រដ្ឋមន្ត្រីក្រសួងការពារជាតិ អះអាងថា កម្ពុជាមិនបានបើកកិច្ចសន្ទនាណាមួយជាមួយភាគីថៃទាំងផ្លូវការ ឬក្រៅផ្លូវការនោះឡើយ ចាប់តាំងពីជំនួបកាលពីថ្ងៃទី៥ ខែមិថុនា កន្លងមក

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ តាមរយៈបណ្តាញសង្គមនៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា បន្ទាប់ពីស្ដាប់នូវកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន របស់ ឯកឧត្តម ណាត់ថាផន ណាក់ផានិក អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ កាលពីថ្ងៃទី២ កក្កដា ២០២៥ រួចមក ឯកឧត្តមសូមបញ្ជាក់ជូនថាជនរួមជាតិថា៖
ទី១. ក្នុងនាមរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា គឺឯកឧត្តម មិនបានបើកកិច្ចសន្ទនាណាមួយជាមួយភាគីថៃទាំងផ្លូវការ ឬក្រៅផ្លូវការ ចាប់តាំងពីកិច្ចជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ភូមិថាំ នៅឯខេត្តស្រះកែវ ប្រទេសថៃ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នោះឡើយ។ ក្នុងនាមរដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏ដូចជាកងយោធពលខេមរភូមិន្ទ គឺបានគោរពតាមបទបញ្ជារបស់ សម្តេចនាយករដ្ឋមន្ត្រី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។
ទី២. ឯកឧត្តមសូមអរគុណដល់ការលើកឡើងរបស់អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ពាក់ព័ន្ធនឹងការគោរពសិទ្ធិគ្នាទៅវិញទៅមក ក៏ដូចជាការដឹងសុខទុក្ខរបស់ប្រជាជនកម្ពុជា និងប្រជាជនថៃ ដែលអាស្រ័យផលទៅលើច្រកព្រំដែនកម្ពុជា-ថៃ។
ឯកឧត្តម ទៀ សីហា ក៏បានបញ្ជាក់សារជាថ្មីម្ដងទៀតថា មិនមែនកម្ពុជាជាអ្នកបិទច្រកព្រំដែននោះទេ គឺកងទ័ពថៃជាអ្នកបិទច្រក ឬកែសម្រួលពេលវេលានៃការបិទច្រកព្រំដែនដោយឯកតោភាគី។ អាស្រ័យហេតុនេះ គឺមានតែភាគីថៃ ឬកងទ័ពថៃតែប៉ុណ្ណោះ ដែលអាចដោះស្រាយបញ្ហានេះដោយខ្លួនឯង និងមិនចាំបាច់ចរចាជាមួយភាគីកម្ពុជាឡើយ។ កូនសោគឺស្ថិតលើដៃរបស់កងទ័ពថៃតែមួយគត់៕