សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់រួមគ្នាដើម្បីវិស័យទេសចរណ៍ «ទាំងអស់គ្នាដើម្បីទេសចរណ៍ និងទេសចរណ៍ដើម្បីទាំងអស់គ្នា»
នៅក្នុងពិធីបើកជាផ្លូវការ ពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បងប្អូនជនរួមជាតិទាំងអស់ និងវិស័យឯកជន ចូលរួមឱ្យបានផុសផុលប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីធ្វើឱ្យបុណ្យទន្លេនៅឆ្នាំនេះ ទទួលបានជោគជ័យ ជាពិសេសរួមគ្នាដើម្បីវិស័យទេសចរណ៍ ស្របតាមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» «ទាំងអស់គ្នាដើម្បីទេសចរណ៍ និងទេសចរណ៍ដើម្បីទាំងអស់គ្នា» ផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ជាតិ និងអន្តរជាតិ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមឱ្យកាន់តែសកម្មក្នុងចលនាប្រឡងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ និងសហការថែរក្សាសោភ័ណភាព អនាម័យ បរិស្ថាន ដែលជាកត្តាចម្បងមិនអាចខ្វះបាន ក្នុងការថែរក្សាតំបន់ប្រាសាទឱ្យស្រស់ស្អាតយូរអង្វែងដើម្បីបន្តជាមរតករបស់កូនចៅជំនាន់ក្រោយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងលើកិច្ចការពារ អភិរក្ស បរិស្ថាន និងការអភិវឌ្ឍធនធានធម្មជាតិ ដោយឈរលើគោលការណ៍ «ការអភិវឌ្ឍបម្រើឱ្យការអភិរក្ស» និង «ការអភិរក្សបម្រើឱ្យការអភិវឌ្ឍ» ដែលយើងត្រូវរួមគ្នាគិត រួមធ្វើ រួមទទួលខុសត្រូវ ដើម្បីប្រែក្លាយតំបន់តាមដងទន្លេឱ្យក្លាយទៅជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ សំដៅរួមចំណែកដល់ការបង្កើតការងារ ប្រាក់ចំណូល ការចូលរួមកាត់បន្ថយភាពក្រីក្រ និងការការពារបរិស្ថានធនធានធម្មជាតិ៕