Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ទស្សនវិភាគ៖ ក្រុមប្រឆាំងជ្រុលនិយមកំពុង «រោលឲ្យខ្លោច រោចឲ្យឆៅ»

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានជាតិ 150

ក្នុងរយៈពេលថ្មីៗនេះ បន្ទាប់ពីមានព្រឹត្តិការណ៏ផ្ទុះឡើងក្នុងប្រទេសបង់ក្លាដែស និងការរិះគន់វាយប្រហារដោយគ្មានមូលដ្ឋានយល់ដឹងច្បាស់លាស់អំពីគំរោងអភិវឌ្ឍតំបន់ត្រីកោណ រវាងបីប្រទេស កម្ពុជា ឡាវ និងវៀតណាម (CLV) ដែលក្រុមពួកអ្នកនយោបាយប្រជាភិថុតខ្លះ បាននិងកំពុងប្រើប្រាស់ជាឧបករណ៍ ស្រែកមួលបង្កាច់បោកប្រាស់ បំភ័ន្ត ផ្សព្វផ្សាយភូតកុហក ដុតបញ្ឆេះកំហឹងឲ្យក្តៅ និងបំផុសឲ្យប្រជាជនកម្ពុជាងើបប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់របស់ខ្លួន ដែលបានកើតចេញពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យទៅវិញនោះ ។ តើការញុះញង់របស់ពួកគេជាទង្វើត្រឹមត្រូវ ស្របតាមច្បាប់ប្រទេសជាតិឬទេ? 

មុននឹងអត្ថាធិប្បាយលំអិតអំពីបញ្ហានេះ សំណួរដែលគួរចោទសួរទៅកាន់សាធារណជនថា តើប្រជាជនកម្ពុជាត្រូវនាំគ្នាបំភ្លេចចោលនូវមេរៀនប្រវត្តិសាស្រ្តក្នុងអតីតកាលរបស់ខ្លួនជាងប្រាំរយឆ្នាំ ដែលធ្លាប់ទាញប្រទេសជាតិឲ្យធ្លាក់ចូលក្នុងរណ្តៅនៃការបែកបាក់ មហន្តរាយ និងវិនាសសកម្មជាតិសាសន៍របស់ខ្លួនឬទេ? តើរាជរដ្ឋាភិបាលកម្ពុជាត្រូវទុកបណ្តោយឲ្យប្រទេសជាតិធ្លាក់ចូលទៅក្នុងបដិវត្តពណ៌ តាមរយៈការបំផ្ទុះសកម្មភាពប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ក្រោមពាក្យស្លោក ការផ្លាស់ប្តូរដោយវិជ្ជមាន ដូចក្នុងឆ្នាំ២០១៣ជាថ្មីម្តងទៀតរឺ? និងពាក្យថា កាត់ទឹកដី ឬកាត់ខេត្តខ្មែរបួនទៅឲ្យវៀតណាម ជារឿងពិតទេ? ហើយតើមានកិច្ចព្រមព្រៀងណាបញ្ជាក់អះអាងពីការកាត់ទឹកដីទៅឲ្យបរទេសដូចការចោទប្រកាន់?

កម្ពុជា ក៏ដូចជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យនានាក្នុងលោកដែរ គឺបាននិងកំពុងគោរព និងអនុវត្តតាមគោលការណ៍ច្បាប់ដ៏ត្រឹមត្រូវ។  ពិតណាស់ថា ប្រជាជនគ្រប់រូបមានសិទ្ធិសព្វយ៉ាងតាមច្បាប់នៃរដ្ឋធម្មនុញ្ញ ក៏ប៉ុន្តែ រាជរដ្ឋាភិបាលស្របច្បាប់ ក៏ត្រូវមានកាតព្វកិច្ចការពារភាពស្របច្បាប់ សណ្តាប់ធ្នាប់សង្គម ពិសេស សុខសន្តិភាព ដែលជាកត្តាចាំបាច់បំផុត ដើម្បីធានាសេចក្តីសុខសាន្ត អាយុជីវិត មុខរបរការរកស៊ីទទួលទានរបស់ប្រជាជន ព្រមទាំងការបន្តអនុវត្តកម្មវិធីនយោបាយការកសាង និងការអភិវឌ្ឍជាតិមាតុភូមិជាអាទិភាពបំផុតផងដែរ។

