លិខិតមិត្តអ្នកអាន៖ អ្នកនយោបាយក្បត់ជាតិ ជួបតែបរាជ័យទាំងក្នុងស្រុកនិងក្រៅស្រុក
ស្របពេលដែលមេដឹកនាំពិភពលោកជាច្រើន បានសាទរចំពោះការជាប់ឆ្នោតរបស់លោក ដូណាល់ ត្រាំ ជាប្រធានាធិបតី សហរដ្ឋអាមេរិកទី៤៧ ហើយសូម្បីតែបេក្ខជនប្រកួតប្រជែងខាងគណបក្សប្រជាធិបតេយ្យ លោកស្រី ហារីស និងប្រធានាធិបតីកាន់តំណែង លោក ចូ បៃដិន ក៏បានទូរស័ព្ទទៅលោកត្រាំដើម្បីទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត និងអបអរសាទរអ្នកសាធារណរដ្ឋរូបនេះផងដែរ ថែមទាំងអញ្ជើញទៅសេតវិមានដើម្បីពិភាក្សាគ្នាពីការផ្ទេរអំណាចទៀតផង ប៉ុន្តែអ្នកនយោបាយប្រឆាំងចាស់វស្សា ដែលមានឈ្មោះជាទណ្ឌិតរត់ចោលគុក សម រង្ស៊ី មិនត្រឹមតែមិនទទួលស្គាល់ពីភាពបរាជ័យរបស់ខ្លួននៅក្នុងការបោះឆ្នោតដែលចាញ់ជាបន្តបន្ទាប់នោះទេ ថែមទាំងស្រែកឡាំប៉ាធ្វើកុប្បកម្មហិង្សាប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតថែមទៀតផង។ អ្វីដែលទណ្ឌិតរូបនេះបានធ្វើកន្លងមកនេះ គឺគោលបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតឡើងពីប្រជាជនច្រើនលើសលប់ផ្តល់ការគាំទ្រ។ តើមានមូលហេតុអ្វីខ្លះបានជាទណ្ឌិតក្បត់ជាតិរូបនេះ មិនព្រមទទួលស្គាល់បរាជ័យរបស់ខ្លួនខុស ហើយនៅតែបន្តមួលបង្កាច់លើរាជរដ្ឋាភិបាលកម្ពុជា?
ក្នុងនាមជាអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជាមួយរូប ខ្ញុំយល់ឃើញថា ការមិនព្រមទទួលស្គាល់បរាជ័យម្តងហើយម្តងទៀត របស់ជនក្បត់ជាតិ សម រង្ស៊ី ក៏ដោយសារជនក្បត់ជាតិរូបនេះចងគំនុំនឹងរាជរដ្ឋាភិបាល ដែលបានបកអាក្រាតស្បែកមុខដ៏អាក្រក់ជូរជាតិរបស់ខ្លួន ក្នុងផែនការផ្តួលរំលំរដ្ឋអំណាចស្របច្បាប់ដោយហិង្សា និងចង់ទាញប្រទេសជាតិធ្លាក់ក្នុងស្ថានភាពវឹកវរចលាចល។ ប្រវត្តិរបស់ទណ្ឌិតក្បត់ សម រង្ស៊ី គឺជននេះមានឈាមជ័យក្បត់ជាតិ តាំងពីជំនាន់ជីតា រហូតដល់ឪពុករបស់ខ្លួន ដែលបានធ្វើនយោបាយក្បត់ជាតិ សាសនា ព្រះមហាក្សត្រ ដូច្នេះហើយ បានជាការធ្វើនយោបាយប្រឆាំងរបស់ សម រង្ស៊ី កន្លងមកបន្តមរតកក្បត់ជាតិ បង្កប់ដោយគំនុំសងសឹក និងរិះរកគ្រប់មធ្យោបាយដើម្បីបំផ្លិចបំផ្លាញផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។ ជាក់ស្តែង ទណ្ឌិតក្បត់ជាតិរូបនេះ តែងតែធ្វើការប្រមាថអង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ញុះញង់ប្រជាពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធឱ្យងើបបះបោរ ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិ ធ្លាក់ចុះក្នុងសង្រ្គាមចលាចលវឹកវរ ប្រជាជនរងទុក្ខវេទនា ដែលជាគោលបំណងដែលគេចង់បាន។
