រដ្ឋសភាបារំាង អបអរសាទរកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ
ប្រធានរដ្ឋសភាបារំាង លោកស្រី យ៉ាឯល ប្រូន-ពីវេ (Yaël Braun-Pivet) បានវាយតម្លៃខ្ពស់ និងចូលរួមអបអរសាទរចំពោះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តីនៃប្រទេសទំាងពីរ កាលពីថ្ងៃទី២៦ ខែតុលា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅប្រទេសម៉ាឡេស៊ី ក្រោមវត្តមាន និងធ្វើជាសាក្សីដោយប្រធានអាស៊ាន និងប្រធានាធិបតីសហរដ្ឋអាមេរិក។
ការអបអរសាទររបស់ប្រធានរដ្ឋសភាបារំាងនេះ ធ្វើឡើងនៅក្នុងឱកាសលោកស្រីបានជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ក្នុងពេលប្រធានរដ្ឋសភាកម្ពុជាអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាចូលរួមវេទិកាសន្តិភាពប៉ារីសលើកទី៨ នៅទីក្រុងប៉ារីស ប្រទេសបារំាង៕






