ទស្សនៈនយោបាយ៖ រវាងសង្គ្រាម និងសន្តិភាព
ថ្ងៃ២៣តុលា ឣាចចាត់ទុកថាជាថ្ងៃប្រវត្តិសាស្រ្តមួយ ដែលប្រជាជនកម្ពុជាបានចងចាំថា សង្រ្គាមស៊ីវិលក្នុងប្រទេសជាង២ទសវត្សត្រូវបានបញ្ចប់ ក៏ប៉ុន្តែនេះជាការគិតខុសស្ទើរតែទាំងស្រុង ខណៈពេលដែលភាគីកម្ពុជាប្រជាធិបតេយ្យ ដែលជាភាគីមួយក្នុងជម្លោះហៅថាខ្មែរក្រហម បានសម្រេចចិត្តដកខ្លួនចេញពីការបោះឆ្នោតជាសាកលមួយ ដែលរៀបចំឡើងដោយឣ៊ុនតាក់ក្នុងឆ្នាំ១៩៩៣។ ថ្វីត្បិតប្រជាជនកម្ពុជាទទួលបានរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេស ជាមួយនឹងការចាប់បដិសន្ធិឡើងវិញ នៃរបបរាជានិយមទី២ឣាស្រ័យរដ្ឋធម្មនុញ្ញ ពិសេសការប្រកាន់យករបបប្រជាធិបតេយ្យ សេរីពហុបក្ស ក៏ពិតមែន ប៉ុន្តែសង្រ្គាមនៅតែបន្តកើតឡើង ការឯកភាពជាតិ ការឯកភាពទឹកដី មិនទាន់ត្រូវបានសម្រេចបានទាំងស្រុងនោះទេ ដែលជាកត្តាធំបំផុតមួយ នាំដល់ការរារាំងដល់កិច្ចដំណើរការ កសាង និងការឣភិវឌ្ឍប្រទេសឡើងវិញ។ រហូត៥ឆ្នាំក្រោយមក គឺនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ទើបប្រជាជនកម្ពុជាទាំងមូលទទួលបានសុខសន្តិភាពពេញលេញ ជាមួយនឹងការបង្រួមបង្រួមជាតិ និងការឯកភាពទឹកដីទាំងស្រុង តាមរយៈការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។
ប្រជាជនកម្ពុជាចាប់ផ្តើមស្គាល់គុណតម្លៃពិតនៃសន្តិភាព ហើយក៏បានចាប់ផ្តើមគិតឣំពីផលវិបាកនៃសង្រ្គាម។ មានសំនួរមួយត្រូវបានគេចោទសួរជុំវិញរឿងពិតមួយថា តើប្រជាជនកម្ពុជាមានយល់យ៉ាងដូចម្តេចក្នុងប្រវត្តិសាស្រ្តដ៏ជូរចត់របស់ខ្លួន? តើប្រជាជនកម្ពុជា ចង់បានចម្បាំងកើតឡើងទៀតឬទេ? ហេតុឣ្វីបានជាប្រជាជនកម្ពុជា ត្រូវនាំគ្នាជ្រោងទង់សន្តិភាព?
ជាការពិត សម្រាប់មនុស្សជាតិទាំងមូល សង្រ្គាមគឺជានិមិត្តរូបនៃក្តីមហន្តរាយ វិនាសសកម្ម ការស្លាប់ ការបែកបាក់សង្គមជាតិ ហើយក៏ធ្វើឲ្យជាតិសាសន៍នីមួយៗ បាត់បង់ឱកាសក្នុងកិច្ចកសាង និងការឣភិវឌ្ឍប្រទេសជាតិរបស់ខ្លួនឲ្យបានរីកចម្រើនជឿនលឿនទៅមុខផងដែរ។ ក្នុងសច្ចភាពប្រវត្តិសាស្រ្តដ៏គួរឱ្យសោកស្តាយបំផុតរបស់ខ្មែរជាង៥០០ឆ្នាំ ពិសេសក្រោយសម័យព្រះបាទពញាយ៉ាត ចាប់តាំងពីឆ្នាំ១៤៧០ ពិតជាបានបង្ហាញឱ្យឃើញនូវការបែកបាក់ និងសង្រ្គាមផ្ទៃក្នុង ការជ្រែករាជ្យ ការដណ្តើមឣំណាច ដែលក្នុងដំណាក់កាលបន្តបន្ទាប់ ប្រទេសកម្ពុជាត្រូវបានបែងចែកជាតំបន់ត្រួតត្រាច្រើនក្នុងពេលតែមួយ។ ឧទា នៅក្នុងមេរៀនប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា