Khmer First Close

តើឯកឧត្ដម កើត រិទ្ធ បញ្ជាក់ហេតុផលអ្វីខ្លះឆ្លើយតបការបំភ្លៃការពិតរបស់ក្រុមជ្រុលនិយមដែលមិនយល់ច្បាស់ពីច្បាប់ដកសញ្ជាតិ?

ដោយ៖ សម្បត្តិ កិត្យា ​​ | 12 ម៉ោងមុន ព័ត៌មានជាតិ 157
តើឯកឧត្ដម កើត រិទ្ធ បញ្ជាក់ហេតុផលអ្វីខ្លះឆ្លើយតបការបំភ្លៃការពិតរបស់ក្រុមជ្រុលនិយមដែលមិនយល់ច្បាស់ពីច្បាប់ដកសញ្ជាតិ? តើឯកឧត្ដម កើត រិទ្ធ បញ្ជាក់ហេតុផលអ្វីខ្លះឆ្លើយតបការបំភ្លៃការពិតរបស់ក្រុមជ្រុលនិយមដែលមិនយល់ច្បាស់ពីច្បាប់ដកសញ្ជាតិ?

ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដី កើត រិទ្ធ រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ បានពន្យល់ ក៏ដូចជាឆ្លើយតបចំពោះការបំភ្លៃការពិតរបស់ក្រុមជ្រុលនិយមមួយចំនួនដែលមិនបានយល់ច្បាស់ពីច្បាប់ដកសញ្ជាតិ ដែលថាច្បាប់ដកសញ្ជាតិនេះធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរច្រើនណាស់ និងថា ការធ្វើវិសោធនកម្មច្បាប់នេះ គឺជាអំពើប្រល័យពូជសាសន៍។

ក្នុងសន្និសីទព័ត៌មានក្រោយសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានថ្លែងបញ្ជាក់ថា ការលើកឡើងបែបនេះ គឺជាការបំភ្លៃការពិត ជាការបំភាន់សាធារណៈមតិជាតិ និងអន្ដរជាតិ។

ឯកឧត្ដមចោទសួរថា ប្រសិនបើច្បាប់នេះប៉ះពាល់ផលប្រយោជន៍ប្រជាពលរដ្ឋច្រើន ចឹងមានតែប្រជាពលរដ្ឋខ្មែរច្រើនណាស់ ដែលក្បត់ជាតិ? ប៉ុន្ដែផ្ទុយមកវិញ ប្រជាពលរដ្ឋខ្មែរដ៏ច្រើនលើសលប់ស្រឡាញ់ជាតិ ស្នេហាជាតិ ស្មោះត្រង់នឹងជាតិ និងមានភាគតិចបំផុតដែលក្បត់ជាតិ។

ឯកឧត្ដម បានបន្ថែមថា ចំពោះការលើកឡើងថា ការធ្វើវិសោធនកម្មច្បាប់នេះ គឺជាអំពើប្រល័យពូជសាសន៍ គឺជាការលើកឡើងដែលគ្មានការយល់ដឹងអ្វីទាល់តែសោះ។ ប្រសិនបើច្បាប់នេះជាអំពើប្រល័យពូជសាសន៍ ចុះប្រទេស១៥០នៅលើពិភពលោកដែលមានច្បាប់ដកសញ្ជាតិ តើប្រទេសទាំងនោះសុទ្ធតែមានអំពើប្រល័យពូជសាសន៍ ឬយ៉ាងណា?

ឯកឧត្ដម សង្កត់ធ្ងន់ថា ការធ្វើវិសោធនកម្មច្បាប់នេះ មិនមានជាការប្រព្រឹត្ដិអំពើប្រល័យពូជសាសន៍នោះទេ ប៉ុន្ដែគឺជាការលើកកម្ពស់ជាតិសាសន៍ទៅវិញ តាមរយៈការបន្សុតនូវទឹកចិត្ដស្នេហាជាតិរបស់ប្រជាពលរដ្ឋខ្មែរចំពោះជាតិមាតុភូមិ និងប្រជាជនរបស់ខ្លួន។

ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដី កើត រិទ្ធ ចាត់ទុកថា ការបំភ្លៃការពិតរបស់ក្រុមជ្រុលនិយមមួយចំនួន គឺជាការបំភ្លៃ បំភាន់ និងបំភ័យប្រជាជនដែលខ្លាចបាត់សញ្ជាតិ។ ច្បាប់នេះមិនមានគោលដៅធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលស្មោះត្រង់ ស្រឡាញ់ជាតិ ស្នេហាជាតិនោះទេ៕

អត្ថបទទាក់ទង