កន្លងមកទណ្ឌិតក្បត់ជាតិ៣ជំនាន់រូបនេះ បានធ្វើនយោបាយមួលបង្កាច់បង្ខូចកិត្តិយសប្រទេសកម្ពុជា និងបានអំពាវនាវឱ្យអន្តរជាតិដាក់សម្ពាធមកលើកម្ពុជា កុំឱ្យបរទេសផ្តល់ជំនួយដល់កម្ពុជា និងមិនឱ្យបរទេសទិញទំនិញពីកម្ពុជាជាដើម។ ទង្វើទាំងអស់នេះ គឺជាការបំផ្លាញផលប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា របស់អ្នកនយោបាយប្រឆាំងរូបនេះ ដែលផ្ទុយខុសពីអ្នកនយោបាយប្រឆាំងនៅក្នុងបណ្តាប្រទេសនានា ដែលគេមិនហ៊ានបំផ្លាញផលប្រយោជន៍ជាតិគេនោះឡើយ បើទោះបីគេចង់ឈ្នះយ៉ាងណាក៏ដោយ ក៏គេគិតពីផលប្រយោជន៍ជាតិគេជាធំផងដែរ។ ពាក់ព័ន្ធនឹងការក្រាញននៀលក្នុងឆាកនយោបាយ មិនព្រមឈប់ចងកម្មពារនឹងកម្ពុជានេះដែរ ត្រូវបានគេមើលឃើញថា ដោយសារតែ ទណ្ឌិត សម រង្ស៊ី ចង់បានលាភសក្ការៈ ពីអ្នកងប់ងុលគាំទ្រខ្លួន តាមរយៈការរៀបចំជាព្រឹត្តិការណ៍ជួបជុំ ដើម្បីប្រមូលប្រាក់ដាក់ហោប៉ៅ និងចែកគ្នីគ្នារបស់ខ្លួន ដើម្បីបានបន្តបម្រើនយោបាយបំផ្លាញកម្ពុជាបន្តទៅទៀត។ ជាក់ស្តែង ការប្រកាសបង្កើតរដ្ឋាភិបាលនិរទេសនៅក្រៅប្រទេសនេះដែរ ក៏ត្រូវបានគេមើលឃើញថា ជាមូលហេតុមួយដើម្បីប្រមូលលុយដាក់ហោប៉ៅផងដែរ។ នេះមិនមែនជាលើកទី១នោះទេ ដែលទណ្ឌិតក្បត់ជាតិរូបនេះ បានប្រកាសបង្កើតចលនាតស៊ូ រដ្ឋាភិបាលស្រមោល និងមូលនិធិផ្សេងៗ ប៉ុន្តែជាក់ស្តែងមិនដែលទទួលបានជោគជ័យអ្វីពីសកម្មភាពទាំងនោះទេ ក្រៅតែពីប្រមូលលុយដាក់ហោប៉ៅផ្ទាល់ខ្លួន យកទៅចាយវាយហ៊ឺហារតែប៉ុណ្ណោះ។
ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី គឺជាអ្នកនយោបាយ ដែលគ្មានតម្លៃសម្រាប់ប្រជាជនកម្ពុជា ដោយសារតែការធ្វើនយោបាយញុះញង់ បង្កចលាចលសង្គមគ្រប់រូបភាព បំផ្លាញផលប្រយោជន៍ជាតិនិងប្រជាជន ដើម្បីតែបម្រើមហិច្ឆិតាគំនុំសងសឹកផ្ទាល់ខ្លួន។ ដោយសារមើលឃើញពីនយោបាយទុច្ចរិតបែបនេះហើយ ទើបធ្វើឱ្យអ្នកគាំទ្រដើរចេញជាបន្តបន្ទាប់ ហើយជនក្បត់ជាតិរូបនេះ តែងតែជួបបរាជ័យជានិច្ចទាំងនៅក្នុងស្រុក និងក្រៅស្រុក។ ជីវិតចុងក្រោយរបស់ទណ្ឌិត សម រង្ស៊ី នឹងក្លាយទៅជាអ្នកនយោបាយស្ពាយឈ្មោះក្បត់ជាតិ បំផ្លាញជាតិខ្មែរ នៅក្នុងប្រវត្តិសាស្រ្ត៕
ដោយ៖ មាន មេត្តា