សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបំផ្លាញសន្តិភាពជារឿងងាយស្រួល ប៉ុន្តែការបង្កើតសន្តិភាពជារឿងពិបាក
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការបំផ្លាញសន្តិភាពមិនពិបាកទេ ប៉ុន្តែការបង្កើតសន្តិភាពគឺពិបាកណាស់ ពុំនោះសោតរាប់តំណរមនុស្សក៏ពុំអាចបង្កើតសន្តិភាពបានដែរ អាស្រ័យហេតុនេះយើងត្រូវសាមគ្គីគ្នារួមចិត្តតែមួយដើម្បីថែរក្សាសន្តិភាពដែលរកបានដោយលំបាកបំផុតឱ្យបានគង់វង្សឋិតឋេរ មិនឱ្យអនុភាពណាបំផ្លាញបានឡើយទោះបីជាក្នុងតម្លៃណាក៏ដោយ។
លើសពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា សច្ចភាពប្រវត្តិសាស្រ្តនៅក្នុងយុគសម័យដែលបានកត់ត្រាទុកក្នុងទំព័រប្រវត្តិសាស្រ្តបានតភ្ជាប់ពីដំណាក់កាលមួយទៅដំណាក់កាលមួយដែលបានកំណត់ចែកចេញជាដំណាក់កាលធំៗចំនួន៣៖
ទី១- ចាប់ផ្តើមពីចលនាតស៊ូនៅក្នុងដំណើរឈានឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ គឺចាប់ផ្តើមចេញពីចលនាតស៊ូ និងរើបម្រាស់ចេញពីរបប ប៉ុល ពត
ទី២- ការស្តារ និងការកសាងប្រទេសជាតិឡើងវិញចេញពីចំណុចសូន្យដោយដៃម្ខាងកាន់អាវុធការពារទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ប៉ុលពត ដៃម្ខាងកសាងប្រទេសជាតិរហូតឈានដល់ដំណាក់កាលចរចា
ទី៣- ការបើកឡើងវិញនូវទំព័រប្រវត្តិសាស្រ្តថ្មីមួយដែលមានលក្ខណៈប្តូរផ្តាច់ប្រឆាំងនឹងបដិវត្តន៍ពណ៌ដែលអាចនាំមកនូវការបំផ្លាញសន្តិភាពនិងការអភិវឌ្ឍជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «ខួបលើកទី៤៧ឆ្នាំនៃដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ដើម្បីរំដោះប្រទេស និងសង្រ្គោះប្រជាជនX១៦ខេត្តត្បូងឃ្មុំ» នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤៕