ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំពិភាក្សាលើ «ផែនការយុទ្ធសាស្រ្តទីស្ដីការគណៈរដ្ឋមន្រ្តី ឆ្នាំ២០២៤-២០២៨
នាព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាង «ផែនការយុទ្ធសាស្រ្ត ទីស្ដីការគណៈរដ្ឋមន្រ្តី ឆ្នាំ២០២៤–២០២៨៖ ការពង្រឹងសមត្ថភាពនិងប្រសិទ្ធភាពស្ថាប័ន» ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឆែម គាតរិទ្ធី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.), ឯកឧត្តម នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជា
អនុប្រធាន ក.ស.វ. និងឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការទីស្ដីការគណៈ
រដ្ឋមន្រ្តី ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ មានប្រសាសន៍ថា ការរៀបចំផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំនេះ គឺដើម្បីជាមគ្គុទ្ទេសក៍បង្ហាញផ្លូវ សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងបំពេញការងារប្រកបដោយសមត្ថភាព, គុណភាព និងប្រសិទ្ធភាព ក្នុងនាមជាសេនាធិការរបស់នាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តី។ ផែនការយុទ្ធសាស្រ្តនេះ ក៏អាចជាឯកសារមួយ ដែលជាមូលដ្ឋាន សម្រាប់រៀបចំផែនការយុទ្ធសាស្រ្តថវិកា និងថវិកាប្រចាំឆ្នាំផងដែរ ហើយអង្គភាពក្រោមឱវាទត្រូវរៀបចំផែនការរបស់ខ្លួនទៅតាមផ្នែកនីមួយៗ ដោយមានទាំងផែនការសកម្មភាព មធ្យោបាយ និងសូចនាករសមិទ្ធកម្មគន្លឹះ (KPI)។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការមានប្រសាសន៍បន្តថា ទីស្តីការគណៈរដ្ឋមន្រ្តីមានចក្ខុវិស័យចង់ក្លាយជាស្ថាប័នមានសមត្ថភាព, វិជ្ជាជីវៈ និងក្រមសីលធម៌ ក្នុងការបំពេញការងារប្រកបដោយគុណភាព, ប្រសិទ្ធភាព និងនិរន្តរភាព ក្នុងនាមជាសេនាធិការរបស់នាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តី។ ដើម្បីសម្រេចចក្ខុវិស័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការយល់ថា ទីស្តីការគណៈរដ្ឋមន្រ្តី ត្រូវមានគុណតម្លៃស្នូល (Core Value) ចំនួន ៤ គឺ៖ (១).នីតិរដ្ឋ និងការពារផលប្រយោជន៍សាធារណៈ, (២).គុណាធិបតេយ្យ, (៣).សាមគ្គីភាព និងបរិយាប័ន្ន (៤).វិជ្ជាជីវៈ និងក្រមសីលធម៌។ ដោយផ្អែកលើចក្ខុវិស័យ និងគុណតម្លៃស្នូលខាងលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការបានផ្តល់ការណែនាំតម្រង់ទិសដល់ក្រុមការងារចំពោះកិច្ច រៀបចំផែនការយុទ្ធសាស្រ្ត ឱ្យធ្វើគិតគូរអំពីបេសកកម្មរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ចំនួន ៤ ដែលរួមមាន៖ (១).ការរៀបចំកិច្ចដំណើរការរបស់គណៈរដ្ឋមន្រ្តី និងការរៀបចំកិច្ចប្រជុំគណៈរដ្ឋមន្រ្តី (២).ការសិក្សាស្រាវជ្រាវ ពិនិត្យ និងផ្តល់យោបល់លើសំណើ/ឯកសាររបស់ក្រសួងស្ថាប័ន និងលិខិតបទដ្ឋានគតិយុត្ត ទាំងទិដ្ឋភាពច្បាប់ សេដ្ឋកិច្ច សង្គម និងវប្បធម៌ (៣). ការសម្របសម្រួលកិច្ចការអន្តរក្រសួង និង (៤).ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។ ដើម្បីសម្រេចបាននូវបេសកកម្មខាងលើនេះ ប្រកបដោយភាពជោគជ័យ ទីស្តីការគណៈរដ្ឋមន្រ្តី ត្រូវ៖(១).រៀបចំវិភាគមុខងារ និងរចនាសម្ព័ន្ធឡើងវិញឱ្យសមស្រប (២).រៀបចំប្រព័ន្ធការងារឱ្យកាន់តែស្រាល និងមានប្រសិទ្ធភាព (៣).បណ្តុះបណ្តាលសមត្ថភាព និងរៀបចំប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស (៤).ជំរុញបរិវត្តកម្មឌីជីថល និង (៥).ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសការងារ និង (៦).ពង្រឹងអភិបាលកិច្ច និងភាពជាដៃគូ។
អង្គប្រជុំបានធ្វើការពិភាក្សាទៅលើក្របខណ្ឌទស្សនទាន ក្នុងការរៀបចំផែនការយុទ្ធសាស្រ្តទីស្តីការគណៈរដ្ឋមន្រ្តីជារួម និងបន្ទាប់មកបានពិនិត្យ និងពិភាក្សាទៅតាមចំណុចនីមួយៗ រួមមាន៖ ចក្ខុវិស័យ, បេសកកម្ម, គុណតម្លៃស្នូល, វិស័យអាទិភាព, គោលបំណង និងចង្កោមសកម្មភាព ព្រមទាំងយន្តការអនុវត្ត តាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាដើម។
នៅចុងបញ្ចប់, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារចំពោះកិច្ច ដែលបានខិតខំរៀបចំសេចក្ដីព្រាងផែនការយុទ្ធសាស្ត្រទីស្តីការគណៈរដ្ឋមន្ត្រីឆ្នាំ២០២៤–២០២៨ និងស្នើឱ្យក្រុមការងារបន្តពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធ ដើម្បីកែសម្រួល និងសម្រួចឯកសារនេះឱ្យកាន់តែគ្រប់ជ្រុងជ្រោយ រួចដាក់ឆ្លងកិច្ចប្រជុំពិនិត្យ និងពិភាក្សាម្តងទៀត ដើម្បីអាចប្រកាសដាក់ឱ្យប្រើប្រាស់បានឆាប់។