Khmer First Close

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Murakami Seiichiro រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុង និងទូរគមនាគមន៍ជប៉ុន

ដោយ៖ សម្បត្តិ កិត្យា ​​ | 5 ម៉ោងមុន ព័ត៌មានជាតិ 153

(ទីក្រុងតូក្យូ)៖ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត បានដឹកនាំគណៈប្រតិភូនៃទីស្តីការ
គណៈរដ្ឋមន្ត្រីបានជួបពិភាក្សាការងារជាមួយឯកឧត្តម Murakami Seiichiro រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុង និងទូរគមនាគមន៍ជប៉ុន ក្នុងដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន។ ក្នុងឱកាសនេះ ឯកឧត្តម Murakami Seiichiro បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្ដម វង្សី វិស្សុត និងគណៈប្រតិភូនៃទីស្តីការគណៈរដ្ឋមន្ត្រីទាំងអស់ ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន

ឯកឧត្តម វង្សី វិស្សុត បានគូសបញ្ជាក់ថា កម្ពុជានិងជប៉ុនបានកសាងទំនាក់ទំនងយ៉ាងស្អិតរមួត ដោយផ្អែកលើការទុកចិត្តគ្នាទៅវិញទៅមកជាក់ស្តែងឆ្នាំ២០២៥នេះ គឺជាខួបលើកទី៧២នៃការបង្កើតទំនាក់ទំនងការទូតរវាងជប៉ុននិងកម្ពុជា ហើយទំនាក់ទំនងនៃប្រទេសទាំងពីរត្រូវបានដំឡើងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ។ ឯកឧត្តមបានគូសបញ្ជាក់ផងដែរថា ប្រទេសជប៉ុនស្ថិតក្នុងចំណោមប្រទេសដំបូងគេ ដែលបានទទួលស្គាល់ឯករាជ្យភាពរបស់ប្រទេសកម្ពុជា ក្រោយពីកម្ពុជាទទួលបានឯករាជ្យភាពពេញលេញ។ លើសពីនេះ ជប៉ុនគឺជាដៃគូយ៉ាងសំខាន់ក្នុងការជួយកសាងនិងស្តារសន្តិភាពនៅកម្ពុជានៅគ្រប់ដំណាក់កាលរួមមាន ដំណាក់កាលទី១ ការកសាងសន្តិភាព, ដំណាក់កាលទី២ ការរក្សាសន្តិភាព, ដំណាក់កាលទី៣ ការស្តារនីតិសម្បទាឡើងវិញ, និងដំណាក់កាលទី៤ ការអភិវឌ្ឍរហូតមកដល់បច្ចុប្បន្ន។ តាមរយៈទំនាក់ទំនងដ៏ស្អិតរមួតនេះ ប្រទេសជប៉ុននិងប្រជាជនជប៉ុនតែងតែស្ថិតនៅក្នុងបេះដូងរបស់ប្រជាជនកម្ពុជាជានិច្ច។

ក្នុងកិច្ចពិភាក្សាដ៏សំខាន់នេះផងដែរ ឯកឧត្តម វង្សី វិស្សុត បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំរបស់
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានប្តេជ្ញាជំរុញការកែទម្រង់អភិបាលកិច្ចលើការដ្ឋានសំខាន់ៗ រួមមាន ការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់ប្រព័ន្ធច្បាប់ និងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ជាដើម។ ក្នុងនោះ ទីស្តីការគណៈរដ្ឋមន្ត្រីជាស្ថាប័នស្នូលទទួលបន្ទុកក្នុងការដ្ឋានកែទម្រង់ច្បាប់ និងការតាមដាននិងវាយតម្លៃការអនុវត្តគោលនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ហើយឯកឧត្តម វង្សី វិស្សុត បានបង្ហាញនូវការស្វាគមន៍ចំពោះកិច្ចសហការនិងការគាំទ្រនានាដែលក្រសួងកិច្ចការផ្ទៃក្នុង និងទូរគមនាគមន៍ជប៉ុន អាចផ្តល់ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ពិសេសដល់ទីស្ដីការគណៈរដ្ឋមន្ត្រី

ក្នុងស្មារតីបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ឯកឧត្តម Murakami Seiichiroបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានចែករំលែកចំណេះដឹង និងបទពិសោធមួយចំនួន និងបានបង្ហាញជំហរស្វាគមន៍និងគាំទ្រដល់ដំណើរការអនុវត្តការដ្ឋានកែទម្រង់សំខាន់ៗពាក់ព័ន្ធ ជាពិសេសលើការងារកែទម្រង់ច្បាប់ ការងារតាមដាននិងវាយតម្លៃការអនុវត្តគោលនយោបាយនិងយុទ្ធសាស្ត្រ និងការវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបា ដែលការដ្ឋានការងារទាំងនេះក៏ជាមុខងារ និងតួនាទីរបស់ក្រសួងកិច្ចការផ្ទៃក្នុង និងទូរគមនាគមន៍ជប៉ុនផងដែរ

គួររំលឹផងដែរថា ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុននេះ ឯកឧត្តម វង្សី វិស្សុត នឹងបន្តជួបជាមួយថ្នាក់ដឹកនាំសំខាន់ៗផ្សេងទៀតនៃប្រទេសជប៉ុនរួមមាន៖ ១.ឯកឧត្តម Hayashi Yoshimas រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី, ២.ឯកឧត្តម KIUCHI Minoru រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសន្តិសុខសេដ្ឋកិច្ច, ៣.ឯកឧត្តម Miyaji Takuma អនុរដ្ឋមន្ត្រីក្រសួងការបរទេស, ៤.ឯកឧត្តម TANAKA Akihiko ប្រធាន JICA, ៥.ឯកឧត្តម Ishiguro Norihiko ប្រធាន JETRO, ៦. ឯកឧត្តម Kumura Takashi អភិបាលខេត្ត Kumamoto និងថ្នាក់ដឹកនាំមួយចំនួនទៀត ដើម្បី៖ (១) សិក្សាអំពីប្រព័ន្ធអភិបាលកិច្ចជប៉ុន ជាពិសេសពិភាក្សា ផ្លាស់ប្តូរបទពិសោធ និងចំណេះដឹងពាក់ព័ន្ធការពង្រឹងមុខងារ និងភារកិច្ចរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងនាមជាសេនាធិការដ៏សំខាន់មួយរបស់នាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រី, (២) សិក្សាស្វែងយល់អំពីគោលនយោបាយសំខាន់ៗពាក់ព័ន្ធនឹងវិស័យរដ្ឋបាល ច្បាប់ ការតាមដាននិងវាយតម្លៃការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល និងទិដ្ឋភាពពាក់ព័ន្ធមួយចំនួនទៀត និង(៣)ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួត សម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍ និងទំនាក់ទំនងប្រជាជននិងប្រជាជន។

អត្ថបទទាក់ទង