សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ហេតុអ្វីបានជាយើងចាំបាច់ត្រូវមាន «ភាពម្ចាស់ការ» នៅក្នុងវិស័យអប់រំ?
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់គោលការណ៍ឱ្យលុបចោលមជ្ឈមណ្ឌលសិក្សាទំនើប ដើម្បីបញ្ចប់ស្ដង់ដារពីរនៅក្នុងវិស័យអប់រំរបស់រដ្ឋ និងម៉្យាងទៀតដើម្បីកុំឱ្យបាត់ម្ចាស់ការលើការងារអប់រំនៅក្នុងប្រទេសកម្ពុជា។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំ ២០២៤-២០២៥ ដែលប្រារព្ធនៅវិទ្យាស្ថានបច្ចេកវិទ្យា នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ភាពម្ចាស់ការមានសារៈសំខាន់ណាស់ ដោយសារ យើងអាចទទួលខុសត្រូវ និងសម្រេចចិត្តដោយខ្លួនយើង ដោយមិនចាំបាច់ពឹងលើដៃគូខាងក្រៅ ដែលអាចនាំឱ្យយើងបាត់បង់អធិបតេយ្យរបស់យើងផងដែរ។ សម្តេចបានបន្តថា មានតែយើងខ្លួនឯងទេ ដែលស្គាល់ច្បាស់ពីប្រទេសជាតិខ្លួនឯង ហើយយើងអាចធ្វើអាទិភាពទៅលើកម្មវត្ថុដែលយើងចង់បាន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសស្វាគមន៍នូវជំនួយគាំទ្រផ្សេងៗលើវិស័យអប់រំ ទាំងសម្ភារៈ បច្ចេកទេស និងធនធានពីសំណាក់ដៃគូអភិវឌ្ឍន៍ទាំងអស់ ប៉ុន្តែត្រូវគោរពតាមការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួង ស្ថាប័នដែលបានដាក់ចេញគោលនយោបាយ និងផែនទីបង្ហាញផ្លូវ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់ក្រសួងអប់រំ បន្តពង្រឹងវិស័យអប់រំគ្រប់កម្រិត ខណៈរាជរដ្ឋាភិបាល បន្តផ្ដល់អាទិភាពគាំទ្រដល់វិស័យអប់រំដើម្បីឱ្យមូលធនមនុស្សកម្ពុជា មានសមត្ថភាព មានគុណវុឌ្ឍិ ក្នុងការជួយអភិវឌ្ឍប្រទេសជាតិ៕