គឺតំបន់មួយត្រូវគ្រប់គ្រងដោយ ព្រះស្រីរាជា, តំបន់មួយផ្សេងទៀត គ្រប់គ្រងដោយព្រះសុរិយោទ័យ, តំបន់ចតុមុខ គឺជាតំបន់ព្រះធម្មរាជាគ្រប់គ្រង។ តំបន់រលាប្អៀរ, ពោធិ៍សាត់ និងបាត់ដំបង គឺ ជាតំបន់ព្រះស្រីរាជាគ្រប់គ្រង។ ក្នុងទស្សវត្ស ឆ្នាំ១៩៧០ ១៩៨០ និង១៩៩០ ខ្មែរបានដើរជាន់ដានប្រវត្តិសាស្ត្ររបស់ខ្លួន ហើយក៏មានការបែកបាក់ និងបែងចែកតំបន់គ្រប់គ្រង និងត្រួតត្រារៀងៗខ្លួនផងដែរ។ ទាំងឣស់នេះជាលទ្ធផលនៃចម្បាំង រវាងខ្មែរនឹងខ្មែរគ្នាឯង គ្មានពេលបានរៀបចំកសាង និងឣភិវឌ្ឍនោះទេ។
ប្រសិនបើគេនិយាយពីសង្រ្គាម គ្មានប្រទេសណាមួយប្រាថ្នាចង់បាននោះទេ ពីព្រោះចម្បាំងប្រដាប់ឣាវុធ នឹងនាំមកនូវមហន្តរាយ វិនាសសកម្ម ការបាត់បង់ជីវិតមនុស្ស និងបំផ្លាញសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធសង្គមទាំងមូល។ ជាក់ស្តែង យើងឣាចមើលឃើញឧទាហរណ៍មួយ ដែលកំពុងកើតឡើងនៅក្នុងប្រទេសមីយ៉ានម៉ា ដែលជាប្រទេសសមាជិកឣាស៊ានដូចកម្ពុជាដែរ ក៏ប៉ុន្តែប្រទេសមួយនេះ កំពុងកើតចម្បាំងផ្ទៃក្នុង មានការដណ្តើមឣំណាចដោយប្រដាប់ឣាវុធ និងការបែងចែកទឹកដីជាតំបន់ៗ ក្រោមការត្រួតត្រារបស់ក្រុមផ្សេងៗគ្នា ដែលជាជម្លោះដ៏រ៉ាំរ៉ៃគ្មានថ្ងៃនឹងបញ្ចប់បានដោយងាយស្រួលនោះទេ។ ប្រទេសមីយ៉ានម៉ា កំពុងប្រឈមនឹងការបែកបាក់ជាតិ បាត់បង់នូវឱកាសនឹងកសាង ឣភិវឌ្ឍ ប្រទេសជាតិរបស់ខ្លួន។ ដូចគ្នានេះដែរ សង្រ្គាម រវាងឣ៊ុយក្រេន និងរុស្ស៊ី ក៏សុទ្ធសឹងជាឧទា នៃវិនាសកម្មសព្វយ៉ាងដែលលើស ពីការដែលអាចពិពណ៌នាបាន។
សម្រាប់ប្រជាជនខ្មែរទូទៅ នៅពេលនិយាយពីសន្តិភាព គឺពួកគាត់តែងនឹកឃើញដល់ សម្តេចឣតីតនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាសហស្ថាបនិកសន្តិភាព ក្រុងប៉ារីស ឆ្នាំ១៩៩១ និយាយដោយឡែក និងជាស្ថាបនិកសុខសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដី និយាយជារួម។ ដូចនេះ សម្តេចតេជោ ហ៊ុន សែន គឺពិតជានិមិត្តរូបនៃសន្តិភាពសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំមូល។ សន្តិភាព គឺសំដៅលើសេចក្តីសុខសាន្តទាំងផ្លូវកាយ និងផ្លូវចិត្តរបស់មនុស្ស និងជាស្ថានភាពប្រទេសគ្មានសង្រ្គាម គ្មានការប្រទូស្តរ៉ាយ។ គួរំលឹកថា ផ្តើមពីជំនួបលើកដំបូង ថ្ងៃទី២ធ្នូ ឆ្នាំ១៩៨៧ នៅ Fere en Tadenois ជាយក្រុងប៉ារីស រវាង សម្តេចព្រះនរោត្តមសីហនុ និងសម្តេចតេជោ ហ៊ុន សែន