Khmer First Close

សម្ដេចបវរធិបតីវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្នុងការអភិវឌ្ឍ និងផ្សព្វផ្សាយអំពីកីឡាប្រដាល់គុនខ្មែរ

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានជាតិ 168
សម្ដេចបវរធិបតីវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្នុងការអភិវឌ្ឍ និងផ្សព្វផ្សាយអំពីកីឡាប្រដាល់គុនខ្មែរ សម្ដេចបវរធិបតីវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្នុងការអភិវឌ្ឍ និងផ្សព្វផ្សាយអំពីកីឡាប្រដាល់គុនខ្មែរ

នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ​ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហការីជាថ្នាក់ដឹកនាំសហព័ន្ធ ចូលជួបសម្តែងការគួរសម នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប, ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ​ បានគោរពរាយការណ៍ជូនសម្ដេចបវរធិបតីដោយសង្ខេប​ អំពីសកម្មភាព និងវឌ្ឍនភាពការងាររបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដោយបច្ចុប្បន្ននេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ មានសមាគមកីឡាប្រដាល់គុនខ្មែរក្រសួង, រាជធានី-ខេត្ត ចំនួន២៣ ជាសមាជិក​ និងមានក្លឹបចំណុះសមាគមចំនួន ១៤៤ ក្លឹប។ គិតត្រឹមឆ្នាំ២០២៤, កីឡាប្រដាល់គុនខ្មែរមានអត្តពលិកសរុប ១២៣៦ នាក់, កីឡាករចំនួន ១១៩១​នាក់, កីឡាការិនី ៤៥នាក់, គ្រូបង្វឹក ១៤៤នាក់, គ្រូជំនួយ ១៤៨នាក់, មន្រ្តីបច្ចេកទេសអាជ្ញាកណ្តាល និងចៅក្រម ១៨០នាក់ (ស្រី ១២នាក់) និងមន្រ្តីលេខាធិការដ្ឋាន ៧នាក់។ ឯកឧត្តម​ប្រធានសហព័ន្ធបានបន្ថែមទៀតថា សហព័ន្ធបានយកចិត្តទុកដាក់រៀបចំការប្រកួតកីឡា ក្នុងចន្លោះពី ១៨ ទៅ​ ២២ កម្មវិធី ក្នុង​មួយសប្តាហ៍, បានបង្កើតសង្វៀនថ្នាលប្រកួតជាអចិន្រ្តៃយ៍នៅភូមិភាគបាត់ដំបង​ និង ភូមិភាគសៀមរាប​ ព្រមទាំងបានរៀបចំកម្មវិធីប្រកួតថ្នាលចល័តទៅតាមរាជធានី​ ខេត្ត​ ក្រុង​ ស្រុក​​ ប្រចាំសប្តាហ៍ផងដែរ។​​ ​ក្រៅពីនេះ, សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានផ្ដោតការយកចិត្តទុកដាក់លើការផ្សព្វផ្សាយអំពីកីឡាប្រដាល់គុនខ្មែរនៅបរទេស ក៏ដូចជាបានចូលរួមចំណែកដល់ការងារសង្គម តួយ៉ាង ការបរិច្ចាគឈាមដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ជាដើម។

សម្ដេចបវរធិបតីបានកោតសរសេីរ​ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្នុងការអភិវឌ្ឍ និងផ្សព្វផ្សាយអំពីកីឡាប្រដាល់គុនខ្មែរ និងសម្រេចបាននូវលទ្ធផលគួរឱ្យកត់សម្គាល់។ សម្ដេចបវរធិបតីបានបន្ថែមទៀតថា បច្ចុប្បន្ននេះ កីឡាប្រដាល់គុនខ្មែរកំពុងទទួលបានការគាំទ្រជាខ្លាំងពីមហាជន ដែលធ្វើឱ្យវិស័យគុនខ្មែរកាន់តែមានភាពលេចធ្លោ និងកាន់តែមានឈ្មោះនៅលើឆាកអន្តរជាតិ។ នាឱកាសនេះដែរ, សម្ដេចបវរធិបតីបានលើកទឹកចិត្តដល់សហព័ន្ធឱ្យបន្តខិតខំអភិវឌ្ឍវិស័យគុនខ្មែរនេះ​ ឱ្យកាន់តែរីកចម្រើន និងខិតខំផ្សព្វផ្សាយអំពីកីឡាប្រដាល់គុនខ្មែរឱ្យកាន់តែទូលំទូលាយ និងយ៉ាងផុសផុល​ ព្រមទាំងបានលើកទឹកចិត្តឱ្យសហព័ន្ធបន្តសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរដែនដី​ ឱ្យកាន់ល្អប្រសើរថែមទៀត ជាពិសេស​ ក្នុងការរៀបចំព្រឹត្រិការណ៍សំខាន់ៗប្រចាំឆ្នាំ។​ សម្តេចបវរធិបតី​ ក៏បានលើកទឹកចិត្តឱ្យសហព័ន្ធបន្តខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសនានាលើពិភពលោក សំដៅពង្រីកការបណ្ដុះបណ្ដាលកីឡាប្រដាល់គុនខ្មែរ និងផ្សព្វផ្សាយរូបភាពគុនខ្មែរឱ្យកាន់តែល្បីរន្ទឺទៅលើឆាកអន្តរជាតិ។

អត្ថបទទាក់ទង