ធនាគារជាតិនៃកម្ពុជា៖ អតិផរណាជាមធ្យមមានកម្រិតត្រឹម ០.៨% នៅឆ្នាំ២០២៤ រួមចំណែកយ៉ាងសំខាន់ ជួយរក្សាកម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា
![ធនាគារជាតិនៃកម្ពុជា៖ អតិផរណាជាមធ្យមមានកម្រិតត្រឹម ០.៨% នៅឆ្នាំ២០២៤ រួមចំណែកយ៉ាងសំខាន់ ជួយរក្សាកម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា](https://khmerfirst.net/app/uploads/2025/02/8BDA94E9-38B3-4577-A0F4-EF60A60B73C9.jpeg)
(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងឲ្យដឹងថា ជាមួយនឹងការរក្សាបានកំណើនសេដ្ឋកិច្ច ពិភពលោកក៏សម្រេចបានជោគជ័យ ក្នុងការកាត់បន្ថយអត្រាអតិផរណាជាបន្តបន្ទាប់ ក្នុងនោះស្ថានភាពអតិផរណានៅកម្ពុជា ជាមធ្យមមានកម្រិតត្រឹម ០.៨% នាឆ្នាំ២០២៤ ដោយសារការធ្លាក់ថ្លៃប្រេងឥន្ធនៈ ម្ហូបអាហារ ស្របពេលដែលទំនិញ និងសេវាផ្សេងៗទៀតឡើងថ្លៃយឺត។
ការលើកឡើងរបស់លោកស្រីបណ្ឌិត ជា សិរី ធ្វើឡើងក្នុងឱកាសលោកស្រីបណ្ឌិតបានអញ្ជើញចូលរួមក្នុងកម្មវិធី សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ ធនាគារជាតិនៃកម្ពុជា រៀបចំឡើងនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។
លោកស្រីបណ្ឌិត ជា សិរី បានថ្លែងថា ជាមួយនឹងការរក្សាបានកំណើនសេដ្ឋកិច្ច ពិភពលោកក៏សម្រេចបានជោគជ័យ ក្នុងការកាត់បន្ថយអត្រាអតិផរណាជាបន្តបន្ទាប់ពី ៨.៦% នៅឆ្នាំ២០២២ មក ៥.៧% នាឆ្នាំ២០២៤ ជាពិសេសក្នុងប្រទេសអភិវឌ្ឍន៍ ដែលអត្រាអតិផរណាបានថយចុះដល់២.៦% ដោយសារការរក្សាអត្រាការប្រាក់ គោលឱ្យនៅខ្ពស់ គួបផ្សំនឹងការធ្លាក់ថ្លៃប្រេងឥន្ធនៈ និងម្ហូបអាហារ។ ការថយចុះនៃអតិផរណាបានផ្តល់លទ្ធភាពឱ្យធនាគារកណ្តាលធំៗ កាត់បន្ថយអត្រាការប្រាក់គោលសន្សឹមៗ ចាប់ពីឆមាសទី២ ឆ្នាំ២០២៤ មក។
លោកស្រីបណ្ឌិតបានបញ្ជាក់ថា «នៅកម្ពុជាការអនុវត្តដោយប្រសិទ្ធភាពនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ បានជួយជំរុញសេដ្ឋកិច្ចឱ្យបន្តងើបឡើង ក្នុងអត្រា៦% នាឆ្នាំ២០២៤។ កម្រិតកំណើននេះគាំទ្រជាចម្បង ដោយកំណើនខ្ពស់នៃការនាំចេញ ជាពិសេសផលិតផលកាត់ដេរ និងការបន្តងើបឡើងជាលំដាប់នៃវិស័យទេសចរណ៍ ទោះបីវិស័យសំណង់និងអចលនទ្រព្យ និងកសិកម្មបន្តមានកំណើនទាបក៏ដោយ។ ទន្ទឹមនេះ អតិផរណាជាមធ្យមមានកម្រិតត្រឹម ០.៨% នាឆ្នាំ២០២៤ ដោយសារការធ្លាក់ថ្លៃប្រេងឥន្ធនៈ ម្ហូបអាហារ ស្របពេលដែលទំនិញនិងសេវាផ្សេងៗទៀតឡើងថ្លៃយឺត»។
លោកស្រីបណ្ឌិតបានបញ្ជាក់បន្ថែមថា លើសពីនេះការរក្សាបានស្ថិរភាពតម្លៃប្រាក់រៀល ក៏បានរួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញ និងសេវាទូទៅលើទីផ្សារផងដែរ។ អត្រាប្តូរប្រាក់មានកម្រិតជាមធ្យម ៤ ០៧១ រៀលក្នុងមួយដុល្លារអាមេរិក ដោយបានឡើងថ្លៃប្រមាណ ០.៩% ធៀបនឹងឆ្នាំ២០២៣ ដែលធ្វើឱ្យអត្រាប្តូរប្រាក់វិលទៅរកកម្រិតមុនវិបត្តិកូវីដ-១៩ វិញ។
លោកស្រីបណ្ឌិតបានបញ្ជាក់ថា «ម្រិតទាបនៃអតិផរណាបានបង្ហាញថា ធនាគារជាតិនៃកម្ពុជា សម្រេចបាននូវបេសកកម្មចម្បងរបស់ខ្លួន ក្នុងការអនុវត្តនយោបាយរូបិយវត្ថុ ស្របតាមក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច របស់រាជរដ្ឋាភិបាល។ អត្រាអតិផរណាទាបនេះបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយរក្សាកម្រិតជីវភាពរស់នៅ របស់ប្រជាជនកម្ពុជា»៕