Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

លិខិតមិត្តអ្នកអាន៖ តើអាជ្ញាធរឃាត់ខ្លួនក្រុមប៉ុនប៉ងធ្វើបាតុកម្មផ្តួលរំលំរាជរដ្ឋាភិបាលជាការបំពានច្បាប់ឬ?

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤ ទស្សនៈ - នយោបាយ ព័ត៌មានជាតិ 511
លិខិតមិត្តអ្នកអាន៖ តើអាជ្ញាធរឃាត់ខ្លួនក្រុមប៉ុនប៉ងធ្វើបាតុកម្មផ្តួលរំលំរាជរដ្ឋាភិបាលជាការបំពានច្បាប់ឬ? លិខិតមិត្តអ្នកអាន៖ តើអាជ្ញាធរឃាត់ខ្លួនក្រុមប៉ុនប៉ងធ្វើបាតុកម្មផ្តួលរំលំរាជរដ្ឋាភិបាលជាការបំពានច្បាប់ឬ?

ការប៉ុនប៉ងប្រមូលផ្តុំធ្វើបាតុកម្មផ្តួលរំលំរាជរដ្ឋាភិបាលតាមរយៈការធ្វើបដិវត្តន៍ពណ៌របស់ក្រុមជនជ្រុលនិយម ក្រោមលេសតវ៉ាឲ្យរាជរដ្ឋាភិបាលដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម(CLV-DTA) កាលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ បានបរាជ័យទាំងស្រុង ពោលគឺមិនអាចអនុវត្តន៍តាមផែនការទុច្ចរិតដែលក្រុមខ្លួនបានគ្រោងទុកនោះឡើយ។
នៅមុនព្រឹត្តិការណ៍ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ក្រុមជនជ្រុលនិយមបានប្រកូកប្រកាសកៀរគរអន្ទងហៅឲ្យប្រជាជន ពិសេសយុវជនគ្រប់ទិសទីចូលរួមធ្វើមហាបាតុកម្មប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាតាមរយៈបណ្តាញសង្គមតេឡេក្រាម និងតិកតុក។ មានសារជាច្រើនដែលមេដឹកនាំរបស់ក្រុមជនជ្រុលនិយមនៅក្រៅប្រទេសបានបំផុសដុតកំហឹងឲ្យយុវជនធ្វើសកម្មភាពបំពានច្បាប់ផ្សេងៗដូចជា វាយកម្ទេចទ្រព្យសម្បត្តិរដ្ឋ និងឯកជន ដុតរថយន្ត ដុតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជាដើម ពោលគឺធ្វើឲ្យសង្គមជាតិចលាចលដោយយកគំរូតាមប្រទេសបង់ក្លាដែស។
នៅទីបំផុតទៅ ផែនការទុច្ចរិតរបស់ក្រុមជនជ្រុលនិយម មិនអាចដំណើរទៅបានជោគជ័យឡើយ ដោយសារតែវិធានការច្បាប់ដ៏ម៉ឺងម៉ាត់បំផុតរបស់រាជរដ្ឋាភិបាល ជាពិសេសការបំពេញតួនាទីបានយ៉ាងល្អបំផុតរបស់កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ក្នុងការការពារ ទប់ស្កាត់ ធានាបានសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព ដោយមិនអនុញ្ញាតឲ្យក្រុមជនជ្រុលនិយមបំផ្លាញសង្គមជាតិកម្ពុជាបានឡើយ។ ជាក់ស្តែងអាជ្ញាធរមានសមត្ថកិច្ចបានឃាត់ខ្លួនជនជ្រុលនិយមមួយចំនួនដែលជឿលើការអូសទាញរបស់មេដឹកនាំក្រុមប្រឆាំងនៅក្រៅប្រទេស ដែលបានមកជួបជុំគ្នានៅពីមុខព្រះបរមរាជវាំងតាមការគ្រោងទុក ដោយយកមកជាមួយនូវវត្ថុបង្កគ្រោះថ្នាក់ផ្សេងៗ ដូចជា ចំពាមកៅស៊ូ គ្រាប់ឃ្លីដែក ស្នាប់ដៃ និងឧបករណ៍មួយចំនួនទៀតដែលបម្រើឲ្យការធ្វើសកម្មភាពបះបោរ។
