តើសមាគមឧកញ៉ា ចូលរួមចំណែកអ្វីខ្លះទៅលើនយោបាយ «ការទូតសេដ្ឋកិច្ច» របស់រាជរដ្ឋាភិបាល?
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា សមាគមឧកញ៉ាកម្ពុជា បាននិងកំពុងចូលរួមចំណែកនៅក្នុងគោលនយោបាយការទូតសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញវិនិយោគបរទេស មកវិនិយោគនៅកម្ពុជា។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមាគមឧកញ៉ា ដែលជាអ្នកដឹកនាំទៅលើវិស័យឯកជន តែងតែបានចូលរួមផ្សព្វផ្សាយនិងទាក់ទាញវិនិយោគនៅក្រៅប្រទេស ដែលធ្វើឱ្យគម្រោងវិនិយោគពីក្រៅប្រទេសកើនឡើងគួរឱ្យកត់សម្គាល់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា វិស័យឯកជន គឺជាដៃគូដ៏សំខាន់មិនអាចខ្វះបាន ដែលតែងអមដំណើរជាមួយភាគីរាជរដ្ឋាភិបាលចូលរួមវេទិកាធុរកិច្ចនៅក្រៅប្រទេស ដើម្បីចាប់យកឱកាសផ្សព្វផ្សាយ ទាក់ទាញ និងជជែកជាមួយភាគីវិនិយោគបរទេស រហូតឈានដល់ការចុះអនុស្សរណៈយោគយល់គ្នាជាមួយវិស័យឯកជននៅក្រៅប្រទេសផងដែរ៕