ប្រវត្តិសាស្រ្តច្រំដែលៗរបស់កម្ពុជាជាងប្រាំរយឆ្នាំ បានរំលឹកឲ្យខ្មែរយើងបានដឹង បានចងចាំមិនឲ្យភ្លេចថា ការប្រជែងរាជ ឬការដណ្តើមអំណាចក្រៅច្បាប់ សុទ្ធសឹងជាសភាពការណ៍ដ៏សោកសៅខ្មៅងងឹតសំរាប់ជាតិ និងប្រជាជនពីមួយជំនាន់ទៅមួយជំនាន់។ ក្នុងបរិបទមួយដែលប្រទេសជាតិកំពុងទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍកំពុងបន្តរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃលើវិថីដ៏ត្រឹមត្រូវ ហើយប្រទេសជាតិមាតុភូមិយើងបាននិងកំពុងប្រែមុខមាត់ថ្មី ដោយកិត្យានុភាពជាតិ និងដោយមានមោទនភាពជាតិ ទាំងលើឆាកជាតិ និងអន្តរជាតិ ចលនានៃការប៉ុនប៉ុងផ្តួលរំលំអំណាចក៏នឹងត្រូវបានបំផ្លាញចោលឱ្យបានទាន់ពេលវេលាដែរ។ 

ពិតណាស់ថា ការលើកឡើងអំពីគំនិតជាតិនិយម ការស្រឡាញ់ជាតិ គឺជារឿងត្រឹមត្រូវសម្រាប់ជាការតព្វកិច្ចរបស់ប្រជាជននៃប្រទេសជាតិមួយ ក៏ប៉ុន្តែ វាជាការគួរឲ្យសោកស្តាយបំផុត ដែលថ្មីៗនេះ ក្រុមអ្នកនយោបាយប្រជាភិថុតិ និងប្រជានិយមបោកប្រាស់មួយក្តាប់តូច បាននិងកំពុងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ទាញយកព្រឹត្តិការណ៍នៅប្រទេសបង់ក្លាដែស និងគំរោងអភិវឌ្ឍតំបន់ត្រីកោណ CLV មកធ្វើជាសាំងដុតកំដៅឲ្យឆេះនៅកម្ពុជា ពិសេស ពួកក្រុមប្រឆាំងក្បាលមិនជាប់មេឃ ជើងមិនជាប់ដីទាំងនោះ បានអំពាវនាវឲ្យប្រជាជនងើបប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់ ដែលជាទង្វើផ្ទុយពីរដ្ឋធម្មនុញ្ញនៃប្រទេសកាន់របបប្រជាធិបតេយ្យ។

ក្រុមប្រឆាំងមុខដដែលៗទាំងនោះ ដែលពួកគេនៅក្រៅប្រទេស បាននិងកំពុងបន្តបង្កើតនូវវប្បធម៌មួយ ដែលប្រជាជនកម្ពុជាមិនប្រាថ្នាចង់បាន មិនចង់ឃើញឲ្យវាកើតមានម្តងទៀតនោះ គឺនយោបាយជ្រុលនិយមរបស់មេឧទ្ទាមក្រៅច្បាប់ដែលធ្លាប់បានលើកឡើង ក្នុងន័យការយកគំនុំគំគួន សងសឹក គ!«ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រីនោះ»។  សុភាសិតខ្មែរមួយនេះ បានបង្រៀនប្រៀនប្រដៅប្រជាជនខ្មែរឲ្យចងចាំ និងកុំឲ្យធ្វេសប្រហែសថ្លោះធ្លោយ បើក្រុមណាមួយប្រកាន់យកមកអនុវត្ត ដែលវានឹងអាចរុញច្រានប្រទេសជាតិធ្លាក់ចូលក្នុងក្តីវិនាស ក្តីអន្តរាយ ដែលធ្លាប់តែបានកើតឡើងដដែលៗ ក្នុងអឌិតកាលកន្លងទៅ ពិសេស ព្រឹត្តិការណ៍ចុងក្រោយនៃផែនការបដិវត្តពណ៌ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ពីសំណាក់អតតីតបក្សសង្រ្កោះជាតិកាលពីឆ្នាំ២០១៣។ 

ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី គឺ ពិតជាវប្បធម៌ស្មោគគ្រោកដ៏អាក្រក់បំផុតក្នុងអតីតកាល ដែលវាមិនសមស្របក្នុងបរិបទនៃប្រទេសជាតិយើងក្នុងសម័យទំនើប ដែលបានអនុវត្តរបបប្រជាធិបតេយ្យស្រាប់ហើយនោះទេ។ វប្បធម៌ដ៏អាក្រក់មួយនេះ ត្រូវបានរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានទប់ស្កាត់បានទាន់ពេលវេលា យ៉ាងជោគជ័យបំផុត ក្នុងអំឡុងពេលដែលក្រុមប្រឆាំងអនុវត្តផែនការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។

គួររម្លឹកថា ខ្មែរយើងនៅតែចងចាំច្បាស់ ក្នុងទសវត្ស១៩៧០ ដើម្បីធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ ពីព្រះប្រមុខរដ្ឋ ក្រុម លន់ នល់ និងស៊ីសុវត្ថិសិរិមតៈ បានលើកយកបញ្ហាទឹកដីជាមួយនឹងប្រទេសវៀតណាម ពិសេស ការបញ្ឆេះកំហឹង តាមរយៈការនិពន្ធ និងផ្សព្វផ្សាយនូវបទចម្រៀងជាតិនិយម បន្តុះ លាបពណ៌ និងចោទប្រកាន់មកលើព្រំមហាក្សត្រពីការលក់ទឹកដីឱ្យប្រទេសជិតខាងជាដើម។ល។

បទចម្រៀងស្នេហាជាតិក្នុងន័យបំផុសកំហឹងដែលអ្នកនយោបាយប្រជាភិថុតិបានយកមកធ្វើជាឧបករណ៍នយោបាយរបស់ខ្លួន បានដុតបញ្ឆេះកំហឹងបំបះបំបោរសង្គមជាតិខ្មែរ ដែលបានបង្ករឲ្យទៅជាការបង្ហូរឈាមរវាងខ្មែរនឹងខ្មែរ ឈានទៅធ្វើរដ្ឋប្រហារ និងសង្រ្គាមស៊ីវិលផ្ទុះឡើងជាហូរហែរបន្តបន្ទាប់មក។ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ហៅថា ខ្មែរក្រហមក៏បានយកបញ្ហាទឹកដីជាមួយប្រទេសវៀតណាមធ្វើជាលេស និងបញ្ឆេះសង្រ្គាមជាមួយនឹងវៀតណាមផងដែរ។

ឥឡូវនេះ ក្រុមប្រឆាំងបាននិងកំពុងបន្តដុតបញ្ឆេះកំហឹងប្រជាជនលើគំរោងអភិវឌ្ឍតំបន់ត្រីកោណរវាងប្រទេសបី កម្ពុជា ឡាវ និងវៀតណាម ដោយពួកប្រឆាំងទាំងនោះ បានស្រែកបន្ទរបោកភូតប្រជាជនកម្ពុជាថា រាជរដ្ឋាភិបាលកម្ពុជាកាត់ខេត្តទាំងបួនរបស់កម្ពុជា រតនគីរី មណ្ឌលគីរី ក្រចេះ និងស្ទឹងត្រែងឲ្យទៅវៀតណាម ដែលជាចេតនាទុច្ចរិតបំផុតរបស់ពួកគេក្នុងការមួលបង្កាច់ខុសពិការពិតទាំងស្រុង។ រដ្ឋាភិបាលទាំងបីប្រទេស បាននិយាយគ្នាអំពីគំរោងសហប្រតិបត្តិការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម រាប់ទាំងហេដ្ឋរចនាសម្ព័ន្ធផ្លូវថ្នល់។ល។ បែរជាក្រុមប្រឆាំងផ្កាប់មុខប្រឹងស្រែកបោកភូតរឿងកាត់ខេត្តខ្មែរទាំងបួនទៅឲ្យវៀតណាមទាំងងើលទៅវិញ។