តើការឃាត់ខ្លួនជនប៉ុនប៉ងបង្កអស្ថិរភាពសង្គម និងមានចេតនាបំផ្លាញសន្តិភាព បំផ្លាញភាពសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជា ១៧លាននាក់ ជាការបំពានច្បាប់ដូចដែលក្រុមមាននិន្នាការប្រឆាំងលើកឡើងមែនដែរឬទេ? តើក្រុមជនជ្រុលនិយមដែលសមត្ថកិច្ចឃាត់ខ្លួន ជាជនសាមញ្ញ ដើរលេងមុខព្រះបរមរាជវាំងឬ? បើមកកំសាន្តធម្មតា ហេតុអ្វីចាំបាច់ដាក់ឧបករណ៍បង្កគ្រោះថ្នាក់ផ្សេងៗបម្រើឲ្យការធ្វើសកម្មភាពបះបោរជាប់ខ្លួន? នៅពេលដែលគេដឹងជាទូទៅថា ក្រុមប្រឆាំងជ្រុលនិយម បានដាក់គោលដៅនៅមុខព្រះបរមរាជវាំងជាទីប្រមូលផ្តុំធ្វើមហាបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល ពោលគឺការផ្តួលរំលំរាជរដ្ឋាភិបាលតាមរយៈការធ្វើបដិវត្តន៍ពណ៌ដោយប្រើកម្លាំងមហាជន។
ជាការពិត ការឯកភាពជាតិផ្ទៃក្នុង គឺជាកម្លាំងទប់ស្កាត់ដ៏រឹងមាំទៅនឹងបដិវត្តន៍ពណ៌ ជាពិសេសគឺកម្លាំងឯកភាពនៃកងប្រដាប់អាវុធ។ កងកម្លាំងប្រដាប់អាវុធមានកាតព្វកិច្ចការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតឡើងពីការបោះឆ្នោត និងមានភារកិច្ចការពារភាពសុខសាន្តរបស់ប្រជាជនទូទាំងប្រទេស។
រាជរដ្ឋាភិបាលក្តី កងកម្លាំងប្រដាប់អាវុធក្តី មិនអាចព្រោះតែបុគ្គលមួយចំនួនតូច សុខចិត្តធ្វើឲ្យប្រទេសជាតិបែកបាក់ អសន្តិសុខ បាត់បង់សន្តិភាព ស្ថិរភាពសង្គមនោះទេ។ បើប្រទេសជាតិមានសង្គ្រាម រាជរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធត្រូវទទួលខុសត្រូវចំពោះអាយុជីវិតប្រជាជន ១៧លាននាក់ ដូច្នេះ ការអនុវត្តច្បាប់ចំពោះបុគ្គលដែលប្រឆាំងនឹងច្បាប់គឺជាការពង្រឹងនីតិរដ្ឋ ដើម្បីភាពសុខសាន្តនៃប្រទេសជាតិទាំងមូល។ កងកម្លាំងប្រដាប់អាវុធធ្លាប់បានភ្លក់រសជាតិដ៏ជូរចត់រួចមកហើយ នៅពេលដែលកម្ពុជាពុំទាន់បានស្គាល់ និងយល់ពីអ្វីទៅដែលហៅថា បដិវត្តន៍ពណ៌ ប៉ុន្តែសម្រាប់ពេលនេះ សូមកុំសង្ឃឹមឲ្យសោះថា នឹងអាចមានព្រឹត្តិការណ៍ដូចឆ្នាំ២០១៣ កកើតឡើងវិញសាជាថ្មី។
ក្នុងនាមជាប្រជាពលរដ្ឋ ខ្ញុំសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលមានចំណាត់ការទាន់ពេលវេលាទប់ស្កាត់បានការប៉ុនប៉ងធ្វើឲ្យប្រទេសជាតិធ្លាក់ទៅក្នុងស្ថានភាពចលាចល ដើម្បីធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាល កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។ ប្រសិនបើរាជរដ្ឋាភិបាលទប់ស្កាត់មិនបានទាន់ពេលវេលាទេ នោះលទ្ធផលយើងពិបាកនឹងប៉ានស្មានណាស់ អាចថា ពេលនេះប្រទេសជាតិកំពុងធ្លាក់ក្នុងសភាពវឹកវឹរ ចលាចលសង្គមក៏បាន ព្រោះថា ក្នុងទីក្រុងភ្នំពេញពោរពេញទៅដោយក្រុមបាតុករបង្កភាពអនាធិបតេយ្យ ហើយក្លាយទៅជាកុបកម្ម ទីបំផុតក្លាយជាការធ្វើបដិវត្តន៍ផ្តួលរំលំរាជរដ្ឋាភិបាល ធ្វើឲ្យប្រទេសជាតិធ្លាក់ចូលក្នុងដានកង់ប្រវត្តិសាស្ត្រ គឺនាំកម្ពុជាឲ្យវិលទៅរកអតីតកាលដ៏ជូរចត់ជាមិនខាន៕

ដោយ៖ សុខ សុវណ្ណ

អត្ថបទទាក់ទង