសគឺត្រូវគោរពទៅតាមគោលការណ៏ព្រំដែនមិនកែប្រែដែលជាឯកសារប្រវត្តិសាស្ត្រដែលបានបន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិន-សៀមតាំងពីរជំនាន់អាណាព្យាបាលបារាំងមកម្ល៉េះ។
ការដោះស្រាយបញ្ហាព្រំដែនត្រូវមានឆន្ទៈនយោបាយរឹងមាំនិងមុតស្រួចប្រកបដោយជំនាញបច្ចេកទេស ខ្ពស់និងការតម្កល់ផលប្រយោជន៍ជាតិរួមជាធំព្រោះកម្ពុជាចាំបាច់ត្រូវបន្តការការពារអធិបតេយ្យភាព បូរណភាពជាតិ រក្សាបាននូវសុខសន្តិភាពនិងស្ថិរភាពនយោបាយជាមួយអន្តរជាតិនិងប្រទេសជិតខាងផងដែរ។ នាពេលអនាគតព្រំដែនកម្ពុជា-ថៃ នឹងត្រូវកំណត់ដោយ ការយល់ព្រមទទួលយកសន្តិភាព មិនមែនដោយសារតែការមានអារម្មណ៏បែបជ្រុលនិយមឬត្រូវប្រើយុទ្ធសាស្ត្រធ្វើសង្គ្រាមក្នុងការដោះស្រាយបញ្ហាព្រំដែននោះទេ៕
ដោយ៖ ពិន វិជ័យ- អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ
ប្រភព៖ Asian Speech