ពីសម័យកាលមួយទៅសម័យកាលមួយ ភ្ជាប់ជាមួយនឹងបញ្ហាទឹកដី ក្រុមអ្នកនយោបាយប្រឆាំងខ្មែរតែងតែប្រើប្រាស់ពាក្យ ជាតិ ឬជាតិនិយម មួយម៉ាត់ បានក្លាយទៅជាឧបករណ៍សម្រាប់បំពេញមហិច្ឆតានយោបាយរបស់ពួកគេឆ្ពោះទៅរកការដណ្តើមអំណាចក្រៅច្បាប់ ដោយមិនប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ តាមគោលការណ៍ប្រជាធិបតេយ្យនោះទេ។  យ៉ាងណាមិញ ការពិតជាក់ស្តែង ខណៈពេលដែលប្រទេសជាតិមាតុភូមិកំពុងទទួលបាននូវការអភិវឌ្ឍរីកចម្រើនលូតលាស់គ្រប់វិស័យ ហើយទន្ទឹមនឹងបញ្ហាជាតិ និងអន្តរជាតិធំៗត្រូវបានរាជរដ្ឋាភិបាលបាន និងកំពុងជម្នះដោះស្រាយបានដោយសន្តិវិធីជាបណ្តើរៗ ដូចជាបញ្ហាបោះបង្គោលព្រំដែនជាមួយនឹងប្រទេសវៀតណាមស្ទើរសម្រេចបានទាំងស្រុង បែរជាក្រុមប្រឆាំងមួយចំនួនតូចយកធ្វើជាប្រធានបទនយោបាយក្តៅ និងធ្វើប្រជាភិថុតិបោកប្រាស់ បញ្ឆេះកំហឹង បំផុសបំផុល និងញុះញង់ បំភ្លៃការពិត ដើម្បីកេងចំណេញនយោបាយដ៏គួរឲ្យសោកស្តាយបំផុត។

ក្នុងប្រវត្តិសាស្រ្តនៃជម្លោះរបស់ខ្មែរចុងក្រោយ អ្នកនយោបាយខ្មែរតែងតែលើកយកអ្វីដែលពួកគេមើលឃើញថា ជាអវិជ្ជមាន យកមកនិយាយវាយប្រហារ គ្មានលក្ខណៈប្រកបដោយការជួយកសាងស្ថាបនាសោះឡើយ។ អ្នកនយោបាយស្ទើរគ្រប់ជំនាន់បានប្រើប្រាស់ពាក្យ ស្នេហាជាតិ ក្នុងក្រុម ឬ បក្សរបស់ខ្លួន ដែលថា មានតែបក្សរបស់ខ្លួនប៉ុណ្ណោះ ជាអ្នកស្រឡាញ់ជាតិពិតប្រាកដ។ ជាក់ស្តែងក្នុងអ្នកនយោបាយស្ទើរគ្រប់ជំនាន់ទាំងនោះតែងតែប្រើពាក្យ ស្រោចស្រង់ជាតិ រំដោះជាតិ សង្រ្គោះជាតិ កសាងជាតិ ផ្លាស់ប្តូររបបចាស់ដូរយករបបថ្មី និងចុងក្រោយនេះ ពួកគេបានប្រើប្រាស់ពាក្យ កាត់ដី ឬ កាត់ខេត្តខ្មែរបួនទៅឲ្យវៀតណាម គឺ ជាពាក្យគន្លឹះ ដែលឆ្កិះ និងចាក់ចំបេះដូង និងអារម្មណ៍របស់ខ្មែរគ្រប់ជំនាន់គ្រប់ជាន់ថ្នាក់ ទាំងក្នុងចំណោមយុវជនទូទៅ រហូតដល់ថ្នាក់មូលដ្ឋានដ៏មហាគ្រោះថ្នាក់បំផុត។

បទពិសោធន៍នយោបាយខ្មែរក្នុងអតីតកាល ពិតជាបានបង្ហាញឱ្យឃើញច្បាស់ ថាអ្នកនយោបាយខ្មែរតែងតែលើកឡើងនូវអារម្មណ៍ស្នេហាជាតិពុះកញ្ជ្រោល និងរំលឹករឿងអតីតកាលរបស់ជាតិ ដោយបង្កើតការបំផុសបំផុស ញុះញង់ និងបំភ្លៃការពិតលើបញ្ហាជាតិធំៗ បំផ្លាញសុខសន្តិភាព ស្ថិរភាពសង្គម ក្នុងគោលដៅតែមួយ គឺដណ្តើមអំណាចឱ្យបាន ដោយមិនខ្វល់ពីការគ្រោះថ្នាក់ដល់ជាតិមាតុភូមិ និងប្រជាជន។ បន្ទាប់ពីបានអំណាច ប្រជាជនខ្មែរយើងមិនបានដឹងថា ពួកគេនឹងគ្រប់គ្រងរៀបចំដឹកនាំប្រទេស និងទឹកដីនេះ តាមរបៀបបែបបទ វិធីសាស្រ្ត និងគោលនយោបាយច្បាស់លាស់ដូចម្តេចនោះទេ។

ក្នុងប្រវត្តិសាស្រ្តខ្មែរ អ្នកនយោបាយបោកប្រាស់ និងបែបប្រជានិយមជ្រុលក្លែងក្លាយមួយចំនួនតែងតែដើរស្វែងរកជំនួយពីបរទេស ពីព្រោះ ពួកគេយល់ថា បរទេសជាមហាអំណាចអាចកំណត់ជោគវាសនាកម្ពុជា និងអាចជួយផ្តល់ឱ្យពួកគេបានឡើងកាន់អំណាច។ ឥឡូវនេះ ប្រវត្តិសាស្រ្តខ្មែរថ្មីកំពុងដើរជាន់ដានប្រវត្តិសាស្រ្តចាស់ ពួកអ្នកនយោបាយខ្មែរ ក្បាលមិនជាប់មេឃ ជើងមិនជាប់ដីកំពុងប្រើប្រាស់យុទ្ធសាស្រ្តថ្មី ឆ្លៀតយកបញ្ហាអភិវឌ្ឍតំបន់ត្រីកោណរវាងកម្ពុជា ឡាវ និងវៀតណាម ពិសេស ពួកគេបានទាញយកព្រឹត្តិការណ៍នយោបាយនៅប្រទេសបង់ក្លាដែលពួកគេចាត់ទុកថាជាគំរូមួយនៃអំណាចប្រជាជន ដើម្បីឈានឆ្ពោះដុតកំហឹងប្រជាជនកម្ពុជាឲ្យងើបរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ធាតុពិត ការទំយើងខ្លួនឯង និងបក្ខពួកខ្លួនថា ជាក្រុមអ្នកស្នេហាជាតិ និងការប្រើប្រាស់ពាក្យ កាត់ទឹកដី កាត់ខេត្តទៅឲ្យវៀតណាម គឺគ្រាន់តែជាពាក្យមួលបង្កាច់ បំភ្លៃខុសពីការពិត បែបជ្រុលនិយមតែប៉ុណ្ណោះ  ដើម្បីបានជាលេសដ៏ពេញនិយមរបស់អ្នកនយោបាយប្រឆាំងបច្ចុប្បន្ន ក្នុងការញះញង់ រុញសកម្មភាពជ្រុលនិយមឱ្យបង្កើតជាបដិវត្តពណ៌មួយបែបបទៀត ក្នុងគោលដៅឆ្ពោះទៅច្បាមយកអំណាចក្រៅ ហើយដែលអាចនឹងទាញទម្លាក់ជាតិមាតុភូមិ និងប្រជាជនទាំងមូលឱ្យធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្រ្គាមសារជាថ្មី។

