Khmer First Close

គណបក្សមហាសាមគ្គីជាតិខ្មែរ : ករណីសម្លាប់លោក លិម គិមយ៉ា អាចជាឆាកល្ខោនរៀបចំរបស់ក្រុមប្រឆាំងជ្រុលនិយមឧទ្ទាមក្រៅច្បាប់ ដើម្បីទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជា

ដោយ៖ សម្បត្តិ កិត្យា ​​ | 13 ម៉ោងមុន ព័ត៌មានជាតិ សង្គម 210

 គណបក្សមហាសាមគ្គីជាតិខ្មែរ បាននឹងកំពុងតាមដានយ៉ាងចិត្តទុកដាក់បំផុត ចំពោះករណីឃាតកម្មលើ លោក លិម គិមយ៉ា នៅលើ ទឹកដីថៃ នៃទីក្រុងបាងកក កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ២០២៥ មកដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នេះ។

គណបក្សមហាសាមគ្គីជាតិខ្មែរ បានមើលឃើញពីស្ថានភាពខាងលើឃើញថា ក្រុមប្រឆាំងជ្រុលនិយមឧទ្ទាមក្រៅច្បាប់ និងអ្នកសារព័ត៌មាន-វិទ្យុនិន្នាការប្រឆាំងជ្រុលនិយម បាននឹងកំពុងធ្វើការផ្សព្វផ្សាយជេរចោទទម្លាក់កំហុសមកលើប្រជាជាតិខ្មែរខ្លួនឯង និងចោទមកលើរាជរដ្ឋាភិបាលកម្ពុជា ដោយគំនិតអគតិបំផុត។

គណបក្សមហាសាមគ្គីជាតិខ្មែរ បានសង្កេតតាមដានមើលចំពោះករណីខាងលើនេះ អាចវាយតម្លៃ និងសន្និដ្ឋានបានថា ករណីសម្លាប់លោក លីម គិមយ៉ា អាចជាឆាកល្ខោនរៀបចំរបស់ក្រុមប្រឆាំងជ្រុលនិយមឧទ្ទាមក្រៅច្បាប់ ដែលមានអង្គការចាត់តាំងរៀបចំគម្រោងច្បាស់លាស់ ដើម្បីទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជា និងឈានទៅរកការខ្ចីដៃបងប្អូនប្រជាពលរដ្ឋខ្មែរ ឲ្យងើបបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាល ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសារជាថ្មី ។

គណបក្សមហាសាមគ្គីជាតិខ្មែរ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ សូមមេត្តារក្សាភាពស្ងប់ស្ងាត់ និងឈរលើការវាយតម្លៃឲ្យបានខ្ពស់បំផុត ចូរកុំជឿលង់ចំពោះព័ត៌មានញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយមឧទ្ទាមក្រៅច្បាប់ និងអ្នកសារព័ត៌មាន-វិទ្យុនិន្នាការប្រឆាំងជ្រុលនិយម ដែលចាត់ទុកជាចេតនាបង្កើតព្រឹត្តិការណ៍ ដើម្បីឲ្យមានការភាន់ច្រឡំ និងបង្កើតជម្លោះឲ្យខ្មែរស្អប់គ្នាតែប៉ុណ្ណោះ។

ចំពោះករណីខាងលើ គណបក្សមហាសាមគ្គីជាតិខ្មែរ មានជំនឿជឿជាក់យ៉ាងមុតមាំថា អាជ្ញាធរកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា នឹងមិនទុកចោលករណីឃាតកម្មលើ លោក លីម គិមយ៉ា ឡើយ ព្រោះប្រាកដណាស់ថា នឹងវែកមុខរកជនពាក់ព័ន្ធ ក៏ដូចជាមេខ្លោងនៅពីក្រោយខ្នង ដើម្បី យកកាត់ទោសតាមច្បាប់កម្ពុជា រកយុត្តិធម៌ ជូនក្រុមគ្រួសារសព នាពេលឆាប់ៗនេះជាក់ជាមិនខាន៕

អត្ថបទទាក់ទង