ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល កំពុងដើរទាក់ម៉ូយនៅសហភាពអឺរ៉ុប
ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អមដោយអ្នកវិនិយោគពីសមាគមឧកញ៉ាកម្ពុជា បាននិងកំពុងធ្វើដំណើរទៅកាន់ប្រទេសជាច្រើននៅតំបន់អឺរ៉ុប ដើម្បីផ្សព្វផ្សាយពីសក្តានុពលវិនិយោគនៅកម្ពុជា ក៏ដូចជាបញ្ចុះបញ្ចូលអ្នកវិនិយោគនៅតំបន់អឺរ៉ុប ឱ្យចូលមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។
ផ្តើមថ្ងៃដំបូងនៃដំណើរទស្សនកិច្ច «គោះទ្វារវិនិយោគ» នៅសហភាពអឺរ៉ុបនេះ លោកឧបនាយករដ្ឋមន្ត្រី បានពិភាក្សាការងារជាមួយលោកស្រី Amparo Lopez Senovilla រដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ប្រទេសអេស្ប៉ាញ។ ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រីបានជម្រាបលោកស្រីរដ្ឋលេខាធិការ អំពីសក្តានុពលវិជ្ជមានរបស់កម្ពុជា ដែលមានជាអាទិ៍ ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មកម្ពុជា ដែលមានភាពវ័យក្មេងប្រកបដោយថាមពលនិងថាមវន្ត មានរាជរដ្ឋាភិបាលជួយគាំទ្រដល់ធុរកិច្ច មានរបបវិនិយោគដែលមានភាពអនុគ្រោះ និងភាពប្រទាក់ក្រឡានៃហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយកម្ពុជាដែលបាននិងកំពុងផ្ដល់ឱកាសឱ្យវិនិយោគិនបណ្ដាក់ទុនវិនិយោគបានផងដែរ។ នាឱកាសនោះដែរលោកឧបនាយករដ្ឋមន្ត្រី បានរំពឹងថា កម្ពុជានិងអេស្ប៉ាញ អាចពិនិត្យរៀបចំឱ្យមានសន្ធិសញ្ញាវិនិយោគទ្វេភាគី សំដៅបង្កភាពងាយស្រួលដល់ការវិនិយោគ និងទំនាក់ទំនងផងដែរ។
ជាមួយគ្នានេះ លោកស្រី Amparo Lopez Senovilla បានបង្ហាញការស្វាគមន៍មកកាន់លោកឧបនាយករដ្ឋមន្ត្រីនិងគណៈប្រតិភូកម្ពុជាចំពោះដំណើរទស្សនកិច្ចក្នុងប្រទេសអេស្ប៉ាញក្នុងពេលនោះ ព្រមទាំងបានបង្ហាញចំណាប់អារម្មណ៍ដែលវិនិយោគិនអេស្ប៉ាញអាចនឹងវិនិយោគលើវិស័យទេសចរណ៍ ថាមពលកកើតឡើងវិញ ឱសថ វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ពិសេសហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធចម្រោះទឹកកខ្វក់ និងវិស័យផ្សេងៗមួយចំនួនទៀតនៅកម្ពុជា។
បន្ទាប់ពីជំនួបនេះរួចមក នៅព្រឹកថ្ងៃទី១០ ខែមិថុនា ដដែល លោក ស៊ុន ចាន់ថុល និងលោកស្រី Amparo Lopez Senovilla បានអញ្ជើញបើកសិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ទៅកាន់សហគ្រាសរបស់អេស្ប៉ាញ ដែលបានរៀបចំ និងមានការចូលរួមពីសភាពាណិជ្ជកម្មអេស្ប៉ាញ សហព័ន្ធអង្គការពាណិជ្ជកម្មអេស្ប៉ាញ(CEOE) គណៈប្រតិភូកម្ពុជា និងវិស័យឯកជនជាច្រើនរូប។
ថ្លែងក្នុងសិក្ខាសាលានោះ លោកឧបនាយករដ្ឋមន្ត្រី បានគូសរំលេចអំពីសក្តានុពលកម្ពុជាមានជាអាទិ៍ ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មកម្ពុជា ភាពប្រទាក់ក្រឡានៃហេដ្ឋារចនាសម្ព័ន្ធកម្ពុជាទាំងផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស និងផ្លូវដែក ពិសេសមានរាជរដ្ឋាភិបាលផ្ដល់ការគាំទ្រដល់ភាពរីកចម្រើនរបស់ធុរជន និងច្បាប់វិនិយោគមានភាពបើកចំហរជូនវិនិយោគិនពីគ្រប់ប្រទេស។
ជាសុទិដ្ឋិនិយមសម្រាប់កិច្ចសម្របសម្រួលជូនវិនិយោគិន លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញជំនឿយ៉ាងមុតមាំថា វិនិយោគិន និងធុរជនដែលបានអញ្ជើញចូលរួមនាពេលនេះ នឹងអញ្ជើញមកសិក្សាស្វែងយល់ដោយផ្ទាល់នៅកម្ពុជា ក៏ដូចជាពាំនាំនូវបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជាទៅកាន់សហគមន៍ធុរកិច្ចអេស្ប៉ាញឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។ តាមរយៈបទបង្ហាញនិងវគ្គសំណួរចម្លើយរបស់លោក សួន សុផល អគ្គលេខាធិការរង នៃគណៈកម្មាធិការវិនិយោគកម្ពុជា បានរំលេចកាន់តែស៊ីជម្រៅបន្ថែមទៀតអំពីបរិយាកាស ការគាំទ្ររបស់រាជរដ្ឋាភិបាល និងសក្តានុពលវិនិយោគលើវិស័យថ្មីៗនៅកម្ពុជា ពិសេសលើវិស័យយានយន្តនិងអេឡិចត្រូនិក កសិកម្មនិងកសិ-ឧស្សាហកម្ម សុខាភិបាលនិងឱសថ ថាមពលកកើតឡើងវិញ ទេសចរណ៍និងបដិសណ្ឋារកិច្ចជាដើម៕