Khmer First Close

តើសម្តេចតេជោ ហ៊ុន សែន បានលើកឡើងអ្វីខ្លះពីដំណើរនៃជាតិកម្ពុជា?

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ព័ត៌មានជាតិ 180
តើសម្តេចតេជោ ហ៊ុន សែន បានលើកឡើងអ្វីខ្លះពីដំណើរនៃជាតិកម្ពុជា? តើសម្តេចតេជោ ហ៊ុន សែន បានលើកឡើងអ្វីខ្លះពីដំណើរនៃជាតិកម្ពុជា?

នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានានៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ឆ្លៀតក្នុងឱកាសនោះ សម្ដេចតេជោក៏បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានាពេលកន្លងទៅ។ 

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីដំណើរនៃជាតិកម្ពុជា ក្រោយការរំដោះចេញពីរបបអាណានិគមបារាំង ដោយសម្តេចព្រះបរមរតនកោដ្ឋ បានធ្វើឱ្យជាតិមានការរីកចម្រើន តែក្រោយការធ្វើរដ្ឋប្រហារ ១៨ មីនា ១៩៧០ ក៏ធ្វើឱ្យជាតិប្រែជាខ្ទេចខ្ទាំ រហូតធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលធ្វើឲ្យយើងបាត់បង់អ្វីៗស្ទើរតែសូន្យ។ 

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា សម្តេច រួមនិងឥស្សរជនរបស់កម្ពុជាជាច្រើនរូប បានរួមគ្នាកសាងប្រទេសពីស្ថានភាពដ៏លំបាកបំផុត ក្រោយរំដោះចេញពីរបបប្រល័យពូជសាសន៍ រហូតមានការរីកចម្រើនដូចពេលបច្ចុប្បន្ន។

ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរថា រយៈពេល១៧ខែ នៃការដឹកនាំរបស់អ្នកបន្តវេន កំពុងធ្វើបានយ៉ាងល្អ ដោយរក្សាបានសុខសន្តិភាព ស្ថិរភាពសង្គម និងបន្តជំរុញការអភិវឌ្ឍឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីសម្តេចជាឪពុក និងជាប្រធានគណបក្ស តែសម្តេចមិនលូកលាន់ការងាររបស់នាយករដ្ឋមន្រ្តីនោះឡើយ លើកលែងតែក្នុងករណីមានការស្នើសុំពិគ្រោះយោបល់។ ការធ្វើបែបនេះគឺដើម្បីផ្តល់ឱកាសអោយនាយករដ្ឋមន្រ្តីបន្តវេនអាចមានលទ្ធភាពពង្រឹងខ្លួនឯងឱ្យឈរជើងយ៉ាងរឹងមាំក្នុងការងារដឹកនាំប្រទេសជាតិ៕

អត្ថបទទាក់ទង