Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

លិខិតមិត្តអ្នកអាន៖ ការចាត់វិធានការទប់ស្កាត់ចលនាកុប្បកម្មគឺជារឿងត្រឹមត្រូវបំផុតដើម្បីការពារសេចក្តីសុខរបស់ប្រជាជន

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០២៤ ទស្សនៈ - នយោបាយ ព័ត៌មានជាតិ 188
លិខិតមិត្តអ្នកអាន៖ ការចាត់វិធានការទប់ស្កាត់ចលនាកុប្បកម្មគឺជារឿងត្រឹមត្រូវបំផុតដើម្បីការពារសេចក្តីសុខរបស់ប្រជាជន លិខិតមិត្តអ្នកអាន៖ ការចាត់វិធានការទប់ស្កាត់ចលនាកុប្បកម្មគឺជារឿងត្រឹមត្រូវបំផុតដើម្បីការពារសេចក្តីសុខរបស់ប្រជាជន

ការញុះញង់ឱ្យប្រជាពលរដ្ឋក្នុងស្រុកធ្វើកុប្បកម្មបះបោរផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ របស់មេក្លោងក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី និងបក្ខពួកមួយចំនួននៅក្រៅប្រទេស ត្រូវបានបរាជ័យយ៉ាងអាម៉ាស់ ដោយសារអាជ្ញាធរមានសមត្ថកិច្ច បានចាត់វិធានការទាន់ពេលវេលាក្នុងការទប់ស្កាត់ការប្រមូលផ្តុំធ្វើកុប្បកម្មដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយប្រើលេសចង់ឱ្យរាជរដ្ឋាភិបាលដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម។ ការចាត់វិធានការទប់ស្កាត់ទាន់ពេលវេលាចំពោះការញុះញង់ផ្តួលរំលំរាជរដ្ឋាភិបាល ត្រូវបានមជ្ឈដ្ឋាននានា គាំទ្រនិងអបអរសាទរថាជារឿងត្រឹមត្រូវបំផុតដើម្បីការពារសេចក្តីសុខរបស់ប្រជាជនកម្ពុជាពីការបំផ្លាញរបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច។

ទី១- ដើម្បីការពារសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ៖
រាជរដ្ឋាភិបាល មានកាតព្វកិច្ចក្នុងការធានាឱ្យបាននូវសុខសន្តិភាព សន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់រូប ទោះក្នុងតម្លៃណាក៏ដោយ ដោយមិនអនុញ្ញាតឱ្យជនណាមួយមកបំផ្លិចបំផ្លាញសន្តិភាព និងបង្កចលាចលសង្គមបានឡើយ។ ដូចនេះ កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គមជាតិកម្ពុជាដើម្បីជាផលប្រយោជន៍ដល់ប្រជាជន១៧លាននាក់។

ទី២- ដើម្បីថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ៖
រាជរដ្ឋាភិបាល មានកាតព្វកិច្ចក្នុងការធានាឱ្យបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈដើម្បីរក្សាបាននូវប្រក្រតីភាពនៃការប្រកបរបរប្រចាំថ្ងៃរបស់ប្រជាជននិងភាពចម្រុងចម្រើនរបស់ប្រទេសជាតិ។ ជាក់ស្តែង នៅក្នុងគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក៏បានផ្តោតសំខាន់ទៅលើបញ្ហាក្មេងទំនើង ល្បែងស៊ីសងជាដើម ក៏ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចអនុវត្តវិធានការទប់ស្កាត់ និងបង្រ្កាបផងដែរ ដើម្បីភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព កុំថាឡើយរហូតដល់ ការញុះញង់ធ្វើកុប្បកម្ម បង្កអសន្តិសុខសង្គម ប៉ះពាល់ដល់សេដ្ឋកិច្ចនិងទេសចរណ៍នោះ។

ទី៣- ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ៖
បើសិនជាអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការមិនទាន់ពេលវេលានោះទេ ធ្វើឱ្យកុប្បកម្មហិង្សាផ្ទុះឡើងនៅកណ្តាលរាជធានីភ្នំពេញ បេះដូងនៃព្រះរាជាណាចក្រកម្ពុជា យើងក៏មិនអាចប៉ាន់ប្រមាណបានដែរ ពីទំហំផលប៉ះពាល់ក៏ដូចជាសោកនាដកម្មដែលបានកើតឡើង។ ជាក់ស្តែង ការប្រើពាក្យសម្តីញុះញង់ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជន រួមជាមួយវត្ថុតាងផ្សេងៗដែលយើងបានឃើញនៅតាមបណ្តាញសង្គម រួមមាន៖ ចំពាម ដាវសាំម៉ូរ៉ៃ ដំបង ដបសាំង និងកាំភ្លើងកែច្នៃជាដើម សុទ្ធសាំងជាឧបករណ៍ ដែលបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស។ ការចាត់វិធានការទប់ស្កាត់នេះដែរ ក៏មិនមែនមានតែនៅកម្ពុជានោះទេ តួយ៉ាងនៅប្រទេសអង់គ្លេស បុរសម្នាក់ដែលបានចេញសារសំឡេងញុះញង់ឱ្យប្រជាជនទៅបំផ្លាញទីតាំងមួយកន្លែង ក៏ត្រូវបានសមត្ថកិច្ចអង់គ្លេស ចាប់ខ្លួននិងផ្តន្ទាទោសជាប់ពន្ធនាគារចំនួន៣ឆ្នាំ។

ជារួម ចំណុចទាំងអស់ដូចបានរៀបរាប់ខាងលើ សុទ្ធសឹងជាការងារសំខាន់ៗ ដែលរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច ផ្តោតការយកចិត្តទុដាក់ក្នុងការចាត់វិធានការទប់ស្កាត់ចលនាកុប្បកម្មកុំឱ្យកើតឡើង ហើយនេះជារឿងត្រឹមត្រូវបំផុតដើម្បីការពារសុខសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសេចក្តីសុខរបស់ប្រជាជន ដោយមិនទុកឱ្យហួសពេលនោះឡើយ ពោលគឺដូចពាក្យចាស់លោកបានពោលថា «ការពារប្រសើរជាងព្យាបាល»៕

ដោយ៖ តាំង ករុណា

 

អត្ថបទទាក់ទង