Khmer First Close

ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍វិនិយោគលើវិស័យបច្ចេកវិទ្យា នៅកម្ពុជា

ដោយ៖ សម្បត្តិ កិត្យា ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ 137
ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍វិនិយោគលើវិស័យបច្ចេកវិទ្យា នៅកម្ពុជា ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍វិនិយោគលើវិស័យបច្ចេកវិទ្យា នៅកម្ពុជា

នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក CHEN Simon ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ADATA Technology Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

នៅក្នុងឱកាសនៃជំនួបនេះ លោកប្រធានក្រុមប្រឹក្សាភិបាលបានគោរពជម្រាបជូនដោយសង្ខេបអំពីក្រុមហ៊ុន ADATA Technology Co., Ltd.ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមួយ មានអាយុកាលជាង ៥៣ ឆ្នាំ។ ក្រុមហ៊ុនមានបុត្រសម្ព័ន្ធចំនួន ៥ ដែលបានចុះបញ្ជីនៅផ្សារភាគហ៊ុននៅកោះតៃវ៉ាន់ និងហុងកុង ព្រមទាំងមានការិយាល័យតំណាងជាង ៤០ ដែលកំពុងប្រតិបត្តិការអាជីវកម្មនៅបណ្តាប្រទេសនានាជុំវិញពិភពលោក។ ក្រុមហ៊ុន ADATA Technology Co., Ltd. មានជំនាញផ្នែកគ្រឿងអេឡិចត្រូនិក, រ៉ូបូត​,​ កុំព្យូទ័រ​ បច្ចេកវិទ្យាជីវមាត្រ (Biometrics) និងយានយន្ត។ លោកប្រធានបានបន្តថា នេះជាដំណើរទស្សនកិច្ចលើកទី៤ របស់លោក មកកាន់ប្រទេសកម្ពុជា ហើយក្រុមហ៊ុនមានចំណាប់អារម្មណ៍ខ្លាំងក្នុងការវិនិយោគនៅកម្ពុជា ដោយផ្តោតលើវិស័យបច្ចេកវិទ្យាទំនើប។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏ចាប់អារម្មណ៍ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងស្ថាប័នរបស់កម្ពុជា ដើម្បីបណ្តុះបណ្តាល និងកសាងធនធានមនុស្ស​ ផ្នែកបច្ចេកវិទ្យាទំនើប ផងដែរ។

ជាការឆ្លើយតប សម្តេចបវរធិបតីបានសម្តែងការស្វាគមន៍ចំពោះគណៈប្រតិភូរបស់ក្រុមហ៊ុនដែលបានមកបំពេញទស្សនកិច្ច និងចាប់អារម្មណ៍វិនិយោគ នៅកម្ពុជា។ សម្តេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនរបស់ក្រុមហ៊ុន ដែលមានបទពិសោធន៍ និងឈានមុខគេ ខាងវិស័យបច្ចេកវិទ្យាទំនើប។ សម្តេច​បវរ​ធិបតី​បាន​សង្កត់ធ្ងន់ថា​​ ការអភិវឌ្ឍវិស័យបច្ចេកវិទ្យានៅកម្ពុជា គឺជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាល។ សម្តេចបវរធិបតីបានគូសបញ្ជាក់អំពីគោលនយោបាយ និងយន្តការចាំបាច់នានារបស់​រាជរដ្ឋាភិបាល​ ក្នុងការគាំទ្រដល់បរិស្ថានវិនិយោគនៅកម្ពុជា រួមមាន៖ ច្បាប់ស្តីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា, ការដាក់ចេញវិធានការចាំបាច់ និងការកែសម្រួលនីតិវិធីពាក់ព័ន្ធនឹងការវិនិយោគ ព្រមទាំងការដាក់ចេញនូវកញ្ចប់វិធានការលើកទឹកចិត្តសម្រាប់វិនិយោគិន ជាពិសេសការវិនិយោគលើខ្សែច្រវាក់ផ្គត់ផ្គង់។ ទន្ទឹមនេះ សម្តេចបវរធិបតីបានសម្តែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យបច្ចេកវិទ្យាទំនើប នៅកម្ពុជា។

សម្តេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តភ្ជាប់ទំនាក់ទំនងជាមួយក្រសួងស្ថាប័នពាក់ព័ន្ធបន្ថែមទៀត ដើម្បីចាប់យកកាលានុវត្តភាពក្នុងការវិនិយោគនៅកម្ពុជា៕

អត្ថបទទាក់ទង