Khmer First Close

តើដើម្បីជួយដល់ប្រជាកសិករ ជំហានដំបូងគេត្រូវធ្វើអ្វី?

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥ ព័ត៌មានជាតិ 170
តើដើម្បីជួយដល់ប្រជាកសិករ ជំហានដំបូងគេត្រូវធ្វើអ្វី? តើដើម្បីជួយដល់ប្រជាកសិករ ជំហានដំបូងគេត្រូវធ្វើអ្វី?

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំពោះបញ្ហាសន្តិសុខស្បៀង រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ទាំងអ្នកផលិត និងទាំងអ្នកប្រើប្រាស់។ សម្ដេចបានបន្តថា រដ្ឋាភិបាលមិនមែនយកចិត្តទុកដាក់តែទៅលើតម្លៃទីផ្សារតែមួយមុខទេ ពីព្រោះមុននឹងគិតគូរដល់តម្លៃទីផ្សារ គេត្រូវមានច្រើនដំណាក់កាលណាស់។

សម្តេចធិបតី បានថ្លែងបន្តថា ដំណាក់កាលទី១ ត្រូវមានដីសិន បើគ្មានដីទេ សូមកុំនិយាយពីការបង្កបង្កើនផល កុំនិយាយពីការផលិតស្រូវ។ សម្ដេចថា បញ្ហាដីនេះប្រជាជនណាដែលមិនមានបណ្ណកម្មសិទ្ធិ រដ្ឋាភិបាលបានរៀបចំជាកម្មសិទ្ធិឯកជនជូន ហើយចំពោះដីណាដែលទំនេរ រដ្ឋាភិបាលនឹងបន្តវាស់វែងចែកជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ ដើម្បីឱ្យប្រជាជន និងកសិករ មានលទ្ធភាពអាចបង្កបង្កើនផលបាន។

នាឱកាសនោះដែរ សម្តេចធិបតី បានថ្លែងបញ្ជាក់ថា ដើម្បីឱ្យប្រជាជននិងកសិករមានលទ្ធភាពអាចបង្កបង្កើនផលបាន ទី១ យើងត្រូវគិតគូរបែងចែកដីធ្លីជូនប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក៏បានជំរុញយកចិត្តទុកដាក់ក្នុងរឿងនេះ។ ជាក់ស្ដែងនៅទីនេះ សម្រាប់អ្នកអត់ដី គឺត្រូវទទួលបានដី បានផ្ទះ និងដីកសិកម្ម និងបានរៀបចំបង្កើតទៅជាភូមិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ “សមិទ្ធផលនានាក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់”។

អត្ថបទទាក់ទង