មេរៀនបដិវត្តពណ៌ដែលបានផ្ទុះឡើងនៅមជ្ឍឹមបូពា៍កាលពីជាងដប់ឆ្នាំមុន ពិសេស នៅប្រទេសទុយណេហ្ស៊ី អេហ្ស៊ីប យ៉ាមែន និងលីប៊ី។ល។ សួរថាតើមានអ្វីដែលល្អប្រសើរសម្រាប់ប្រជាជននៃបណ្តាប្រទេសទាំងនោះ បន្ទាប់ពីបានទទួលរងនូវអ្វីដែលគេហៅថា បដិវត្តពណ៌ (Arab Spring)? ចម្លើយ គឺ ពិតជាគ្មានអ្វីល្អប្រសើរនោះទេ ដូចជាបញ្ហាចាស់រាប់ទាំងអំពើពុករលួយ ស្ថានភាពសេដកិច្ចសង្គមមិនត្រូវបានស្តារឡើងវិញឲ្យល្អប្រសើរនោះទេ ពិសេស ជម្លោះបន្តកើតឡើងរវាងប្រជាជន និងពួកការិយាធិបតេយ្យចាស់ដែលបានចាក់គ្រឹះក្នុងរបបចាស់។  វាពិតប្រាកដហើយ ដែលពួកគេទទួលបាននូវអ្វីដែលពួកគេចង់បាន គឺ លទ្ធិប្រជាធិបតេយ្យបែបលោកខាងលិចមួយ ដែលបានដើរច្រាស់ពីវប្បធម៌នយោបាយ និងប្រពៃណីនៃការរស់នៅរបស់ពួកគេ គឺ វាជាប្រជាធិបតេយ្យមួយបែបអាណាធិបតេយ្យទៅវិញ ហើយអ្វីៗដែលបានកើតឡើងនៅទីនោះ ទំនងហាក់បីដូចជាមិនចម្លែកពីអ្វីដែលបានកើតមានក្នុងរបបចាស់នោះទេ។ ទីបំផុត ប្រជាជនភាគច្រើនក្នុងបណ្តាប្រទេសទាំងនោះ នាំគ្នាបានត្រឹមតែស្រែករអ៊ូរទាំថា របបណា ក៏ដូចរបបណាដែរ មិនចម្លែក មិនបានរីកចម្រើន ខាតពេលវេលា បានត្រឹមមហន្តរាយជាតិលិចលង់លើសដើម រកពាក្យនិយាយស្តាយក្រោយលែងចេញ។

ដូចគ្នានឹងសម័យរបបសង្គមរាស្រ្តនិយម ស្រុកមានសន្តិភាព និងការអភិវឌ្ឍរីកចម្រើន ក្រោមការដឹកនាំរបស់សម្តេចព្រះនរោត្តម សីហនុ មិនចេះថែររក្សាការពារ ដល់ធ្លាក់ចូលក្នុងរបបសាធារណៈរដ្ឋ លន់ នល់ សង្រ្គាមស៊ីវិលកាន់តែផ្ទុះរីករាលដាលខ្លាំងឡើងពេញប្រទេស ទើបនាំគ្នាស្រែកពាក្យសោកស្តាយ ក៏ហួសពេលបាត់ទៅហើយដែរ។

ប្រជាជនខ្មែរគ្រប់ជាន់ថ្នាក់ ពិសេស យុវជនយើង គួរសិក្សាកំហុសអតីតកាលក្រោមនយោបាយប្រជាភិថុតិ និងប្រជានិយមក្លែងក្លាយ តាមរយៈការប្រើប្រាស់ពាក្យ កាត់ទឹកដី ឬ ពាក្យ យួន និង ជាតិ ឬស្នេហាជាតិរបស់ក្រុមប្រឆាំងដ៏មហាគ្រោះថ្នាក់ដល់ជាតិមាតុភូមិ និងប្រជាជនខ្មែរ ដូចក្នុងមេរៀនដ៏ជូរចត់ក្នុងទសវត្សឆ្នាំ១៩៧០។  នាបច្ចុប្បន្ននេះ មានតែខ្មែរយើងទាំងអស់គ្នា នាំគ្នាជ្រោងទង់សន្តិភាព ដែលរកបានដោយលំបាកក្នុងប្រវត្តិសាស្រ្តខ្មែរបែកបាក់ជាងរយឆ្នាំប៉ុណ្ណោះ ទើបយើងអាចរក្សាអត្តសញ្ញាណជាតិ ព្រលឹងជាតិខ្មែរស្ថិតគង់វង់រហូតទៅ ដោយនាំគ្នាលុបបំបាត់ចោលនូវវប្បធម៌ ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រីឲ្យខាងតែបាន ពិសេស យុវជនយើងជំនាន់ក្រោយៗត្រូវប្រឹងសិក្សារៀនសូត្រប្រវត្តិសាស្រ្តរបស់ខ្លួន ដើម្បីជៀសវាងការអូសទាញរបស់ក្រុមអ្នកនយោបាយប្រជាភិថុតិ ក្រុមអ្នកនយោបាយស្នេហាជាតិក្លែងក្លាយឲ្យយុវជនយើងធ្លាក់ចូលក្នុងល្បែងនយោបាយរោលឲ្យខ្លោច រោចឲ្យឆៅឲ្យសោះ៕

ដោយ ឡុង បូរិតា