តើការដកសញ្ជាតិត្រូវធ្វើក្នុងលក្ខខណ្ឌដូចម្តេច ហើយត្រូវអនុវត្តក្នុងវិធីបែបណា?
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងយកការទទួលខុសត្រូវក្នុងការធ្វើវិសោធនកម្មច្បាប់ស្តីពីការដកសញ្ជាតិ និងលិខិតបទដ្ឋានគតិយុត្តិនានាដែលមានការពាក់ព័ន្ធនាពេលខាងមុខ ដោយធានាថា ច្បាប់នេះនឹងបម្រើឱ្យឧត្តមប្រយោជន៍របស់ជាតិ ព្រមទាំងធានាបាននូវនិយាម និងស្តង់ដារអនុវត្តន៍ស្របបទដ្ឋានអន្តរជាតិ។
នៅក្នុង «សម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញា ស្តីពី វិសោធនកម្មមាត្រ៣៣ នៃរដ្ឋធម្មនុញ្ញា នៃព្រះរាជាណាចក្រកម្ពុជា» នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម កើត រិទ្ធ បានឆ្លើយតបទៅនឹងការលើកឡើងមួយចំនួនដែលមានចរិតបំភ្លៃ និងបំភាន់ការពិតដើម្បីបម្រើឱ្យរបៀបវារៈនយោបាយទុច្ចរិតរបស់ខ្លួន។
ឯកឧត្តមបានឆ្លើយតបថា ការរៀបចំឲ្យមានក្របខណ្ឌច្បាប់ដើម្បីអនុញ្ញាតឲ្យមានការដកសញ្ជាតិនេះ ទាំងក្នុងច្បាប់បរទេសទាំងក្នុងច្បាប់កម្ពុជា គឺមិនមែនជាអំពើប្រល័យពូជសាសន៍នោះទេ គឺធ្វើឡើងក្នុងគោលបំណងដើម្បីការពាររដ្ឋ បម្រើប្រជាពលរដ្ឋដើម្បីក្រើនរំលឹកជាប្រចាំដល់ប្រជាពលរដ្ឋខ្មែរឲ្យមានទឹកចិត្តស្នេហាជាតិឲ្យបានរឹងមាំនិងភក្ដីភាពឥតងាករេ ចំពោះជាតិនិងប្រជាជនរបស់ខ្លួន។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចោទជាសំណួរថា ប្រសិនបើការដកសញ្ជាតិជាអំពើប្រល័យពូជសាសន៍ ដូច្នេះប្រទេសជាង ១៥០ នៅលើពិភពលោកសុទ្ធតែប្រទេសប្រព្រឹត្តអំពើប្រល័យពូជសាសន៍ឬយ៉ាងណា?
ឯកឧត្តម កើត រិទ្ធ បានគូសបញ្ជាក់ថា ការដកសញ្ជាតិខ្មែរនេះគឺអនុវត្តន៍លើពលរដ្ឋខ្មែរណាដែលឃុបឃិតជាមួយបរទេសប្រព្រឹត្តិអំពើក្បត់ជាតិឯង ឬធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិ សេចក្តីសុខសាន្តរបស់ប្រជាជន និងឧត្តមប្រយោជន៍របស់ប្រទេសជាតិតែប៉ុណ្ណោះ៕