កម្ពុជា-ឥណ្ឌា ប្ដេជ្ញាបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត

នារសៀល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Pabitra Margherita អនុរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។
ក្នុងឱកាសនៃជំនួប, ឯកឧត្តម អនុរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចបវរធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសមនិងបានបង្ហាញអំពីក្តីសប្បាយរីករាយ ដែលបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាឱកាសនេះ។ ឯកឧត្តម អនុរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយបានគូសបញ្ជាក់អំពីចំណងមិត្តភាពជាប្រពៃណី និងយូរអង្វែង ឥណ្ឌា-កម្ពុជា និងបានបង្ហាញអំពីការប្ដេជ្ញាចិត្តបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត។
ការឆ្លើយតប, សម្តេចបវរធិបតី បានស្វាគមន៍ ឯកឧត្តម អនុរដ្ឋមន្រ្តី និងគណៈប្រតិភូ ដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ។ សម្តេចបវរធិបតី បានសម្តែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អ លើវិស័យជាច្រើន នាពេលកន្លងមក។ សម្តេចបវរធិបតី ក៏បានគូសបញ្ជាក់ថា ប្រទេសទាំងពីរនៅមានវិស័យសក្ដានុពលជាច្រើន ទៀត សម្រាប់កិច្ចសហប្រតិបត្តិការ ហើយកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច នៅក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយសាធារណរដ្ឋឥណ្ឌា។
សម្តេចបវរធិបតី និងឯកឧត្តម អនុរដ្ឋមន្រ្តី ក៏បានពិភាក្សា និងឯកភាពគ្នានៅក្នុងការបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសំខាន់ៗ មានជាអាទិ៍៖ វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ, ហិរញ្ញវត្ថុ, សន្តិសុខ និងការពារជាតិ, វប្បធម៌, អប់រំ, សុខាភិបាល, ទេសចរណ៍, ការតភ្ជាប់វិស័យអាកាសចរណ៍, និងវាយនភណ្ឌ ឱ្យកាន់តែរីកចម្រើន បន្ថែមទៀត។