Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកសន្តិភាពជាកត្តាសំខាន់បំផុត ហើយទោះកាលៈទេសៈណាក៏ដោយមិនអនុញ្ញាតឱ្យមានការកាប់សម្លាប់ដូចសម័យខ្មែរក្រហមវិលត្រឡប់មកវិញឡើយ

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានជាតិ 141

ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាសាងសង់បន្ទប់ពិគ្រោះយោបល់ សម្រាប់ជនរងគ្រោះ សាលតាំងពិព័រណ៍អចិន្ត្រៃយ៍ ស្តីពីដំណើរការជំនុំជម្រះក្តី និងឧទ្យានសម្រាប់ការចងចាំ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទោះកាលៈទេសៈណា ក៏ដោយរាជរដ្ឋាភិបាល មិនអនុញ្ញាតឲ្យមានការកាប់សម្លាប់រង្គាលពលរដ្ឋខ្លួន ដូចកាលសម័យរបបកម្ពុជា ប្រជាធិបតេយ្យ (របបខ្មែរក្រហម) នោះឡើយ។ ក្នុងនោះ សម្តេចធិបតី ក៏បានប្រកាសជាថ្មីម្តងទៀតដែរថា «សន្តិភាព» នៅតែមានតម្លៃជានិច្ចសម្រាប់កម្ពុជានិងពិភពលោក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នៅតែចាត់ទុកសន្តិភាពជាកត្តាសំខាន់បំផុត ដូច្នេះបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតែរួមគ្នាថែរក្សា នូវសុខសន្តិភាពនេះឲ្យខាងតែបាន ដោយមិនត្រូវបណ្ដែតបណ្ដោយឲ្យអំពើហិង្សាណាមួយដូចសម័យ ប៉ុល ពត កើតឡើងវិញម្តងទៀតនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងកោតសរសើរ និងបានចាត់ទុកថា អ.វ.ត.ក ជាស្ថាប័នឯករាជ្យមួយ ដោយបានយកអតីតប្រមុខរដ្ឋខ្មែរ (អតីតមេដឹកនាំរបបខ្មែរក្រហម) មកធ្វើការជំនុំជម្រះ និងលាតត្រដាងឲ្យពិភពលោកបានដឹងទទួលយកការសម្រេចក្តី និងធ្វើឲ្យជនរងគ្រោះក្នុងរបបខ្មែរក្រហមអស់ចិត្ត និងទទួលបានយុត្តិធម៌ផងដែរ៕

អត្ថបទទាក់ទង