ដើម្បីសម្រេចគោលដៅចំណូលខ្ពស់ខ្ពស់នៅឆ្នាំ ២០៥០ តើរាជរដ្ឋាភិបាលមានគោលនយោបាយអ្វីខ្លះលើការអភិវឌ្ឍវិស័យដីធ្លី?
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងថា ដើម្បីជាមូលដ្ឋានបន្ថែមក្នុងការជំរុញល្បឿនការងារឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបបានទៅនឹងស្ថានភាពបច្ចុប្បន្នរបស់កម្ពុជា ក៏ដូចជាចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ សម្តេចបានផ្តល់អនុសាសន៍មួយចំនួន ក្នុងក្របខណ្ឌនៃវិស័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងលំនៅដ្ឋាន ដោយក្នុងនោះក្រសួងត្រូវបន្តចុះបញ្ជីដីធ្លីបង្ហើយនៅឆ្នាំ២០២៥ ទៅតាមផែនការរបស់ក្រសួង ព្រមទាំងបន្តដោះស្រាយវិវាទដីធ្លី និងបញ្ហាបុរីឱ្យនៅសល់ក្នុងកម្រិតមួយជាអប្បបរមា ដើម្បីផ្តល់ទំនុកចិត្តបន្ថែមទៀតដល់អ្នកវិនិយោគដើម្បីបន្តដាក់ទុនវិនិយោគឈានទៅពង្រឹងសេដ្ឋកិច្ចកម្ពុជា ពង្រឹងបានភាពធន់របស់កម្ពុជា និងឈានទៅពង្រីកឧស្សាហកម្មថ្មីៗ បង្កើនតម្លៃបន្ថែម និងកសាងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ព្រមទាំងរក្សាបាននូវសុខដុមនីយកម្មសង្គម។
នាឱកាសនោះដែរ សម្តេចធិបតី សង្ឃឹមថា ការងារចែកបណ្ណកម្មសិទ្ធិដីធ្លីនឹងត្រូវបញ្ចប់នៅឆ្នាំ២០២៧ ដែលជាពេលវេលាសសមស្របជាយុទ្ធសាស្ត្រ ដើម្បីឈានទៅប្រារព្ធខួប៤០ឆ្នាំ (១៩៨៩-២០២៩) នៃការផ្តល់កម្មសិទ្ធិឯកជនលើដីធ្លីជូនប្រជាពលរដ្ឋនៅកម្ពុជា និងដែលបានផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន ។ ជាមួយគ្នានោះដែរ សម្តេចធិបតី បានស្នើឲ្យជំរុញមន្ត្រីពាក់ព័ន្ធទាំងអស់សហការជាមួយអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ដើម្បីចូលរួមឱ្យបានសកម្ម និងចាត់ចែងឱ្យមានប្រសិទ្ធភាពក្នុងការចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
សម្តេចធិបតី បានថ្លែងដូចនេះ នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