Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់នូវអនុសាសន៍ណែនាំដល់សមាគមសិល្បករខ្មែរបន្តអនុវត្តការងារសំខាន់ៗចំនួន៣

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានជាតិ 164
សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់នូវអនុសាសន៍ណែនាំដល់សមាគមសិល្បករខ្មែរបន្តអនុវត្តការងារសំខាន់ៗចំនួន៣ សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់នូវអនុសាសន៍ណែនាំដល់សមាគមសិល្បករខ្មែរបន្តអនុវត្តការងារសំខាន់ៗចំនួន៣

នៅក្នុងឱកាសអនុញ្ញាតឱ្យអ្នកឧកញ៉ា ម៉ៅ ចំណាន និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្ដដល់សមាគមសិល្បករខ្មែរ បន្តខិតខំប្រមូលចងក្រងសិល្បករ សិល្បការិនីគ្រប់ទម្រង់ ជាពិសេសជួយដល់សិល្បករដែលជួបការលំបាក និងមានវ័យចាស់។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យមានការសហការ ជាមួយបណ្តាស្ថាប័ន-អង្គភាពពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល ដើម្បីចូលរួមចំណែកក្នុងការកសាង សមាគមសិល្បៈខ្មែរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត និងផ្តល់ឱកាសចូលរួមដល់សិល្បករ សិល្បការិនីគ្រប់ទម្រង់សិល្បៈផ្សេងៗ ទោះបីមិនមែនជាសមាជិករបស់សមាគម ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសិល្បៈនៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឱកាសនេះ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានរាយការណ៍ជូនសម្ដេចធិបតី អំពីសមិទ្ធផលការងារ ដែលសមាគមសិល្បករខ្មែរសម្រេចបាននាពេលកន្លងមក, ការរៀបចំកែសម្រួលរចនាសម្ព័ន្ធដឹកនាំ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគម ព្រមទាំងការរៀបចំផែនការសកម្មភាព និងទិសដៅការងាររបស់សមាគម ក្នុងការអនុវត្តការងាររបស់ខ្លួន ដោយផ្តោតលើសកម្មភាពចំបងមួយចំនួន រួមមាន៖ ១). ការប្រមូលចងក្រងសមាជិករបស់សមាគម ដែលផ្តោតលើសិល្បករដែលមានអាជីពសម្តែងសកម្ម សិល្បករដែលបាត់បង់សមត្ថភាពសម្តែង អតីតសិល្បករ និងសិល្បករមហាជន និង២). ការផ្តល់នូវអត្ថប្រយោជន៍មួយចំនួនដល់សមាជិករបស់សមាគមសិល្បករខ្មែរ តាមរយៈសេវាជួយសង្គ្រោះជិវិត (ការផ្តល់ឈាម) សេវាជំនួយផ្នែកច្បាប់ និងវិញ្ញាបនបត្របញ្ជាក់ពីអាជីពរបស់សិល្បករ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់តាមតម្រូវការជាក់ស្តែង និងការទទួលបាននូវមូលនិធិទ្រទ្រង់របស់សមាគមដល់សមាជិកផងដែរ។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារ ជាមួយអ្នកឧកញ៉ា ម៉ៅ ចំណាន និងសហការី និងបានអបអរសាទរជាថ្មីម្តងទៀតចំពោះអ្នកឧកញ៉ា ដែលទទួលបានសេចក្តីទុកចិត្ត និងត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានសមាគមសិល្បករខ្មែរ សម្រាប់អាណិត្តថ្មីនេះ។

ក្នុងឱកាសនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់នូវអនុសាសន៍ណែនាំដល់សមាគមបន្តអនុវត្តការងារសំខាន់ៗចំនួន៣រួមមាន៖ (១) លើកទឹកចិត្តឱ្យសមាគមចូលរួមសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការសិក្សាស្រាវជ្រាវចងក្រងឯកសារគោល និងកំណត់អត្តសញ្ញាណនៃស្នាដៃសិល្បៈឱ្យបានច្បាស់លាស់ (២) ចូលរួមផ្សព្វផ្សាយនូវស្នាដៃសិល្បៈឱ្យកាន់តែទូលំទូលាយតាមរយៈការរៀបចំបង្កើតព្រឹត្តិការណ៍ ឬសកម្មភាពផ្សេងៗ ដើម្បីឱ្យសាធារណជនបានយល់ដឹងអំពីវប្បធម៌សិល្បៈដ៏ផូរផង់របស់ជាតិ និង (៣) បន្តជំរុញការចូលរួមអនុវត្តប្រកបដោយភាពបត់បែននូវស្នាដៃសិល្បៈវប្បធម៌ ដោយឈរលើមូលដ្ឋានជាក់លាក់ និងច្បាស់លាស់ ដើម្បីលើកកម្ពស់ និងជំរុញទីផ្សារ ដោយធានាបាននូវនិរន្តភាព និងចីរភាពនៃវិស័យសិល្បៈ ប្រកបដោយភាពច្នៃប្រឌិត ព្រមទាំងលើកទឹកចិត្តឱ្យសមាគមជំរុញការអនុវត្តក្រមសីលធម៌នៃអ្នកសិល្បៈឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិ និងចូលរួមផ្សព្វផ្សាយសារអប់រំផ្សេងៗ ដូចជាការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងខិតខំចូលរួមចំណែកផលិតនូវមាទិកាដើមដោយខ្លួនឯង (Original Content) ផងដែរ៕

អត្ថបទទាក់ទង