លោក អ៊ូ ផាន់ណារិទ្ធ ចែករំលែកគន្លឹះ៨ចំណុច ដើម្បីការពារកុំព្យូទ័រលោកអ្នកពីការឆ្លងមេរោគផ្សេងៗ
នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រាប់នូវគន្លឹះចំនួន៨ ចំណុច ដើម្បីការពារកុំព្យូទ័រលោកអ្នកពីការឆ្លងមេរោគផ្សេងៗ (Malware និង Spyware)។ គន្លឹះទាំង៨ចំណុចនោះរួមមាន៖
១-ធ្វើបច្ចុប្បន្នភាព (Update) កម្មវិធីសន្តិសុខរបស់លោកអ្នក៖ យ៉ាងហោចណាស់កុំព្យូទ័ររបស់លោកអ្នកគួរ តែមានកម្មវិធីប្រឆាំងមេរោគ និងជញ្ជាំងភ្លើង (Firewall) ដើម្បីការពារ។ បន្ទាប់មកត្រូវធ្វើបច្ចុប្បន្នភាពកម្មវិធីសន្ដិសុខ, កម្មវិធីរុករកអ៊ីនធឺណិត (Browsers) និងប្រព័ន្ធប្រតិបត្តិការ (ដូចជា Windows ឬរបស់ MacOS) ជាប្រចាំ ឬធ្វើការកំណត់ឱ្យពួកវាអាចធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិ។
២-ចូរកុំចុចលើតំណភ្ជាប់ (Links) ណាមួយ ឬបើកឯកសារភ្ជាប់ណាមួយ នៅក្នុងអ៊ីមែល បើលោកអ្នកមិនច្បាស់ថា តើឯកសារនោះផ្ញើមកក្នុងគោលបំណងអ្វី ព្រោះវាអាចបញ្ចូល Malware នោះនៅលើកុំព្យូទ័ររបស់លោកអ្នកបាន។
៣-ទាញយកនិងដំឡើងកម្មវិធីតែពីវិបសាយដែលអ្នកស្គាល់និងជឿទុកចិត្ត ព្រោះកម្មវិធីឥតគិតថ្លៃភាគច្រើន អាចមានបង្កប់នូវ Malware។
៤-កំណត់ «Drive-By-Download»៖ ត្រូវឧស្សាហ៍ឆែកមើលការកំណត់សន្ដិសុខ លើកម្មវិធី Browsers ដែលលោកអ្នកកំពុងប្រើ និងកំណត់ឲ្យបានខ្ពស់គ្រប់គ្រាន់ដើម្បីរកឱ្យឃើញការទាញយកទិន្នន័យគ្មានការអនុញ្ញាត។ ឧទាហរណ៍៖ សម្រាប់កម្មវិធី Internet Explore ចូរប្រើការកំណត់ «មធ្យម (Medium)»។
៥-ប្រើកម្មវិធីទប់ស្កាត់ Pop-Up និងមិនត្រូវចុចលើតំណភ្ជាប់ណាមួយនៅក្នុង Pop-Up នោះឡើយ៖ ប្រសិនបើលោកអ្នកចុច នោះ Malware អាចនឹងត្រូវបានដំឡើងនៅលើកុំព្យូទ័ររបស់លោកអ្នក។ ចូរបិទ Pop-Up ដោយចុចលើសញ្ញា «X» នៅក្នុងរបារចំណងជើង (Title Bar)។
៦-កុំទិញកម្មវិធីណាដែលបានលេចចេញមកនៅក្នុង Pop-Up ឬអ៊ីមែល៖ ជាពិសេសពត៌មានផ្សព្វផ្សាយដែល អះអាងថា «បានស្កេនកុំព្យូទ័រលោកនិងរកឃើញមាន Malware»។ នោះជាវិធីសាស្ត្រជនអាក្រក់ ប្រើដើម្បីឆ្លងរាលដាល Malware តែប៉ុណ្ណោះ។
៧-ចូរពិភាក្សាអំពីសុវត្ថិភាពកុំព្យូទ័រ៖ ប្រាប់កូនៗរបស់លោកអ្នកថា សកម្មភាព Online មួយចំនួន អាចធ្វើឲ្យកុំព្យូទ័រស្ថិតក្នុងហានិភ័យ មានដូចជាការចុចលើ Pop-Up, ការទាញយកហ្គេម «ដោយឥតគិតថ្លៃ» ឬកម្មវិធីបើកអ៊ីមែលខ្សែ ឬប្រកាសពត៌មានផ្ទាល់ខ្លួន។
៨-ចំលងទុក (Back Up) ទិន្នន័យរបស់អ្នកឱ្យបានទៀងទាត់៖ មិនថាជាឯកសារ អត្ថបទ ឬរូបថតដែលមានសារៈសំខាន់ដល់លោកអ្នកនោះទេ ចូរធ្វើការចំលងទុកទិន្នន័យណាមួយ ដែលអ្នកចង់ចង់រក្សាទុកនៅក្នុងករណីគាំងកុំព្យូទ័ររបស់អ្នក។
ទន្ទឹមនោះ លោកក៏បានបញ្ជាក់បន្ថែមថា មានតែខ្លួនអ្នកទេ ដែលអាចជួយកាត់បន្ថយការវាយលុករបស់មេរោគចូលទៅក្នុងកុំព្យូទ័ររបស់អ្នក។ កម្មវិធីកម្ចាត់មេរោគ (Antivirus) មិនអាចជួយលោកអ្នកបានច្រើនទេក្នុងបរិបទបច្ចុប្បន្ននេះ៕