Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដាច់ណាត់មិនឲ្យមានការវិនិយោគដាំកញ្ឆានៅកម្ពុជា

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានជាតិ 803
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដាច់ណាត់មិនឲ្យមានការវិនិយោគដាំកញ្ឆានៅកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដាច់ណាត់មិនឲ្យមានការវិនិយោគដាំកញ្ឆានៅកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជាមិនអនុញ្ញាតឲ្យមានការវិនិយោគដាំដំណាំកញ្ឆានោះឡើយ ដោយសារកញ្ឆានេះពាក់ព័ន្ធនឹងគ្រឿងញៀន។ បើតាមសម្តេចធិបតី នេះជាសារបញ្ជូនទៅដល់អ្នកដែលមានគម្រោងស្នើសុំរាជរដ្ឋាភិបាល វិនិយោគដាំដំណាំកញ្ឆា ក្រោមហេតុផលបម្រើឲ្យវិស័យសុខាភិបាល ឲ្យបញ្ឈប់គម្រោងស្នើសុំវិនិយោគជាបន្ទាន់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី «បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩» នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ដរាបណាសម្តេចនៅកាន់តំណែងជានាយករដ្ឋមន្ត្រី សម្តេចមិនអនុញ្ញាតឲ្យមានអាជ្ញាប័ណ្ណដាំដំណាំកញ្ឆានៅកម្ពុជាដាច់ខាត ដោយសារកញ្ឆាជាធាតុផ្សំម្យ៉ាងក្នុងការផលិតគ្រឿងញៀន។ សម្តេចថា សកម្មភាពនៃការប្រើប្រាស់គ្រឿងញៀននៅកម្ពុជា កំពុងតែរីករាលពីទីក្រុងទៅជនបទ ហើយអ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀនមានការកើនឡើងគួរឲ្យព្រួយបារម្ភ ដូច្នេះទាមទារឲ្យគ្រប់ភាគីទាំងអស់ ទាំងវិស័យឯកជន និងរដ្ឋត្រូវចូលរួមទប់ស្កាត់ឲ្យបានម៉ឹងម៉ាត់បំផុត ដោយសារបញ្ហានេះ គឺជាបញ្ហារួម ដែលបានកំពុងកើតឡើងនាពេលបច្ចុប្បន្ននៅកម្ពុជា ក៏ដូចជាពិភពលោក។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឧទាហរណ៍ករណីនៅក្នុងប្រទេសសិង្ហបុរី ដែលអ្នកជាប់ពន្ធនាគារដោយសារបញ្ហាគ្រឿងញៀន ជាង ៤០% គឺបានប្រើប្រាស់គ្រឿងញៀនតាំងពីក្រោមអាយុ ១៨ឆ្នាំ ហើយភាគច្រើនផ្តើមចេញពីការជក់កញ្ឆា។ សម្តេចធិបតីបញ្ជាក់ថា កម្ពុជាគ្មានហេតុផលអ្វីនឹងអនុញ្ញាតឲ្យមានអាជ្ញាបណ្ណដាំដំណាំកញ្ឆានោះទេ ហើយកម្ពុជាក៏មិនត្រូវការការវិនិយោគដាំកញ្ឆាលើផ្ទៃដីរាប់ម៉ឺនហិកតា ក្រោមលេសដើម្បីបម្រើឲ្យវិស័យសុខាភិបាលដែរ ព្រោះគ្មានចំណេញដល់ជាតិ និងប្រជាជនកម្ពុជាឡើយ៕




អត្ថបទទាក់ទង