Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

រាជរដ្ឋាភិបាល ដាក់ចេញនូវគោលដៅក្នុងការបន្តជំរុញការអនុវត្តផែនការសកម្មភាពផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទឱ្យសម្រេចបានអត្រាគ្របដណ្តប់១០០% នៅឆ្នាំ២០៣០

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ព័ត៌មានជាតិ 139
រាជរដ្ឋាភិបាល ដាក់ចេញនូវគោលដៅក្នុងការបន្តជំរុញការអនុវត្តផែនការសកម្មភាពផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទឱ្យសម្រេចបានអត្រាគ្របដណ្តប់១០០% នៅឆ្នាំ២០៣០ រាជរដ្ឋាភិបាល ដាក់ចេញនូវគោលដៅក្នុងការបន្តជំរុញការអនុវត្តផែនការសកម្មភាពផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទឱ្យសម្រេចបានអត្រាគ្របដណ្តប់១០០% នៅឆ្នាំ២០៣០

 

រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី១៣ ខែវិច្ឆិកា ជាថ្ងៃប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យជនបទដើម្បីផ្សព្វផ្សាយ ក្រើនរំលឹក អំពីសារៈសំខាន់នៃការលើកកម្ពស់អនាម័យជនបទ និងរួមគ្នាធ្វើឱ្យកាន់តែប្រសើរឡើងនូវស្ថានភាពអនាម័យជនបទនៅកម្ពុជា។ រាជរដ្ឋាភិបាល បាននិងកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការលើកកម្ពស់អនាម័យជនបទ ដែលក្នុងនោះ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ បានបញ្ជាក់យ៉ាងច្បាស់នូវការបន្តជំរុញការអភិវឌ្ឍជនបទ តាមរយៈការបន្តកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ដោយផ្តោតលើការពង្រីកវិសាលភាពនៃការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ។

នៅក្នុងសារលិខិតក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៥ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨  បានដាក់ចេញនូវគោលដៅក្នុងការបន្តជំរុញការអនុវត្តផែនការសកម្មភាព ផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទ ឱ្យសម្រេចបានអត្រាគ្របដណ្តប់១០០% នៅឆ្នាំ២០៣០។

នៅក្នុងសារលិខិតដដែលនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា អត្រាកំណើននៃការទទួលបានសេវាអនាម័យជនបទ នៅក្នុងប្រទេសកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ និងប្រកបដោយមោទនភាព។ នាពេលបច្ចុប្បន្ន អត្រាគ្របដណ្តប់អនាម័យរបស់សហគមន៍ជនបទនៅព្រះរាជាណាចក្រកម្ពុជា បានកើនឡើងដល់ប្រមាណជាង៩០% ដែលក្នុងនោះមានភូមិចំនួន ៩ ៦៧៥ ឃុំចំនួន ៧៩៥ ស្រុកចំនួន៧៩ ក្រុងចំនួន១៥ ខណ្ឌចំនួន១៤ និងខេត្តចំនួន១០ រួមមាន ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តរតនគិរី និងខេត្តសៀមរាប ដែលបានបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលផងដែរ។

វឌ្ឍនភាពគួរជាទីមោទនៈនេះ គឺសបញ្ជាក់យ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្រ្ត និងយន្តការសម្រាប់អនុវត្តប្រកបដោយប្រសិទ្ធភាព ក៏ដូចជាមានការចូលរួមសហការយ៉ាងសកម្មពីគ្រប់ភាភីពាក់ព័ន្ធទាំងអស់ក្នុងវិស័យអនាម័យជនបទ រួមទាំងការចូលរួមរបស់ប្រជាពលរដ្ឋនៅតាមតំបន់ជនបទ ជាពិសេស ក៏បានឆ្លុះបញ្ចាំងអំពីការកើនឡើងនូវកម្រិតយល់ដឹងអំពីសារៈសំខាន់នៃការប្រតិបត្តិអនាម័យជនបទផងដែរ៕

អត្ថបទទាក់ទង