Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ភារកិច្ចឱ្យ រដ្ឋមន្ត្រីយុត្តិធម៌ សិក្សាបញ្ចូលចំណុចខ្វះខាត ទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌ ទាក់ទងនឹងឃាតកម្មសាហាវ

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 438
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ភារកិច្ចឱ្យ រដ្ឋមន្ត្រីយុត្តិធម៌ សិក្សាបញ្ចូលចំណុចខ្វះខាត ទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌ ទាក់ទងនឹងឃាតកម្មសាហាវ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ភារកិច្ចឱ្យ រដ្ឋមន្ត្រីយុត្តិធម៌ សិក្សាបញ្ចូលចំណុចខ្វះខាត ទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌ ទាក់ទងនឹងឃាតកម្មសាហាវ

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានប្រគល់ភារកិច្ចបន្ថែមជូន លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឱ្យសិក្សា និងរៀបចំបញ្ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌ នាពេលខាងមុខ នូវចំណុចខ្វះខាតទាំងឡាយនៅក្នុងក្រមព្រហ្មទណ្ឌ ដោយរួមបញ្ចូលទាំងចំណុចខ្វះខាតទាក់ទងនឹងការដាក់ទម្ងន់ទោសចំពោះស្ថានភាពនៃបទល្មើសដូចករណីនៃការបាញ់ប្រហារដ៏សាហាវ នាថ្មីៗនេះ។

បទបញ្ជារបស់សម្តេចធិបតី​ បានធ្វើឡើងបន្ទាប់ពី ខ្មាន់កាំភ្លើងគឺ អតីតឧកញ៉ា ស្រី ស៊ីណា បានធ្វើការបាញ់ប្រហារនៅខណ្ឌច្បារអំពៅ បណ្ដាលឲ្យមនុស្ស២នាក់ដែលជាគូដណ្ដឹងនឹងគ្នា បានស្លាប់ និង២នាក់ផ្សេងទៀតរងរបួស។ ករណីនេះ តុលាការបានចោទប្រកាន់ អតីតឧកញ៉ា ស្រី ស៊ីណា ចំនួន៣បទល្មើស គឺបទ ឃាតកម្ម ប៉ុនប៉ងឃាតកម្ម និងបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសារទាំងស្រុងថា៖

«ខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់ ដែលបានបញ្ចេញយោបល់ តាមរយៈការធ្វើ Comments យ៉ាងច្រើនចូលក្នុងហ្វេសប៊ុករបស់ខ្ញុំ បន្ទាប់ពីខ្ញុំបានបង្ហាះសារទាក់ទងនឹងករណីនៃការបាញ់ប្រហារសម្លាប់មនុស្ស ដែលប្រព្រឹត្តឡើង ដោយជនល្មើសឈ្មោះ ស្រី ស៊ីណា និងបានអំពាវនាវឱ្យស្ថាប័នតុលាការ យកចិត្តទុកដាក់អនុវត្តច្បាប់ក្នុងករណីនេះ ឱ្យម៉ឹងម៉ាត់ និងឱ្យបានត្រឹមត្រូវ ដោយគ្មានការបន្ធូរបន្ថយ ឬយោគយល់ណាមួយជាដាច់ខាត។

ខ្ញុំបានពិនិត្យឃើញគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះ Vongchan Reaksmeidara ដែលបញ្ជាក់ថា គាត់ជាអ្នករៀនច្បាប់មួយរូប បានបញ្ចេញយោបល់ជុំវិញរឿងនេះ ដែលខ្ញុំពិនិត្យឃើញថា យោបល់របស់ ដារា គឺមានហេតុផលសមស្រប ទាំងលើទិដ្ឋភាពសង្គម ទាំងលើទិដ្ឋភាពច្បាប់ ជាពិសេស ការលើកឡើងអំពីចន្លោះប្រហោងនៃច្បាប់បច្ចុប្បន្ន ដែលមិនបានចែងអំពីស្ថានទម្ងន់ទោសទាក់ទងនឹងករណីនៃការបាញ់ប្រហារដ៏សាហាវខាងលើ ដែលមហាជនទូទៅថ្កោលទោស និងសម្តែងប្រតិកម្មដោយខឹងសម្បារ។

ផ្អែកលើការលើកយោបល់នេះ និងស្របពេលដែល ក្រសួងយុត្តិធម៌ បាន និងកំពុងសិក្សារៀបចំធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ខ្ញុំបានប្រគល់ភារកិច្ចបន្ថែមជូនឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឱ្យសិក្សា និងរៀបចំបញ្ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌនាពេលខាងមុខ នូវចំណុចខ្វះខាតទាំងឡាយនៅក្នុងក្រមព្រហ្មទណ្ឌ ដោយរួមបញ្ចូលទាំងចំណុចខ្វះខាតទាក់ទងនឹងការដាក់ទម្ងន់ទោសចំពោះស្ថានភាពនៃបទល្មើស ដូចករណីនៃការបាញ់ប្រហារដ៏សាហាវខាងលើផងដែរ។

យើងមិនអាចផ្ដន្ទាទោស ជនល្មើសលើសពីអ្វីដែលច្បាប់ជាធរមានបានចែង ឬបញ្ញត្តិនោះទេ ប៉ុន្តែទៅថ្ងៃអនាគត យើងអាចធ្វើវិសោធនកម្មច្បាប់ដើម្បីបង្កើនទម្ងន់ទោសទណ្ឌសម្រាប់អ្នកប្រព្រឹត្តខុសបែបនេះ»៕

អត្ថបទទាក់ទង