តើការចោទប្រកាន់ថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត មិនអាចដំណើរការបាន ជារឿងពិតឬទេ?
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កន្លងមក មានស្រ្តីមួយរូបនៅកូរ៉េ បានរិះគន់ថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ធ្វើឱ្យខាតបង់លុយ អត់ប្រយោជន៍ ដែលការលើកឡើងនេះ ប្រាសចាកពីការពិតទាំងស្រុង។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសម្ពោធកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត គឺជាសក្ខីភាពបញ្ជាក់ច្បាស់ថា រាជរដ្ឋាភិបាល មិនបានបោះបង់ចោលនោះឡើយ ព្រមទាំងកសាងអភិវឌ្ឍដោយស្ងៀមស្ងាត់ថែមទៀតផង។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បើរវល់តែឆ្លើយតបទៅលើការវាយប្រហារដោយគ្មានមូលដ្ឋាន របស់ក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេសនោះ គឺមិនអាចដើរទៅដល់គោលដៅទេ ប៉ុន្ដែយើងត្រូវខិតខំបន្តធ្វើ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា ការចោទប្រកាន់ខុសពីការពិតរបស់ស្រ្តីនៅកូរ៉េនោះព្រោះតែចង់បានល្បីឈ្មោះ គឺចុងក្រោយធ្វើឱ្យខ្លួនឯងបាត់បង់ឥទ្ធិពលទៅវិញទេ ព្រោះថា សមិទ្ធផលកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត បាននិងកំពុងដំណើរការជាក់ស្តែងរួចទៅហើយ៕