និងកិច្ចប្រជុំបន្តបន្ទាប់គឺពិតជាមានការចរចាយ៉ាងស្វិតស្វាញ និងដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវកិច្ចព្រមព្រៀងក្រុងប៉ារីស ថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ បង្កើតបាននូវរបបរាជានិយមទី២ និងប្រជាធិបតេយ្យសេរីពហុបក្ស ដោយមានការបោះឆ្នោតលើកដំបូងរៀបចំដោយអ៊ុនតាក់។ ប៉ុន្តែក្រោយការចាកចេញរបស់អ៊ុនតាក់ ប្រទេសកម្ពុជាមិនទាន់ទទួលបានសន្តិភាពពេញលេញនោះទេ អាស្រ័យដោយប្រទេសកម្ពុជា នៅតែជាប្រទេសមួយត្រូវបានបែងចែកជាតំបន់ គ្រប់គ្រងមួយភាគធំដោយរដ្ឋាភិបាលស្របច្បាប់ និងមួយភាគតូចស្ថិតក្រោមការត្រួតត្រារបស់ខ្មែរក្រហម ហៅថាកម្ពុជាប្រជាធិបតេយ្យ ដែលនៅមានអង្គការចាត់តាំងនយោបាយ និងយោធា ដែលជាក្បាលម៉ាស៊ីនបន្តសង្រ្គាមនៅក្នុងផ្នែកខ្លះនៃផ្ទៃប្រទេស។ នៅក្នុងបរិការណ៍នោះ យុទ្ធសាស្រ្តច្រេះស៊ីដែក របស់ប៉ុលពត ក៏បានជួបតទល់ជាមួយនឹងនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោសែន ដែលជាវគ្គផ្តាច់ព្រ័ត្រនៃដំណាក់កាលបង្រួបបង្រួមជាតិ និងការកសាងសន្តិភាពចុងក្រោយរបស់កម្ពុជា។
ថ្មីៗនេះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានថ្លែងក្នុងបាឋកថាមួយ ដើម្បីចែករំលែកបទពិសោធន៏ របស់សម្តេច ក្រោមប្រធានបទដ៏មានឣត្ថន័យបំផុតថា សង្រ្គាមងាយឆេះលឿន ក៏ប៉ុន្តែការបញ្ឈប់សង្រ្គាម និងការកសាងសន្តិភាព ត្រូវការពេលវេលាយូរណាស់។ ដូច្នេះចាប់តាំងពីឆ្លងកាត់ដំណាក់កាលសង្គ្រាមអូសបន្លាយពេលជាច្រើនឆ្នាំរួចមក ប្រជាជនកម្ពុជា ក៏ចាប់ផ្តើមយល់ដឹងឣំពីគុណតម្លៃនៃសន្តិភាព ហើយដែលខ្មែរធ្លាប់មានឣារ្យធម៌ឧត្តុង្តឧត្តមប្រទេសជាតិស្តុកស្តម្ភ ធំទូលាយថ្កុំថ្កើងរុងរឿង កិត្យានុភាពខ្ពង់ខ្ពស់ បានធ្លាក់ខ្លួនដ៏សែនរន្ធត់ ក្នុងឣំឡុងពីរទស្សវត្សរ៍ ចុងក្រោយនេះ និងការឆ្លងកាត់ទុក្ខសោកវិនាសឣន្តរាយ ទ្រុឌទ្រោម ឱនថមថយដែលគួរឱ្យសោកស្តាយ។ ខ្មែរបានភ្ញាក់រលឹកឡើងវិញ និងក្រោកឈរឡើងវិញ ហើយមានឆន្ទៈមោះមុត ប្តូរផ្តាច់រួបរួមគ្នា ពង្រឹងឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា ឣធិបតេយ្យភាព និងឣារ្យធម៌ឣង្គរដ៏បវរ កសាងប្រទេសជាតិឲ្យទៅជាកោះសន្តិភាពឡើងវិញ ឈរលើប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស ធានាសិទ្ធិមនុស្ស គោរពច្បាប់ ទទួលខុសត្រូវខ្ពស់ចំពោះវាសនាឣនាគតជាតិ ឲ្យបានឈានឡើងរីកចម្រើនលូតលាស់ សម្បូររុងរឿងជានិរន្តរ៍៕
ដោយ៖ ឡុង បូរិតា